ភ្នំពេញ៖ គ្រឿង​អលង្ការ​ច្នៃ​ពី​សម្បក​គ្រាប់​កាំភ្លើង​ត្រូវ​បាន​លក់​នៅ​សហគ្រាស​សង្គម អាំម៉ូ (Ammo) ដែល​មាន​ស្ត្រី​ជនជាតិ​អង់គ្លេស ម៉េតដែលីន ​ហ្គ្រីន (Madeline Green) ជា​ស្ថាបនិក​តាមរយៈ​ការ​បំផុសគំនិត​ពី​ប្រវត្តិសាស្ត្រ​ការច្នៃ​គ្រាប់​កាំភ្លើង​របស់​ខ្មែរ។ អ្នកស្រី​បាន​បើក​បណ្ដុះបណ្ដាល​សិប្បករ​នៅ​សៀមរាប និង​ជំរុញ​ឱ្យ​ពួក​គេ​បើក​អាជីវកម្ម​ខ្លួន​ឯង​ផង​ដែរ។

អ្នកស្រី ម៉េតដែលីន បាន​រំឭក​ប្រាប់​ថា តាម​ពិត​ដើម​ឡើយ​ប្រជាជន​ខ្មែរ​ជា​អ្នក​ផ្ដើម​យក​គ្រឿង​យុទ្ធភណ្ឌ​មក​ច្នៃ​ចេញ​ជា​ឧបករណ៍​ធ្វើ​ស្រែ​ចម្ការ​ដូចជា ត្រដោក ខ្វាវ ដែល​សេសសល់​ពាសវាល​ពាសកាល​ក្រោយ​ភ្លើង​សង្គ្រាម។

ក្រោយ​មក ស្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​ជំរំ​ជនភៀស​ខ្លួន និង​មាន​ជំនាញ​ច្នៃ​គ្រឿង​អលង្ការ បាន​មើល​ឃើញ​ពី​តម្លៃ​គ្រឿង​អលង្ការ​ច្នៃ​ពី​គ្រាប់​កាំភ្លើង រហូត​ដល់​មាន​មាន​ការ​រៀន​តៗ​គ្នា។

ដើម​ចម​ដែល​អ្នកស្រី​មក​នៅ​កម្ពុជា​រយៈពេល​ជាង ៨ ឆ្នាំ​ហើយ ​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ ត្រូវ​បាន ម៉េតដែលីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ថា៖ «ដំបូង​ខ្ញុំ​មក​កម្ពុជា​គ្រាន់តែ​ជា​ភ្ញៀវ​ទេសចរ​ម្នាក់។ ខ្ញុំ​បាន​បោះបង់​អាជីព​ជា​អ្នក​ច្នៃ​គ្រឿង​អលង្ការ ដែល​ខ្ញុំ​ធ្វើជា​ច្រើន​ឆ្នាំ​នៅ​អង់គ្លេស ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​មិន​មាន​គំនិត​ច្នៃប្រឌិត»។

អ្នក​ច្នៃ​ម៉ូដ​ធ្លាប់​បោះបង់​ជំនាញ​ចោល​រូប​នេះ​បាន​បន្ត​ថា៖ «តែ​ពេល​មក​ដល់​ទីនេះ (កម្ពុជា) អ្វីៗ​ស្រាប់​តែ​ត្រឡប់​មក​វិញ។ ខ្ញុំ​ទទួល​បាន​អារម្មណ៍​ដូចជា​ផ្នែក​មួយ​នៃ​សហគមន៍។ ឃើញ​អ្នក​នៅ​ទីនេះ​តែងតែ​បើក​ចិត្ត​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ថ្មី»។

អាំម៉ូ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១៤-២០១៥ ក្នុង​បំណង​បណ្តុះបណ្តាល​ជំនាញ​ផលិត​គ្រឿង​អលង្ការ​ដល់​ស្ត្រី និង​បុរស​ដែល​ជួប​ការ​លំបាក ឬ​មាន​ពិការភាព​នៅ​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ពួក​គេ​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​រៀន​ចេះ។

ប៉ុន្តែ​ពេល​អ្នកស្រី​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​កាល​ពី​ឆ្នាំ ២០២០ ចំពេល​ជំងឺ​កូវីដ​ផ្ដើម​រាត​ត្បាត​ពិភព​លោក សកម្មភាព​អាជីវកម្ម​អលង្ការ​ច្នៃ​ពី​គ្រាប់​កាំភ្លើង​ភាគ​ច្រើន ដំណើរការ​លើ​អនឡាញ ជាមួយ​គោលដៅ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​លើក​កម្ពស់​ស្ត្រី។

អ្នកស្រី ម៉េតដែលីន ស្ថាបនិក​សហគ្រាសសង្គម អាំម៉ូ ដែល​បន្ត​លើកតម្កើង​ស្ត្រីឱ្យ​បង្កើត​អាជីវកម្ម​ខ្លួន​ឯ​ង។ រូបថត សហ​ការី

ជាក់​ស្ដែង​កញ្ញា ថន ចន្ទ្រា បាន​ផ្ដើម​អាជីព​ច្នៃ​ម៉ូដ ក្រោយ​ពី​បាន​បម្រើការ​ជា​អ្នក​លក់​ឱ្យ អាំម៉ូ។ កញ្ញា​ក៏​បាន​ទទួល​ការ​បង្រៀន​រហូត​ដល់​មាន​ជំនាញ​បើក​អាជីវកម្ម​ខ្លួន​ឯង​បន្ថែម​ពី​លើ​តំណែង​អ្នក​គ្រប់គ្រង​នៅ អាំម៉ូ។

កញ្ញា​បាន​ប្រាប់​ថា៖ «ដំបូង​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ជួយ​លក់​អីវ៉ាន់​ឱ្យ​គាត់ តាម​កម្មវិធី​នានា និង​តាម​សណ្ឋាគារ។ ក្រោយ​មកៗ​បាន​ការ​បណ្ដុះបណ្ដាល​ពី ម៉េតដែលីន ហើយ​គួប​ផ្សំ​ខ្ញុំ​ចូលចិត្ត​ឌីហ្សាញ​គូរ​រូប​គ្រឿង​អលង្ការ​ស្រាប់​ដែរ ខ្ញុំ​ក៏​សាកល្បង​ឌីហ្សាញ​ម៉ូដ​ដោយ​ខ្លួន​ឯង​កាល​ពី​ចុង​ឆ្នាំ ២០២០ ដោយ​មាន​ប្អូន​ប្រុស​ដែល​ធ្វើ​ជា​ជាង​ទង​នៅ អាំម៉ូ ជាមួយ​គ្នា​ជា​អ្នក​ធ្វើ​ឱ្យ»។

បុគ្គលិក​លក់​វិវឌ្ឍ​ខ្លួន​ជា​អ្នក​ច្នៃ​ម៉ូដ​អលង្ការ​ពី​សម្បក​គ្រាប់​កាំភ្លើង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ម៉េតដែលីន និង​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ដែល​ខ្ញុំ​ចូលរួម​ការ​តាំងពិព័រណ៍​ផលិតផល​សៀមរាប​នៅ​ភ្នំពេញ​រយៈពេល ៣ ថ្ងៃ ​កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ​នេះ។ អតិថិជន​សរសើរ​ថា ជា​ម៉ូដ​ប្លែក​ស្អាត​ហើយ​ខ្ញុំ​លក់​បាន​ជាង ១ ពាន់​ដុល្លារ​ជាមួយ និង​អីវ៉ាន់ អាំម៉ូ តែ​របស់​ខ្ញុំ​លក់​បាន​ច្រើន​ជាង​ទៅ​ទៀត»។

គ្រឿង​អលង្ការ​របស់ ចន្ទ្រា ដែល​កញ្ញា​ឱ្យ​ឈ្មោះ​ថា «ច័ន្ទ​អលង្ការ» រួម​មាន​ទាំង​ចិញ្ចៀន ខ្សែក កងដៃ និង​ក្រវិល។ អលង្ការ​ភាគ​ច្រើន​រំលេច​រាង​ធរណីមាត្រ និង​រាង​បន្ទាត់​ត្រង់ៗ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ស្ពាន់ និង​សរសៃ​ស្ពាន់​ស្រោប​មាស មាន​សភាព​ភ្លឺ​ចាំង​បន្ថែម​លើ​ទម្រង់​ដ៏​ស្អាត​ប្លែក​ភ្នែក។

ថ្មីៗ​នេះ អាំម៉ូ និង ចន្ទ្រា ទើបតែ​ទទួល​រង្វាន់​ពី​អង្គការ Nomi Network ចំនួន ៣ ពាន់​ដុល្លារ ក្រោយ​ពី​កញ្ញា​បាន​ស្នើ​ផែនការ​ការងារ​នៅ​ក្នុង​កម្មវិធី​គាំទ្រ​ស្ត្រី ដែល​មាន​គំនិត​ច្នៃប្រឌិត និង​ចាប់​ផ្ដើម​អាជីវកម្ម​ខ្លួន​ឯង។

គ្រឿងអលង្ការ​ច្នៃពីគ្រាប់កាំភ្លើង​មានលក់នៅសហគ្រាសសង្គម អាំម៉ូ។ រូបថត សហ​ការី

កញ្ញា​វ័យ ៣០ ឆ្នាំ​រូប​នេះ​ប្រាប់​ថា៖ «មូលនិធិ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​នឹង​ធ្វើ​ការ​បណ្ដុះបណ្ដាល សហគ្រិន​ស្ត្រី ៥ នាក់​ផ្សេង​ទៀត និង​សម្រាប់​ការ​ទិញ​កុំព្យូទ័រ​បង្រៀន​ពី​ឌីជីថល ដើម្បី​ជួយ​សមាជិក​ក្រុម​បើក​ដំណើរ​ការ​លក់​គ្រឿង​អលង្ការ​តាម​អនឡាញ»។

ប្រៀប​ដូចជា​ម្ដាយ​មាន​មោទនភាព​លើ​កូន អ្នកស្រី ម៉េតដែលីន បាន​បង្ហាញ​ពី​អារម្មណ៍​ដែល​ឃើញ ចន្ទ្រា មាន​ជំហរ​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ថា៖ «ស្ត្រី​ដូចជា ចន្ទ្រា មាន​ភាព​ច្នៃ​ប្រឌិត​ខ្លាំង ជា​ធនធាន​ដ៏​ល្អ និង​មាន​ប្តេជ្ញា​ចិត្ត​ខ្ពស់។ ទាំង​នេះ ​គឺ​ជា​គុណសម្បត្តិ​ដែល​អាច​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ស្ថានភាព​លំបាក​នៃ​ជំងឺ និង​ជា​គំរូ​ដល់​ស្ត្រី​ដទៃ​ទៀត»។

អលង្ការ អាំម៉ូ និង ច័ន្ទ​អលង្ការ មាន​ចាប់​ពី ១៨ ដុល្លារ អាស្រ័យ​លើ​លោហធាតុ មាស ស្ពាន់ ឬ​ក៏​ថ្ម។ ទំព័រ​ហ្វេសប៊ុក @ammojewellery និង @chanalanka៕