ភ្នំពេញ៖ បទពិសោធ​ធ្វើ​ដំណើរ និង​បម្រើការ​តាម​បណ្ដា​ប្រទេស​ជាច្រើន អ្នក​ជំនាញ​ត្បូង និង​រចនា​គ្រឿង​អលង្ការ​ជនជាតិ​បារាំង កញ្ញា អេលីស វីរីនី (Alice Varini) បាន​បើក​ហាង​អលង្ការ​ផ្ទាល់​ខ្លួន ដោយ​ផ្ដោត​លើ​ការ​ជ្រើសរើស​ទាំង​វត្ថុ​ធាតុដើម ជាងទង និង​ការ​ផលិត​ក្នុង​ស្រុក​ទាំង​អស់។

កញ្ញា អេលីស បាន​លើក​ឡើង​ថា៖ «ខ្ញុំ​អាច​ចំណេញ​បាន​ច្រើន​ដោយ​ការ​នាំយក​គ្រឿង​អលង្ការ​ធ្វើ​រួច​ស្រេច​ពី​ប្រទេស​ថៃ និង​ចិន ប៉ុន្តែ​តើ​ធ្វើ​អ៊ីចឹង​មាន​គុណ​តម្លៃ​អី? ខ្ញុំ​ជឿ​លើ​ចង្វាក់​ផលិតកម្ម​ក្បែរ​ខ្លួន និង​សិប្បកម្ម​ធ្វើ​ដោយ​ដៃ ហើយ​នេះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ។ ដូច្នេះ​ហើយ​ទើប​គ្រឿង​អលង្ការ​របស់​យើង​ទាំង​អស់​សុទ្ធតែ​មាន​ភាព​ពិសេស​ខុសៗ​គ្នា ព្រោះ​យើង​អត់​ចង់​កំណត់​ស្ដង់ដា​ត្បូង​កម្ពុជា​នោះទេ»។

អ្នក​ជំនាញ​ត្បូង និង​រចនា​គ្រឿង​អលង្ការ​ជនជាតិ​បារាំង​បន្ត​ទៀត​ថា៖ «រតនសម្បត្តិ​នៅ​កម្ពុជា​ពិត​ជា​ស្អាត ហើយ​អ្នក​ផ្គត់ផ្គង់​ត្បូង​ឱ្យ​ខ្ញុំ ពួក​គេ​ជាវ​ផ្ទាល់​ពី​គ្រួសារ​ដែល​ប្រកប​របរ​រុករក និង​ច្នៃត្បូង​ដោយ​ផ្ទាល់»។

ស្ថិតនៅ​កន្លែង​ហាង Alice Varini Jewelry លើ​ដង​វិថី ២៤០ ចិញ្ចៀន​ត្បូង​ខៀវ​រតនគិរី​រាង​ពងក្រពើ​ពណ៌​ផ្ទៃមេឃ​តូច​ល្មម​ត្រូវបាន​ច្នៃ​ដាក់​អម​សង​ខាង​ត្បូង​រូបរាង​ពី​ធម្មជាតិ ដោយ​ប្រើប្រាស់​ក្រចាប់​មាស រំលេច​នូវ​លក្ខណៈ​សាមញ្ញ តែ​ទំនើប​ទាន់​សម័យ។

ចិញ្ចៀន ១ វង់​នេះ ​ត្រូវ​បាន​ច្នៃ​ម៉ូដ​ដោយ កញ្ញា អេលីស ដែល​នាង​បាន​ដាក់​ឈ្មោះ​វា​ថា លីសា (Lisa) ដែល​គ្រាន់តែ​ជា​ម៉ូដ ១ ក្នុង​ចំណោម​ម៉ូដ​ស្រស់ស្អាត​ជាង ៥០ ទៅ ៦០ ម៉ូដ​ទៀត ដែល​សុទ្ធតែ​ធ្វើ​ពី​ដៃ​ផ្ទាល់​ក្នុង​បន្ទប់​តាំង​បង្ហាញ​របស់ អេលីស។

កញ្ញា អេលីស បានសិក្សារយៈពេល ៨ ​ឆ្នាំលើ​​​ជំនាញ​ផ្នែកត្បូង​ និង​រចនាម៉ូដ​​អលង្ការ​នៅទីក្រុង​ប៉ារីស​។ រូបថត សហ​ការី

មុន​នឹង​ឈាន​ដល់​ការ​បើកហាង​អលង្ការ​ផ្ទាល់​ខ្លួន កញ្ញា អេលីស បាន​មក​កាន់​ទឹកដី​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ ២០១៤ ដោយ​បម្រើ​ការ​ជួយ​សិប្បករ​ខ្មែរ​ច្នៃ​គ្រឿង​អលង្ការ ធ្វើ​សិក្ខាសាលា និង​ស្វែងរក​ទីផ្សារ​នៅ​សៀមរាប។

កញ្ញា​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ Artisans Angkor នៅ​សៀមរាប​រយៈពេល ៣ ឆ្នាំ។ បន្ទាប់​ពី​នោះ​ដោយ​ឃើញ​ថា​ក្រុមហ៊ុន​អាច​ដំណើរការ​ទៅ​បាន​ល្អ​ហើយ​សិប្បករ​ក៏​អាច​ច្នៃ​ម៉ូដ​បាន​ពូកែ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឈប់ ​ព្រោះ​ខ្ញុំ​ចង់​ទៅ​ធ្វើ​អ្វី​ដែល​អាច​ឱ្យ​ខ្ញុំ​រៀន​អ្វី​ថ្មី​បន្ថែម»។

កញ្ញា​ដែល​បាន​ចំណាយ​ពេល ៨ ឆ្នាំ ក្នុង​ការ​បញ្ចប់​ការ​សិក្សារ​ពី​ផ្នែក​ត្បូង និង​រចនា​ម៉ូដ​គ្រឿង​អលង្ការ​នៅ​ទីក្រុង​ប៉ារីស​នៃ Haute Ecole de Joaillerie និង National institute of Gemology បាន​សម្រេច​ក្ដី​សុបិន​បើក​បន្ទប់​ដាក់​តាំង​បង្ហាញ​គ្រឿង​អលង្ការ Alice Varini Jewelry រួចរាល់​នៅ​ខែ​វិច្ឆិកា ឆ្នាំមុន។

នៅ​ទីនោះ​មាន​ត្បូង​ចម្រុះ​រួម​មាន​ពណ៌​ខៀវ ពណ៌​បៃតង ក្រហម លឿង ស្វាយ ដាំ​រចនា​នៅ​លើ​ចិញ្ចៀន កងដៃ ក្រវិល និង​ខ្សែក ដ៏​ស្អាត​ប្លែក​ភ្នែក។

កញ្ញា​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា នាង​យក​វា​មក​ពី​ខេត្ត​ផ្សេងៗ​នៅ​កម្ពុជា​ដូចជា ខេត្ត​រតនគិរី មណ្ឌលគិរី ពេល​ចុះ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ។ ត្បូង​ខ្លះ​ត្រូវ​បាន​ទិញ​ពី​អ្នក​ជិតដិត​នៅ​ភ្នំពេញ ដែល​កញ្ញា​អាច​ទុកចិត្ត​ថា ​ជា​ត្បូង​ក្នុង​ស្រុក​ពិត​ប្រាកដ។

អលង្ការ​របស់​កញ្ញា អេលីស ទាក់ទាញ​អតិថិជន​គ្រប់​ជាតិ​សាសន៍​មាន​ទាំង​បារាំង រុស្ស៊ី អូស្ត្រាលី អាមេរិក និង​បណ្ដា​ប្រទេស​ដទៃទៀត។

ត្បូង​ និង​គ្រឿង​អលង្ការ​នីមួយៗ​មាន​ភាព​ពិសេស​​ខុសៗគ្នា​​។ រូបថត សហ​ការី

អ្នក​ជំនាញ​មើល​ត្បូង និង​ច្នៃ​គ្រឿង​អលង្ការ​រូប​នេះ បាន​បញ្ជាក់​ថា៖ «រាល់​ម៉ូដ​ដែល​ខ្ញុំ​ចេញ​មក ​គឺ​មាន​ចំនួន​កំណត់​យ៉ាង​ច្រើន​មាន​តែ ៥ ទៅ ១០ ម៉ូដ​ប៉ុណ្ណោះ ហើយ​បើ​ទោះ​អតិថិជន​ចង់​បាន​ម៉ូដ​តែមួយ ក៏​ខ្ញុំ​ច្នៃ​យ៉ាងណា​ឱ្យ​វា​មាន​លក្ខណ​ពិសេស​បែប​វា ព្រោះ​មនុស្ស​យើង​មាន​ភាព​ពិសេស​ខុស​គ្នា ខ្ញុំ​ក៏​ចង់​ឱ្យ​គ្រឿង​អលង្ការ​របស់​ខ្ញុំ​ពិសេស​ដូច​គ្នា​ដែរ។ ខ្ញុំ​ចង់ឱ្យ​គ្រឿង​អលង្ការ ១ សម្រាប់​តែ​មនុស្ស​ម្នាក់»។

គ្រឿង​អលង្ការ​ដែល​កញ្ញា​លក់​ដាច់​ជាង​គេ ​គឺ​ចិញ្ចៀន ហើយ​កញ្ញា​បាន​ឱ្យ​ដឹង​ថា ម៉ូដ​ដែល​លក់​ដាច់​បំផុត​នោះ ​គឺ​ម៉ូដ លីសា បុប្ផា និង អាដាណា។ ចិញ្ចៀន​ទាំង ៣ វង់​ធ្វើ​មក​ពី​ត្បូង​ខៀវ​រតនគិរី​តែ​វា​មាន​ម៉ូដ​ខុសៗ​គ្នា។

គ្រឿង​អលង្ការ​របស់ Alice Varini Jewelry មាន​តម្លៃ​ពី ១៥ ដុល្លារ ​ទៅ ៥០០ ដុល្លារ។ យូរៗ​ម្ដង កញ្ញា​ក៏​មាន​ធ្វើ​គ្រឿង​អលង្ការ​តម្លៃ​ពី ៣ ០០០ ទៅ ៥ ០០០ ដុល្លារ​ផង​ដែរ។

ទន្ទឹម​នឹង​ដំណើរការ​ល្អ​មាន​ភ្ញៀវ​ចម្រុះ​សាសន៍​ពេញ​ចិត្ត​គាំទ្រ​ទឹកដៃ កញ្ញា​បាន​បន្ត​ថា កញ្ញា​ចង់​មាន​ពេលវេលា​ច្រើន​សម្រាប់​អភិវឌ្ឍ​ខ្លួន។

កញ្ញា អេលីស ប្រាប់​ថា៖ «ខ្ញុំ​ចង់​មាន​ពេល​ច្នៃប្រឌិត បន្ថែម​ទៅ​លើ​គ្រឿង​អលង្ការ​ទាំង​ម៉ូដ និង​ការ​អភិវឌ្ឍ​គុណភាព។ ខ្ញុំ​ក៏​គិត​ថា ចង់​មាន​ជំនួយ​ការ​ម្នាក់​មក​ជួយ​ការងារ និង​ស្វែងរក​ទំនាក់​ទំនង​ជាមួយ​ទីផ្សារ​បាន​កាន់​តែ​ប្រសើរ»។

នៅ​ថ្ងៃ ២៥ មេសា ខាង​មុខ អេលីស និង​រៀបចំ​សិក្ខាសាលា​ចំនួន ២ វគ្គ​គឺ១. ការ​រៀន​យល់​ដឹង​ពី​ត្បូង​នៅ​កម្ពុជា និង​របៀប​មើល​ត្បូង​ពិត និង​ត្បូង​មិន​ពិត និង ២.ការ​រៀន​ច្នៃ​គ្រឿង​អលង្ការ​ដោយ​ខ្លួនឯង។

កញ្ញា​ប្រាប់​ពី​ទឹកចិត្ត​ស្រឡាញ់​ត្បូង​នៅ​កម្ពុជា​ដូច្នេះ​ថា៖ «នៅ​កម្ពុជា​មាន​ត្បូង​ស្អាត និង​កម្រ​ច្រើន​ណាស់​ដូចជា​ត្បូង​ដែល​មាន​តែ​នៅ​កម្ពុជា​នោះ ​គឺ​ត្បូង​រតនគិរី​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត។ មនុស្ស​មួយ​ចំនួន​អាច​នឹង​មិន​បាន​ស្គាល់​ទេ។ ដូច្នេះ​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​មក​លេង​ខ្ញុំ​បាន»។

ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ​ហ្វេសប៊ុក @alicevarinijewelry៕