ភ្នំពេញៈ ទោះបី​លោកតា សំរិត អ៊ុន ស្ថិត​ក្នុង​វ័យ ៨៧ ​ឆ្នាំ​មែន​ក្តី តែ​កម្លាំង​ពលំ​នៅ​មាំមួន មិន​ចាញ់​ក្មេង​ឡើយ ដោយ​គាត់​អាច​ធាក់​កង់​ដ៏សំណព្វចិត្ត​ដឹក​ស្បែកជើង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ខេត្ត​តាកែវ​មក​រាជធានី​ភ្នំពេញ ដើម្បី​មក​លក់​ឲ្យ​ភ្ញៀវ​សឹងតែ​រាល់​ថ្ងៃ​។

កាន់តែ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ​លោកតា សំរិត អ៊ុន មាន​ប្រវត្តិ​គួរ​ចាប់អារម្មណ៍​រឿង​មាន​ប្រពន្ធ​ ២ និង​កូនប្រុស​ស្រី​ចំនួន ១៧ ​នាក់ ខណៈ​ចំនួន​ចៅ​វិញ​ជិត ៦០ ​នាក់ ឯណោះ​ហើយ​បច្ចុប្បន្ន​នេះ​រស់នៅ​ក្នុង​ភូមិ​អង្គតានូ ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជុំ​នឹង​ប្រពន្ធ​ទី​ ២​។

លោកតា សំរិត អ៊ុន មាន​ប្រពន្ធ​ ២ ដោយ​ប្រពន្ធ​ទី​ ១ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​មាន​វ័យ​ជាង ៦០​ ​ឆ្នាំ មាន​កូន ៩ ​នាក់ ហើយ​កូនប្រុស​ច្បង​មាន​វ័យ​ជិត ៦០ ឆ្នាំ ខណៈ​លោកតា​មាន​វ័យ​ជាង ២០ ឆ្នាំ​ពេល​មាន​ប្រពន្ធ​ដំបូង​ដែល​មាន​វ័យ ១៥ ​ឆ្នាំ និង​បាន​រួមរស់​មាន​កូនប្រុស​ស្រី ១០ ​នាក់​តែ​នៅរស់​ត្រឹម ៩ នាក់​ហើយ​កាលនោះ​លោកតា​រស់នៅ និង​ប្រកបរបរ​ធ្វើ​ស្បែកជើង​សម្បក​កង់ឡាន​នេះ​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។ ចំណែកឯ​ប្រពន្ធ​ទី​ ២ មាន​វ័យ​ជាង ៥០​​ ឆ្នាំ​ស្រុក​កំណើត​នៅ​ត្រាំកក់ ខេត្ត​តាកែវ ដូច​លោកតា​ដែរ​មាន​កូន​ប្រុស​ស្រី ៩ នាក់ តែ​នៅរស់ ៨ ​នាក់​ក្រោយ​បែក​គ្នា​ពី​ប្រពន្ធ​ទី​ ១ មក​។

លោកតា សំរិត អ៊ុន រៀបរាប់​ពី​ប្រភេទ​ស្បែកជើង​កង់ឡាន​តម្លៃ​ខុស​គ្នា ដែល​មាន​បាត​ស្តើង និង​បាត​ក្រាស់​។ ហេង ជីវ័ន

បើ​គិត​ត្រឹម​តែ​ការរួមរស់​ជាមួយ​ប្រពន្ធ​ទី​ ២ របរ​លក់​ស្បែកជើង​ច្នៃ​ពី​សម្បក​កង់ឡាន​នេះ​លោកតា​បាន​ប្រកប​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មក​ហើយ​។

តា សំរិត អ៊ុន ដែល​ធ្លាប់​បួស​ជា​សង្ឃ​បាន ៩ វស្សា​ថ្លែង​ទាំង​សម្តី​នៅ​ចងចាំ​តែ​ប្រវត្តិ​ប្រកបរបរ​នេះ តែ​មិន​ចាំ​ឆ្នាំ​ណា​នោះ​ថា​៖ «​មិន​ដឹង​ចាប់​យក​របរ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត ក្រោយពី​មាន​ប្រពន្ធ​។ ពេល​ឃើញ​គេ​យក​សម្បក​កង់ឡាន​មក​ធ្វើ​ស្បែកជើង ក៏​នឹក​ឃើញ​ធ្វើ​តាម​គេ​ដែរ ដោយ​គ្រាន់​តែ​ខ្ញុំ​យក​មក​ច្នៃ​ម៉ូដ​ខ្លួនឯង​។ ពេលនោះ​របរ​លក់​ស្បែកជើង​កង់ឡាន​ក៏​មាន​អ្នក​ចូលចិត្ត​ទិញ​ពាក់​ជា​ហូរហែ​រហូត​ដល់​ឥឡូវ​នេះ​»​។

សម្រាប់​ការលក់​ស្បែកជើង​សម្បក​កង់ឡាន​វិញ​គឺ​ក្នុង​មួយ​ថ្ងៃ​លោកតា​អាច​លក់​បាន​ចន្លោះ​ពី ២០ ទៅ ៣០ គូ ហើយ​ក៏​មាន​លក់ដុំ​តាម​ការ​កុម្ម៉ង់​ពី​ឈ្មួញ​កណ្តាល​បាន​ចំនួន​ប្រមាណ ៥០ គូ​ផង​ដែរ​ក្នុង​មួយ​សប្តាហ៍​។ ខណៈ​តម្លៃ ១ គូ ១៥ ០០០ រៀល ទៅ ២០ ០០០ រៀល លោកតា​វ័យ ៨៧ ឆ្នាំ សំរិត អ៊ុន ដែល​តែងតែ​ធ្វើ​ដំណើរ​ដោយ​ធាក់​កង់​ពី​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ យក​ស្បែកជើង​មក​ឲ្យ​ភ្ញៀវ​នៅ​ភ្នំពេញ​សឹងតែ​រាល់​ថ្ងៃ​គឺ​បន្ទាប់ពី​ការ​កុម្ម៉ង់​ពី​ភ្ញៀវ​មាន​ចំនួន​សមល្មម​នឹង​យក​មក​ឲ្យ​នោះ​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «១ ​ថ្ងៃ​តា​អាច​លក់​បាន ២០ ​ឬ​ ៣០ ​គូ​ហើយ​ស្បែកជើង​មាន​បាត​ស្តើង​ ១ ​គូ​តម្លៃ ១៥ ០០០ រៀល និង ២ ​ម៉ឺន​រៀល​សម្រាប់​បាត​ក្រាស់​។

ចំពោះ​ខ្នាត​លេខ​វិញ​មាន​ច្រើន​ចាប់​ពី​លេខ​ ៨ (​ស្បែកជើង​ស៊ក ៣៨) លេខ​ ៩ (​ស្បែកជើង​ស៊ក​ ៣៩) លេខ​ ១០ (​ស្បែកជើង​ស៊ក​ ៤០) លេខ ១០.៥ (​ស្បែក​ជើង​ស៊ក ៤១) និង​លេខ​ ១១ (​ស្បែកជើង​ស៊ក​៤២)»​។

តា សំរិត អ៊ុន បង្ហាញ​ស្បែកជើង​សម្បក​កង់ឡាន​ដែល​លក់​ជិត​អស់​កាលពី​ថ្ងៃ​មុន​នៅ​ក្បែរ​របង​វត្ត​បទុមវត្តី​។ហេង ជីវ័ន

លោកតា​វ័យ ៨៧ ​ឆ្នាំ​ដែល​បាន​តាំងចិត្ត​មិន​ចង់​ពឹង​កូនៗ​វិញ​ដោយ​សុខចិត្ត​រស់​តាម​កម្លាំង​ពលកម្ម​ខ្លួន ខណៈ​ឥឡូវ​គាត់​មាន​ផ្ទះ​សំបែង​នៅឯ​ស្រុក​តាំកក់​មាន​ក្បាលដី​ទំហំ ៥៣ ម៉ែត្រ និង​បណ្តោយ ៧៥ ម៉ែត្រ ហើយ​មាន​កូន​ ៣ ក្នុង​បន្ទុក​នោះ​បន្ត​ថា​៖ «​ភាគច្រើន​អ្នក​ទិញ​មាន​វ័យ​កណ្តាល និង​ព្រះសង្ឃ​គង់​នៅ​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ស្បែក​នេះ​មាន ៣ ម៉ូដ គឺ​ទី​ ១ ម៉ូដ​ខ្សែក្រវាត់​ខ្នងជើង ទី​ ២ ខ្សែក្រវាត់​កែង (​អ្នក​ពាក់​និយម​ហៅ​ម៉ូដ​នេះ​ថា​ស្បែកជើង​ម៉ាក​ប៉ុលពត​) ដែល​លក់​ដាច់​ជាងគេ និង​ទី​ ៣ ម៉ូដ​ក្រវាត់​ស្លាប​សម្រាប់​ក្មេងៗ​ពាក់​»​។

យ៉ាង​ណា​សម្បក​កង់ឡាន​ច្នៃ​ផលិត​ជា​ស្បែកជើង​នោះ​គឺ​តែ​សម្បក​កង់ឡាន​ផលិត​នៅ​ថៃ​ប៉ុណ្ណោះ ទើប​អាច​យក​មក​ច្នៃ​ជា​ស្បែក​សង្រែក​នេះ​បាន ព្រោះ​សម្បក​កង់ឡាន​ផ្សេងៗ​ទៀត​វា​មាន​លក្ខណៈ​រឹង​ធ្វើឲ្យ​គាត់​ពិបាក​ប្រើ​កាំបិត​កាត់ ឬ​ច្រៀក​ដោយ​ងាយ​។

តា សំរិត អ៊ុន ធ្លាប់​ធាក់​កង់​ដឹក​យក​ស្បែកជើង​ទៅ​កាន់​ខេត្ត​នានា​នៅ​ក្បែរ​ក្រុង​ភ្នំពេញ​ដែរ​ដូចជា ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម ខណៈ​ខេត្ត​សៀមរាប​គាត់​តែង​ផ្ញើ​តាម​រថយន្ត​ឈ្នួល​ក៏​បញ្ជាក់​ដែរ​ថា​៖ «​សម្បក​កង់ឡាន​ដែល​មាន​ខ្នាត​រង្វង់​ចន្លោះ​ ១ ០០០ ទៅ ១ ២០០ នោះ​អាច​យក​មក​ច្នៃ​ជា​ស្បែក​ជើង​បាន​ប្រមាណ​ជិត ២០ គូ ខណៈ​សម្បក​ល្អ​ជាង​គេ​គឺ​ខ្នាត​លេខ ១ ២០០»៕