ភ្នំពេញ៖ ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​​បាន​ធ្វើ​ការ​ប្រកាស​ស្តីពី​ការ​រីក​រាលដាល​នៃ​ជំងឺ​​កូវីដ ១៩​ ដែល​​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់ ៨៧ ករណី​​នៅ​ទូទាំង​ប្រទេស​ ក្ដី​កង្វល់​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា បាន​ធ្វើ​ឲ្យ​ប្រជាជន​​​សម្ងំ​នៅ​ផ្ទះ កាត់​បន្ថយ​ការ​ដើរ​ហើរ​មិន​ចាំបាច់​ និង​រក្សា​គម្លាត​​​ដើម្បី​សុខភាព។

អំឡុង​ពេល ​ដែល​​ប្រជាជន​​សុខ​ចិត្ត​នៅ​ផ្ទះ​ច្រើន បង្កើន​សុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺ​សម្ដី​ជា​ញឹកញយ ​ដែល​​ពួក​គេ​តែងតែ​លាន់​មាត់​និយាយ​ថា «ធុញ​ណាស់» ឬ​ «អផ្សុក​ណាស់»។

យោង​តាម​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត សកម្មភាព​នៅ​ផ្ទះ​ឈ្នះ​ជំងឺ​ឆ្លង​នេះ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​​ផ្នែក​អារម្មណ៍​ ប្រសិន​បើ​ពួក​គេ​ពុំ​អនុវត្ត​វិធីសាស្ត្រ​សម្រួល​​​អារម្មណ៍ ​និង​ចាប់​យក​ជម្រើស​ថ្មីៗ​សម្រាប់​ការ​កម្សាន្ត​សប្បាយ។​​​

លោក​ ហឿ សេធុល អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្តសាស្ត្រ​បាន​លើក​ឡើង​ថា៖​ «ការ​រស់នៅ​សម្ងំ​ក្នុង​ផ្ទះ​ដោយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​បែប​នេះ​ អាច​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​កើត​មាន​នូវ​បញ្ហា​ផ្នែក​ផ្លួវ​ចិត្ត​ផ្សេងៗ​ ដូចជា​ជំងឺ​​ស្ត្រេស​ ​និង​ជំងឺ​​ផ្លូវ​ចិត្ត​ជា​ដើម»។

ការ​បាត់បង់​ឱកាស​ដើរ​កម្សាន្ត​ ជួប​ជុំ​​មិត្ត​ភក្ដិ​​​​រីករាយ​រំសាយ​ស្ត្រេស ​ដោយ​​​កន្លែង​​ប្រមូល​ផ្ដុំ​មនុស្ស​​ច្រើន​កុះករ​ ដូច​ជា​ក្លិប​រាត្រី និង​ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​ផ្អាក​ដំណើរការ​ អាច​បន្ថែម​​សម្ពាធ​ផ្លូវ​ចិត្ត​​ដល់​មនុស្ស​ ជាមួយ​នឹង​​ផល​ប៉ះពាល់​ផ្នែក​អារម្មណ៍​។

លោក​បាន​ពន្យល់​​ទៀត​ថា៖ «Social​ Distancing​ មាន​ន័យ​ថា​​ ការ​​រក្សា​​គម្លាត​ពី​សង្គម​ អាច​នឹង​ផ្តល់​ផល​​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន ​ខណៈ​​ពេល​ដែល​ធម្មជាតិ​មនុស្ស​ ពិត​មិន​អាច​ផ្តាច់​ខ្លួន​ពី​សង្គម​ក្នុង​រយៈពេល​វែង​បាន​ឡើយ។​ ផល​ប៉ះពាល់​ទាំង​នោះ​​មាន​ដូចជា​ ធ្វើ​ឲ្យ​មនុស្ស​ចាប់​ផ្តើម​មាន​អារម្មណ៍​មួម៉ៅ​ តានតឹង​ និង​​ចាប់​ផ្តើម ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ ផ្នត់​គំនិត​ ឬ​អាច​ឈាន​ទៅ​ដល់​ការ​កើត​វិបត្តិ​ផ្លូវ​ចិត្ត​តែ​ម្តង»​។​

ទន្ទឹម​​នឹង​កង្វល់​ពី​បញ្ហា​​​ចំណូល​​មួយ​ចំនួន​​ និង​កត្តា​សន្តិសុខ​មូលដ្ឋាន​ ស្ថិត​ក្នុង​ស្ថានភាព​នេះ​ លោក​ ​សេធុល​ បាន​ណែនាំ​​នូវ​វិធីសាស្រ្ត​​មួយ​ចំនួន ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​​យក​ទៅ​​អនុវត្ត​ដើម្បី​សម្រួល​ និង​កាត់​បន្ថយ​​អារម្មណ៍​តានតឹង​ដែល​អាច​​កើត​មាន​ក្នុង​អំឡុង​ពេល​សម្រាក​នៅ​ក្នុង​​ផ្ទះ។

អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​រូប​នេះ បាន​​ពន្យល់​ថា៖ «ទី១​ ​ត្រូវ​ចៀសវាង​​ការ​ទំនាក់ទំនង​គ្នា​ជា​សាធារណៈ​ ដោយ​ប្តូរ​មក​ជា​ការ​ទាក់ទង​បែប​សុវត្ថិភាព​ គឺ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​បណ្តាញ​សង្គម​នានា​ ​ដូចជា​ហ្វេសប៊ុក​ ​តេឡេក្រាម​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ»។ ​

យ៉ាង​ណា​មិញ លោក​នៅ​តែ​ទទូច​​ សម្រាប់​ចំណុច​ទី២ ​ដោយ​​គួរ​ចៀសវាង​ការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ មក​ជា​ការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ជាមួយ​អ្នក​ក្បែរ​ខាង​ ដែល​មាន​មនុស្ស​មិន​លើស​ពី​ ៣ នាក់​។​

លោក​បន្ត​ទៀត​ថា៖ «ទី៣ ​ដាក់​គម្លាត​​​ភាព​មមាញឹក​ពី​ការងារ​ចុះ​​ហើយ​ប្តូរ​មក​​ធ្វើ​ការងារ​កសិកម្ម​ក្នុង​បរិវេណ​ផ្ទះ​ ដូចជា​ការ​ដាំ​ដំណាំ​បន្លែ​ ផ្លែឈើ​ ផ្សេងៗ​ ​ជាមួយ​សាច់​ញាតិ​ បងប្អូន​ ​កូនចៅ​ ដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​»។​

ការ​​​ទាញ​ចំណេញ​ពី​អត្ថប្រយោជន៍​នៃ​ការ​នៅ​ផ្ទះ ​​ប្រជាជន​​​ក៏​អាច​ទទួល​បាន​កម្រៃ​ពី​ការ​ដាំដុះ​នោះ​តាមរយៈ​ ការ​​លក់​ដូរ​កសិផល​ទៅ​ឲ្យ​​អ្នក​ជិត​ខាង​ ឬ​ទៅ​អ្នក​ទិញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​ផង​ដែរ​។

សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​ការ​ជួបជុំ​សប្បាយ​តាម​កន្លែង​កម្សាន្ត​ផ្សេងៗ​ លោក​លើក​ទឹក​ចិត្ត​ឲ្យ​រីករាយ​នឹង​​​សកម្មភាព​ស្រដៀង​គ្នា​នោះ​នៅ​ក្រោម​ដំបូល​​ផ្ទះ​វិញ។​

អ្នក​ជំនាញ​រូប​នេះ​បាន​ណែនាំ​ថា៖ «ខ្ញុំ​​លើក​ទឹកចិត្ត​ គួរ​តែ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​រាំ​លេង​កម្សាន្ត​តាម​មណ្ឌល​កម្សាន្ត​ ​មក​ជា​ការ​ស្តាប់​ភ្លេង​កម្សាន្ត​នៅ​ផ្ទះ​ ​ចម្អិន​ម្ហូប​អាហារ ​​និង​ពិសាអាហារ​ជួបជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ ជាមួយ​អ្នក​ផ្ទះ​ និង​ធ្វើ​ការ​រាំ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​វិញ​។ សម្រាប់​យុវវ័យ​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​​កម្សាន្ត​នៅ​តែ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ណា​ដែល​មិន​សូវ​​មាន​មនុស្ស​ចូលរួម​ច្រើន​ ឧទាហរណ៍​ ដូចជា​ការ​ឡើង​ភ្នំ​ជា​ដើម»។

ជា​ជាង​ការ​​ធុញ​ថប់​អារម្មណ៍​អំឡុង​ពេល​នៅ​ផ្ទះ​រយៈពេល​យូរ ​លោក ហឿ សេធុល បាន​ជំរុញ​ឲ្យ​ប្រជាជន​ស្វែងរក​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន​​ពី​សកម្មភាព​​នៅ​ផ្ទះ​សាមញ្ញៗ​ប្រចាំ​ថ្ងៃ។

លោក​បាន​លើក​ទឹក​ចិត្ត​​​ទៀត​ថា៖ «នេះ​ជា​ឱកាស​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ឪពុកម្តាយ​ និង​សមាជិក​គ្រួសារ​រៀងៗ​ខ្លួន​។ សូម​ចូលរួម​ទាំង​អស់​គ្នា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​»៕