ភ្នំពេញៈ បើតាមឯកសារសៀវភៅសិក្សានានា និងឯកសារយោងរបស់អ្នកប្រាជ្ញខ្មែរផ្នែកភាសាជាតិជាច្រើននៃសម័យកាលមុននោះ បង្ហាញថាអក្សរសាស្រ្តខ្មែរ មានការវិវត្តន៍ ១០ ដំណាក់កាល។
ខណៈថ្មីៗនេះបើតាមការសិក្សាស្រាវជ្រាវតាមដានផ្ទៀងផ្ទាត់ឡើងវិញទៅលើការស្រាវជ្រាវចាស់នោះ អ្នកជំនាញផ្នែកសិលាចារឹកនៅជំនាន់ក្រោយ លោកសាស្រ្តាចារ្យ ហ៊ុន ឈុនតេង ហាក់មានការយល់ឃើញផ្សេងថា អាចមានចំនួនលើសពី ១០ ដំណាក់កាល ដោយការសិក្សាផ្អែកទៅលើសំណៅសិលាចារឹកដូចគ្នា។
នៅថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ នឹងមានបាឋកថាមួយក្រោមប្រធានបទ «វិវត្តន៍អក្សរខ្មែរ» បង្ហាញដោយលោក ហ៊ុន ឈុនតេង ជាអ្នកជំនាញផ្នែកសិលាចារឹកខ្មែរ និងសាស្រ្តាចារ្យបង្រៀនផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។
សាស្រ្តាចារ្យ ហ៊ុន ឈុនតេង បង្ហើបថា៖ «នាពេលកន្លងមកយើងបានដឹង និងរៀនតាមឯកសាររបស់អ្នកស្រាវជ្រាវជំនាន់មុន បង្ហាញថា ការវិវត្តន៍អក្សរខ្មែរយើងមាន ១០ ដំណាក់កាល គិតចាប់តាំងពីសម័យកាលមុនអង្គរ រហូតមកដល់សម័យកាលបច្ចុប្បន្ន របស់អ្នកស្រាវជ្រាវផ្នែកនេះ ដែលផ្អែកតាមរយៈឯកសារសិលាចារឹក។ តែការស្រាវជ្រាវលក្ខណៈបែបពិនិត្យដានឡើងវិញ តាមរយៈសិលាចារឹកដដែល ខ្ញុំយល់ថា ហាក់ដូចជានៅពុំទាន់ត្រឹមត្រូវឡើយ ចំពោះការវិវត្តន៍នៃអក្សរខ្មែរ ដែលរៀមច្បងអ្នកស្រាវជ្រាវបង្ហាញថា មានចំនួន ១០ ដំណាក់កាលនោះ គឺខ្ញុំយល់ថាអាចមានលើសនេះ។
ហេតុផលដែលខ្ញុំសន្និដ្ឋានបែបនេះ ក៏ដោយសារសំណៅនៃការសិក្សាស្រាវជ្រាវជំនាន់មុនតាមសិលាចារឹកនោះ ហាក់មិនទាន់មានសមតុល្យនៃការប្រមូលទិន្នន័យឯកសារសិលាចារឹកនោះឡើយ។ បើតាមការស្រាវជ្រាវតាមដានរបស់ខ្ញុំយល់ឃើញថា រៀមច្បងមុនៗ យកសំណៅឯកសារសិលាចារឹកមានតែចំនួនជាង ១០ សិលាចារឹក តែប៉ុណ្ណោះ មកធ្វើជាភ័ស្តុតាងបង្ហាញ ឬសំណៅឯកសារយោងស្រាវជ្រាវ ខណៈចំនួនសិលាចារឹកនៅស្រុកខ្មែរតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ គឺមានចំនួនរាប់ពាន់ឯណោះ។
ដូច្នេះហើយបានជាខ្ញុំ ចង់ឲ្យមានសិក្សាបញ្ហានេះឡើងវិញ ហើយក៏អាចជាសារមួយ ដែលចង់ក្រើនរំឭកទៅដល់ក្រុមអ្នកស្រាវជ្រាវខ្មែរជំនាន់ក្រោយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការប្រមូលទិន្នន័យស្រាវជ្រាវ និងវិធីសាស្រ្តស្រាវជ្រាវរបស់ខ្លួនតែប៉ុណ្ណោះ។ មិនមានន័យថា ការរកឃើញនាសម័យមុនៗ មានកន្លងមកនោះខុសឡើយ»។
សម្រាប់អ្នកចង់ស្វែងយល់បន្ថែមពីប្រធានបទនៃបាឋកថាស្តីពី «វិវត្តន៍អក្សរខ្មែរ» បង្ហាញដោយ លោក ហ៊ុន ឈុនតេង នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ និងមានការផ្សាយផ្ទាល់តាមគេហទំព័រផ្លូវការនៃពុទ្ធសាសនបណ្ឌិត្យដែរ៕