ក្រុង​ខេ​ព​ថោ​ន: រាត្រី​ថ្ងៃ​សៅរ៍ ក្នុង​ខែសីហា អ្នក​ជ្រមុជ​ទឹក​វ័យ ២៦ ឆ្នាំ ដឺរីច វ៉ាន់ ប្លែក បាន​ហក់​ឡើង​ទូក​តូច​មួយ ក្បែរ​ឆ្នេរ​ក្រុង​ខេពថោន អាហ្រ្វិក​ខាងត្បូង ពេល​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ។ ជា​អកុសល​យុវជន​រូប​នេះ លែង​វិល​វិញ​ជា​រៀង​រហូត។

ប្អូនជីដូនមួយ​ឈ្មោះ ប្រ៊ូ​ស វ៉ាន់ រី​ណេ​ន អាយុ ២៣ ឆ្នាំ បាន​ពោល​ខ្សឹកខ្សួល​ថា៖ «ដឺរីច និង​ខ្ញុំ​ផ្ដើម​ចេញ​នេសាទ​តាំង​ពី​អាយុ ១៥ ឆ្នាំ»។

ថ្ងៃ​ណា​ហេង អ្នក​ជ្រមុជ​ទឹក​ដូចជា​ពួកគេ​អាច​រកចំណូលបាន​រាប់រយ​ដុល្លារ តែ​ប្រាក់​នេះ​មិន​ស្មើ​នឹង​តម្លៃ​ខ្យង​ប៉ាវ​ហ៊ឺ​ក្រៀម​នៅ​លើ​​ទីផ្សារ​ក្រុង​ហុងកុង ដែល​មួយ​គីឡូក្រាម​ថ្លៃ​ចាប់ពី ៣០០ ដុល្លារ (១,២ លាន​រៀល) ដល់​ជាង ១ ម៉ឺន​ដុល្លារ​ឯណោះ។

ខ្យង​ប៉ាវ​ហ៊ឺ​មានតម្លៃ​ខ្ពស់កប់ពពក​នៅ​ក្រុង​ហុងកុង ចិនដីគោក និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ខាង​កើត ដោយ​ម្ហូប​ខ្យង​សមុទ្រ​ទាំង​នេះ តម្រូវ​នឹង​ពិធី​ជប់​លៀង​មង្គលការ​ជាដើម។

ប៉ុន្តែ​ទម្រាំ​តែ​ខ្យង​ប៉ាវ​ហ៊ឺ​ទៅដល់​តុ​ម្ហូប ជីវិត​អ្នក​ជ្រមុជ​រក​សត្វ​សមុទ្រ​នេះ​ត្រូវ​ប្រថុយ​នឹង​ការ​នេសាទ​ខុស​ច្បាប់។ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​តាម​ដាន​អ្នក​ជ្រមុជ​ឯទៀត និង​គ្រួសារ​របស់​លោក ដឺរីច វ៉ាន់ ប្លែក ដែល​ថា លោក​ត្រូវបាន​សម្លាប់​ដោយ​កង​បង្ក្រាប​ប្រឆាំង​ការ​នេសាទ​ខុស​ច្បាប់ ដែល​ជា​ជម្លោះ​ហិង្សា​រវាង​អាជ្ញាធរ​អាហ្រ្វិក​​ខាង​ត្បូង​ និង​ក្រុម​នេសាទ​សន្ដាន​ខ្យង និង​បង្កង​ថ្ម​ខុស​ច្បាប់។

ប៉ាវហ៊ឺ​ចំហុយ​ប្រេង​ខ្យង ជា​អាហារ​ប្រណីត​ដ៏ពេញនិយម​សម្រាប់ជនជាតិ​ចិន។ AFP

អ្នកនាំពាក្យ​នាយកដ្ឋាន​ជលផល Khaye Nkwanyana បាន​បន្ដថា កងកម្លាំង​ពិសេស «អាច​បាញ់​ប្រហារ​ក្នុង​ករណី​ការពារ​ខ្លួន​ប៉ុណ្ណោះ»។

ប៉ុន្ដែ​សកម្មជន​សហគមន៍ Roscoe Jacobs អាយុ ៣២ ឆ្នាំ បាន​និយាយថា ពលរដ្ឋ​ចាត់ទុក​ការ​នេសាទ​ខុស​ច្បាប់​នេះ​អាច​ដោះ​ស្រាយ​ភាព​ក្រីក្រ។

លោក​លើកឡើងថា៖ «វា​មិនមែនជា​អ្វីដែល​ពលរដ្ឋ​ប្រាថ្នា​ចង់​ធ្វើ​នោះទេ​តែដោយ​សារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ខ្សត់​ខ្សោយ យើង​ត្រូវ​តែ​បង្ខំ​ចិត្ដ»។

ឆ្នាំមុន អាជ្ញាធរ​ចិន​បាន​បង្ក្រាប​បទល្មើស​ដ៏​ធំ ជាការ​ប៉ុនប៉ង​រត់ពន្ធ​គ្រឿង​សមុទ្រ​តម្លៃ ១១៥ លាន​ដុល្លារ រួម​ទាំង​ខ្យង​ប៉ាវហ៊ឺ​ផង​ដែរ៕