ភ្នំពេញៈ ទំនង​ជា​ចំហាយ​ព័ត៌មាន ដែល​ភាយ​ចេញពី​ដំណឹង​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មួយ​នៃ​សង្គម​សិល្បៈ និង​កម្រង​ស្នាដៃ​ដ៏​សម្បូរ​បែប​នៃ​របត់​គំនិត​ថ្មី​របស់​អ្នក​ថតរូប​ខ្មែរ ដែល​ពីមុន​ច្រើន​តែ​ក្រុម​អ្នក​ថត​បរទេស​ប៉ុណ្ណោះ ក្នុង​ការ​ផ្តិត​យក​រូបភាព​បែប​សិច​ស៊ី ឬ​ទម្រង់​បែប​អាក្រាត​កាយ​របស់​សិល្បករ-សិល្បការិនី បែប​ជា​ទម្រង់​សិល្បៈ​នោះ។

យ៉ាងណាមិញ កម្រង​រូបថត​បែប​អាក្រាតកាយ ឬ​សិច​ស៊ី​ទម្រង់​ជា​សិល្បៈ​របស់​អ្នក​ថតរូប​ខ្មែរ​ម្នាក់​គឺ​លោក សិដ្ឋ ហៅ Cheky Athiporn ដែល​ឆ្លង​កាត់​នូវ​បទ​ពិសោធ​ជិត ១០ ឆ្នាំ នឹង​ការងារ​ថត​រូប​ជាមួយ​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ​គ្រប់​ទម្រង់​នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ភាព​ភ្ញាក់ផ្អើល​នឹង​ព័ត៌មាន​លេច​ឮ​ខ្លួន​ជា​អ្នក​ថតរូប​ឆ្នើម​ផ្នែក​នេះ​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ ពិតជា​ភ្ញាក់ផ្អើល​ណាស់ ពេលឮ​បង​ថា ខ្ញុំ​ត្រូវ​បាន​គេ​សរសើ​ថា​ជា​អ្នក​ថតរូប​ឆ្នើម​បែប​សិច​ស៊ី​នេះ​ដែល​ខ្ញុំ​មិន​បាន​ដឹង​ឡើយ​ថា មាន​អ្នក​ហៅ​ខ្ញុំ​បែបនេះ​ទេ ហើយក៏​មិន​ទាន់​ហ៊ាន​ថា យ៉ាង​ណា​ទេ​សម្រាប់​របត់​គំនិត​ថ្មី ដែល​ខ្ញុំ​ចូលចិត្ត​ថត​រូប​ឲ្យ​ក្រុម​សិល្ប-ករ-សិល្បការិនី​ខ្មែរ​យើង​បែប​បង្ហាញ​នូវ​ភាព​ពិសេស​លេច​ធ្លោ​របស់​ពួក​គាត់ ដោយ​ខ្ញុំ​គិត​ថា វា​ជា​ទម្រង់​នៃ​សិល្បៈ​មួយ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​បង្ហាញ​នូវ​ភាព​សិច​ស៊ី ដែល​ទស្សនៈ​មហាជន​ទូទៅ​តែង​តែ​គិត​ថា មាន​ភាព​ហួស​ហេតុ ប្រាស​ចាក​ពី​វប្បធម៌​ប្រពៃណី​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ​នោះ​ទេ»។

អ្នក​ថតរូប​ឆ្នើម ដែលមាន​រំលេច​នូវ​ទម្រង់​សិល្បៈ​បែប​រូបភាព​សិច​ស៊ី​អាក្រាត របស់​សិល្បករ-សិល្បការិនី ខណៈ​ពេល​នេះ លោក​ក៏មាន​ស្ទូឌីយ៉ូ​ផ្ទាល់​ខ្លួន​ហើយ​គឺ C.nation studio ក៏បាន​រំឮក​ពី​បទ​ពិសោធ និង​ស្នាដៃ​ខ្លួន​ថា៖ «បើ​និយាយ​ពីបទ​ពិសោធ នោះ កាល​ពី​ឆ្នាំ ២០១០ ដល់​ពី​ឆ្នាំ ២០១៣ ខ្ញុំ​ធ្លាប់​ជា Free-lance Photographer ម្នាក់​ជាមួយ​នឹង​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ​យើង​ជា​ច្រើន។ ហើយ​ចាប់​ពី​ឆ្នាំ ២០១៣ មក​ខ្ញុំ មាន​ស្ទូឌីយោ​ផ្ទាល់​ខ្លួន ហើយក៏​ឃើញ​មាន​ក្រុម​តារា​ស្រី​ប្រុស​ជា​ច្រើន តែ​ងតែ​មក​ថតរូប​នៅ​ស្ទូឌីយោ​របស់​ខ្ញុំ​ផង​ដែរ។ ចំពោះ​រឿង​ល្អ ឬ​មិន​ល្អ​យ៉ាង​ណា​ទៅ​លើ​ទម្រង់​រូបភាព​របស់​ក្រុម​សិល្បករ-សិល្បការិនី​នោះ ក៏​ខ្ញុំ​កត់​សម្គាល់​ដែរ​ថា មិន​មាន​អ្វី​ជា​ការ​ចោទ​ឡើយ ព្រោះ​ថា ប្រសិន​បើ​ជា​រូប​មិន​សម​សួន​នោះ ពួក​គាត់​ច្បាស់​ជា​មាន​ប្រតិកម្ម​ជា​មិន​ខាន។ តែ​ទំនង​ជា ត្រូវ​ចិត្ត​ពួក​គាត់​ហើយ បាន​ជា​មិន​ឃើញ​មាន​ព័ត៌មាន​អ្វី​ត្រឡប់​វិញ​ភ្លាមៗ​មក​ខ្ញុំ នោះ ទេ»៕