ភ្នំពេញៈ អតីតជាសិស្សធ្លាប់ឆ្លងកាត់ការរៀនជំនាញថតរូបនៅវិទ្យាស្ថានបារាំងកាលពីឆ្នាំ ២០១៤ ដែលមានរយៈពេល ៦ ខែ និងចាប់ផ្តើមបង្កើតស្នាដៃភ្លាម ហើយបានផុសផុលភាពល្បីតាមរយៈស្នាដៃរូបថតបែបសិល្បៈបង្កប់ន័យស្តីអំពីបញ្ហានានាមាននៅក្នុងសង្គមតាំងពីឆ្នាំ ២០១៥ មកនោះកំពុងតែលេចធ្លោសាជាថ្មីម្តងទៀតសម្រាប់រូបថតដែលប្រើក្រមាជាគ្រឿងនៃនិមិត្តរូបឆ្លុះបញ្ចាំងអំពីតថភាពនៃសង្គម។
លោក ឃុន វណ្ណៈ ជាអ្នកថតរូបបែបសិល្បៈដែលបានប្រើក្រមាខ្មែរធ្វើជានិមិត្តរូប ឬគ្រឿងតាមដានការផ្លាស់ប្តូរ និងការអភិរក្សវប្បធម៌សង្គមតាំងពីចុងឆ្នាំ ២០១៧ បានបន្តពេញមួយឆ្នាំ ២០១៨ និងកំពុងតែបន្តនៅក្នុងឆ្នាំ ២០១៩ នេះទៀត ហើយក៏នៅមិនទាន់ចប់នៅឡើយទេ។
ដោយសារគម្រោងរូបថតសិល្បៈក្រមានេះនៅមិនទាន់បញ្ចប់គម្រោងនោះ ទើបមានប្រិយមិត្តចូលចិត្តមើលរូបថតបែបសិល្បៈរបស់លោកតាមបណ្តាញសង្គមបានហៅស្នាដៃរូបថតសិល្បៈនេះថា «ក្រមាដែលវែងជាងគេលើលោក» ក៏ព្រោះតែគម្រោងស្នាដៃសិល្បៈមានក្រមារបស់លោកបានកកើត និងបន្តជាង ២ ឆ្នាំមកហើយ តែពុំទាន់ចប់ ហើយកំពុងតែបន្តធ្វើទៅមុខថែមទៀតផងដែរ។
លោក ឃុន វណ្ណៈ ក៏បានឲ្យដឹងពីអត្ថន័យច្រើនយ៉ាងសម្រាប់ផ្ទាំងរូបថតមួយសន្លឹកៗដែលមានរូបក្រមា រូបតួសម្តែងខ្លួនឯង និងប្រើកាមេរ៉ាថតរូបខ្លួនឯងនោះដែរថា៖ « ការប្រើក្រមាធ្វើជានិមិត្តរូបនេះគឺខ្ញុំបានថតនៅទីកន្លែងតំបន់នានានៃប្រទេសកម្ពុជា ហើយក៏ទស្សនៈផ្ទាល់ខ្លួនមួយរបស់ខ្ញុំគឺការយកវត្ថុណាមួយមកផ្សារភ្ជាប់អត្ថន័យឆ្លុះបញ្ចាំងអំពីបញ្ហាក្នុងសង្គមនៅក្នុងទស្សនទានអព្យាក្រឹត ឬប្រកាន់យកនូវគោលការណ៍នៅកណ្តាល ដើម្បីតាមដានពីស្ថានភាពផ្លាស់ប្តូរនានា និងការអភិរក្សនូវផ្នែកវប្បធម៌សង្គមទៀតផង»។
ឧទាហរណ៍ដូចជារូបថតមានក្រមានៅមាត់សមុទ្រនៃក្រុងព្រះសីហនុក្នុងប្រទេសកម្ពុជាលោក ឃុន វណ្ណៈ បានបញ្ជាក់ន័យថា៖ «ជាទូទៅប្រសិនបើយើងនិយាយពីក្រមាគឺជាផ្ទាំងក្រណាត់ដែលពលរដ្ឋខ្មែរយើងគ្រប់រូបបានស្គាល់ និងធ្លាប់បានប្រើប្រាស់សឹងតែគ្រប់ស្រទាប់វ័យ។ តែក្រមាសម្រាប់អ្នកសម័យទំនើប ឬជំនាន់ក្រោយគឺមិនត្រូវបានអ្នកជំនាន់ក្រោយស្គាល់ពីប្រវត្តិនៃគ្រឿងសិល្បៈវប្បធម៌នេះបានច្បាស់លាស់ និងសឹងតែត្រូវបានគេបំភ្លេចវាចោលផងដែរ។ ដូច្នេះការប្រើក្រមាក្នុងរូបថតរបស់ខ្ញុំ គឺចង់រំឭកឲ្យមានការអភិរក្សនូវកេរដំណែលវប្បធម៌របស់ខ្មែរមួយនេះឡើងវិញ។ ចំណែកឯទីតាំងតំបន់ណាមួយវិញនោះ គឺសំដៅទៅលើទីកន្លែងដែលត្រូវបានគេធ្វើការអភិវឌ្ឍ ឬជាទីកន្លែងដែលកំពុងតែមានការផ្លាស់ប្តូរតាមតម្រូវការនៃសង្គម»។
យ៉ាងណាបណ្តុំស្នាដៃរូបថតសិល្បៈបែបបង្កប់ន័យរបស់អ្នកថតរូបជំនាញមានស្រុកកំណើតនៅរាជធានីភ្នំពេញមានវ័យ ៣៩ ឆ្នាំរូបនេះក៏កំពុងតែមានគម្រោងជ្រើសរើសយកបណ្តុំនៃស្នាដៃខ្លួន ដើម្បីរៀបចំតាំងពិព័រណ៍នៅឯក្រៅប្រទេសផងដែរគឺរង់ចាំតែមានវត្តមានដៃគូជួយរៀបចំនៅឯក្រៅប្រទេសណាមួយដែលហ៊ានចាប់ដៃគូសម្រាប់កិច្ចការនេះតែប៉ុណ្ណោះ។
លោក ឃុន វណ្ណៈ ក៏បង្ហើបដែរថា៖ «ទោះបីគម្រោងនេះពុំទាន់បញ្ចប់មែន តែប្រសិនបើមានដៃគូរៀបចំពីក្រៅប្រទេសណាមួយបានទំនាក់ទំនងមកខ្ញុំដើម្បីរៀបចំនោះ ខ្ញុំនឹងធ្វើវាភ្លាម ហើយឆ្លងកាត់ការចាប់ផ្តើមប្រើរូបថតនានាមានរូបក្រមារបស់ខ្ញុំដែលចាប់ផ្តើមតាំងពីចុងឆ្នាំ ២០១៧ មករហូតដល់ឆ្នាំ ២០១៩ នេះប្រសិនបើខ្ញុំជ្រើសរើសយកទៅរៀបចំពិព័រណ៍នោះគឺអាចមានតែប្រមាណ ១៥ ប្លង់ (ផ្ទាំង) ប៉ុណ្ណោះ។ តែសម្រាប់រូបថតមានក្រមាដែលថតនៅតាមទីតំបន់ប្រាសាទបុរាណវិញនោះគឺមិនមែនស្ថិតនៅក្នុងគម្រោងនៃការជ្រើសយកទៅដាក់តាំងពិព័រណ៍ឡើយ»៕