ភ្នំពេញ៖ ស្បែកជ្រួញពណ៌សក្បុស។ ភ្នែកស្ទើរងងឹតបើកសឹងពុំរួច។ លោកយាយវ័យ ៧៦ ឆ្នាំមានជំងឺភឿកតាំងពីកំណើតបានធ្លាក់ខ្លួនដើរសុំទានទាំងភ្នែកមើលមិនច្បាស់ចាប់តាំងពីស្វាមីបានស្លាប់កាលពីដើមឆ្នាំ ២០២០។
ដើម្បីដោះស្រាយជីវភាពកូនប្រុសរបស់ស្រីចំណាស់ដ៏អភ័ព្វរូបនេះអាស្រ័យជីវភាពដោយការធ្វើសំណង់នៅខេត្តព្រះសីហនុទុកឱ្យលោកយាយនៅជាមួយកូនប្រសាស្រី និងចៅតូចៗ ២ នាក់ទៀតយ៉ាងលំបាកវេទនា។
«លោកយាយ ស» ជាឈ្មោះដែលគ្រប់គ្នាហៅលោកយាយ ប៉ សេង ជាអ្នកមានជំងឺភឿកកំពុងរស់នៅលើទឹកដីស្រុកកំពង់ត្រាច ខេត្តកំពត។
លោកយាយ ស ធ្លាប់បានបង្ហាញមុខនៅក្នុងផ្ទាំងរូបថតមួយក្នុងវិចិត្រសាលស្រាអាតនៃពិព័រណ៍ Eternal របស់កញ្ញា ទីតា ប៊ុត ជាសិល្បការិនីថតរូបវ័យក្មេងដ៏ចំណានម្នាក់។
ចាប់ពីបានស្គាល់លោកយាយ ស កញ្ញា ទីតា ប៊ុត ដែលត្រូវបានគេស្គាល់ថាទីតាអាត (Tytaart) ក្នុងវិស័យសិល្បៈ នាងបានប្រាប់ថានាងហាក់ដូចជាមាននិស្ស័យនឹងលោកយាយ ស។
ហេតុដូចនេះហើយក្រោយពិព័រណ៍បានបញ្ចប់ ទីតានៅតែបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកថតរូបម្នាក់ដោយស្វះស្វែងជួយដល់លោកយាយ និងគ្រួសារតាមរយៈការបង្កើតកម្មវិធីសប្បុរសជន។
សិល្បការិនីប្រើកាមេរ៉ាបង្កើតស្នាដៃសិល្បៈរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីស្ថានភាពលោកយាយ ស ថា៖ «មុនពេលកូវីដគាត់តែងដើររយៈពេល ១ ម៉ោងពីផ្ទះទៅផ្សារ ដើម្បីសុំទាន។ តែពេលនេះភ្នែកគាត់រឹតតែមើលមិនច្បាស់ គាត់មានរោគក្រពះ ជំងឺចាស់ជរាក៏ធ្វើទុក្ខធ្វើឱ្យជីវិតរបស់គាត់កាន់តែស្ថិតក្នុងភាពតោកយ៉ាក»។
កញ្ញា ទីតា បានបន្តទៀតថា៖ «កាលណោះពេលផ្ទាំងរូបថតលោកយាយត្រូវបានទិញ ៧៥% ខ្ញុំបានប្រគល់ជូនគាត់។ វាអាចជួយជួសជុលបានខ្លះនូវផ្ទះដ៏តូចរបស់គាត់ ទិញបសុសត្វចិញ្ចឹម និងស្បៀងអាហារមួយចំនួន»។
កញ្ញារៀបរាប់បន្តទាំងក្ដីអាណិតអាសូរដល់លោកយាយទៀតថា៖ «កូនប្រស្រាស្រីដែលនៅជាមួយលោកយាយ មានកូនតូចអាយុទើបតែ ១ ឆ្នាំ។ គាត់បានតែជួយធ្វើការងារផ្ទះតិចតួច និងមើលកូន។ ដូច្នេះហើយទើបខ្ញុំចង់រៃអង្គាសថវិកាសម្រាប់គាត់ ដើម្បីជួយដល់ការជួសជុលផ្ទះបន្ថែមបសុសត្វ ស្បៀង និងថ្នាំពេទ្យផ្សេង»។
តាមសម្ដីរបស់ ទីតា លោកយាយ ស មានខ្សែជីវិតរស់នៅលំបាកមករហូត។ ប៉ុន្តែក្នុងវ័យកុមារភាព បញ្ហាភ្នែកដែលកើតលើអ្នកជំងឺភឿកមិនសូវបង្កការលំបាកដល់លោកយាយប៉ុន្មានទេ។ គ្រានោះ កុមារភឿកអាចមើលឃើញល្មមក្នុងការដើរលក់ប្រេង និងអង្ករគ្រាន់ចិញ្ចឹមជីវិតតិចតួចដែរ។
ឈានចូលដល់វ័យ ១៦ ឆ្នាំ យុវតី ប៉ សេង បានរៀបអាពាហ៍ពិពាហ៍ និងទទួលបានតំណក់ឈាម ១ គ្រាប់។ ប៉ុន្តែអកុសលភ្លើងសង្គ្រាមបានឆក់យកជីវិតស្វាមី និងកូនដោយបន្សល់ទុកស្ត្រីមេម៉ាយភឿកតែលតោលតែឯង។ ក្នុងវ័យ ៤០ ឆ្នាំ ស្ត្រីមេម៉ាយរូបនេះបានរៀបការស្វាមីទី ២ ដែលលោកទើបតែស្លាប់កាលពីដើមឆ្នាំ ២០២០ នាំឱ្យបន្ទុកគ្រប់យ៉ាងធ្លាក់មកលើលោកយាយ។
អ្នកថតរូបវ័យ ២៤ ឆ្នាំ ទីតា ប៊ុត ពាន ប្រាប់ថា៖ «ក្នុងវ័យ ៧៦ ឆ្នាំរបស់លោកយាយ ខ្ញុំសង្ឃឹមថាគាត់អាចសម្រាកក្នុងផ្ទះ អាចហូបចុកគ្រប់គ្រាន់។ ដូច្នេះខ្ញុំសង្ឃឹមថាការជួយលើកនេះរបស់យើងដោយការទិញបសុសត្វបង្កើតជាមុខរបរដល់គាត់ និងធ្វើឱ្យកូនប្រសាស្រីរបស់គាត់អាចក្រោកឈរជាមេគ្រួសារសម្រាប់មើលការខុសត្រូវម្ដង»។
កញ្ញាបន្តថា៖ «លើសពីនេះទៀតវាជាឱកាសមួយដែលគាត់អាចមានលទ្ធភាពជួយដល់កូនៗរបស់គាត់ទទួលបានការអប់រំ និងមានជីវិតប្រសើរជាងអ្វីដែលជីដូន និងម្តាយរបស់ពួកគេត្រូវស៊ូទ្រាំកន្លងមក»។
តាមរយៈការរៃអង្គាសគឺកញ្ញាធ្វើឡើងដោយការព្រីនរូបថតរបស់លោកយាយលើក្រដាសរលោងចំនួន ១៥០ ផ្ទាំងហៅថា Russian Roulife ដែលបានដាក់តាំងក្នុងពិព័រណ៍ Eternal កន្លងទៅក្នុងទំហំ ២៨ គុណនឹង ៤២ សង់ទីម៉ែត្រ ក្នុងតម្លៃ ៣០ ដុល្លារក្នុង ១ ផ្ទាំង។
កញ្ញាសង្ឃឹមថានឹងអាចប្រមូលថវិការបាន ៤ ០០០ ដុល្លារជួយដល់លោកយាយ ដោយក្នុងនោះ ២ ៥០០ ដុល្លារនឹងយកទៅជួសជុលផ្ទះលោកយាយឱ្យរួចរាល់។ ៩០០ ដុល្លារត្រូវចំណាយលើសត្វមាន់ចំនួន ៣០ ក្បាល ជ្រូក ៣ ក្បាលចំណីសត្វ និងការធ្វើទ្រុងចិញ្ចឹម។ ឯទឹកប្រាក់ ៦០០ ដុល្លារទៀតនឹងទុកសម្រាប់ការប្រើប្រាស់របស់លោកយាយ ស ល្មមរហូតទាល់តែគាត់អាចប្រមូលផលពីការចិញ្ចឹមសត្វបាន។
ក្រៅពីការជាវរូបភាពអ្នកមានបំណងចូលរួមអាចបរិច្ចាគ ១ ដុល្លារ ឬ ២ ដុល្លារក៏បានក្នុងការជួយដល់លោកយាយ ស។ មកដល់ថ្ងៃនេះកញ្ញាឱ្យដឹងដែរថា កញ្ញាទទួលបានថវិកាចំនួន ១២០០ ដុល្លារ និងលក់រូបភាពបានចំនួន ១៩ ផ្ទាំងហើយ។
កញ្ញា ទីតា ប្រាប់ថា វាជារឿងរីករាយណាស់នៅពេលដែលទទួលបានការគាំទ្រពីមិត្តភក្តិ គ្រួសារ និងអ្នកដទៃទៀតក្នុងការបង្ហាញថាពួកគេមានដួងចិត្ត និងស្មារតីសមូហភាពចំពោះអ្នកដែលត្រូវការជំនួយ។
សិល្បការិនីរូបនេះបានរំឭកឱ្យដឹងដែរថា បន្ទាប់ពីអាចយកថវិកាមកជួយលោកយាយតាមរយៈប្រាក់ដែលបានពីផ្ទាំងធំរូបថតលោកយាយ ស កាលពីឆ្នាំមុន កញ្ញាចាប់ផ្ដើមយល់ និងប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងនាមជាអ្នកថតរូប ដែលអាចនិទានរឿងដ៏មានអានុភាពមួយពីជីវិតអ្នកណាម្នាក់ថែមទាំងអាចផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្សដែលពុំធ្លាប់ស្គាល់គ្នាពីមុនមកបានទៀតផង។
កញ្ញា ទីតា មានចំណាប់អារម្មណ៍ថា៖ «ខ្ញុំឃើញថាប្រជាជនកម្ពុជាបានបង្ហាញស្មារតីសាមគ្គីគ្នាយ៉ាងខ្លាំង អំឡុងពេលមានវិបត្តិនេះ និងមានមនុស្សជាច្រើនបានប្រើសំឡេងក្នុងតួនាទីរបស់ខ្លួនជួយដល់អ្នកដែលទន់ខ្សោយ។ ខ្ញុំជឿថា កម្ពុជាជំនាន់ក្រោយៗទៀតនឹងពោរពេញទៅដោយការអាណិតអាសូរ និងមេត្តាចំពោះគ្នា។ រួមគ្នាដោយសេចក្ដីស្រឡាញ់យើងអាចធ្វើបានលើសអ្វីដែលយើងគិតដល់»។
សម្រាប់ការចូលរួមបរិច្ចាគគ្រប់គ្នាអាចទាក់ទងទៅកាន់ ទីតា ផ្ទាល់តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៨៧ ២២២២ ឬក៏ធ្វើការបរិច្ចាគផ្ទាល់ទៅកាន់ ABA account: 002 878 012 (Keoinmorokot Buth) ។