ភ្នំពេញ៖ កាល​ពី​ថ្មី​ៗនេះ អ្នក​និពន្ធ និង​​កវី​និពន្ធ​ខ្មែរ​​ចំនួន ​៣ ​រូប ជា​ម្ចាស់​ពាន​​រង្វាន់​ជំនាន់​ផ្សេង​គ្នា បាន​ទៅ​ទទួល​ពាន​រង្វាន់​​សម្រាប់​កវី​និពន្ធ​អាស៊ី​អាគ្នេយ៍​ S.E.A Write Award រួម​​គ្នា​​នៅ​ទីក្រុង​បាងកក ប្រទេស ថៃ​​ ខណៈ​កម្ពុជា​យើង​មាន​ចំនួន​​អ្នក​និពន្ធ​ និង​កវី​និពន្ធ​សរុប ១៦ រូប ហើយ​បាន​ឈ្នះ​ពាន​ក្នុង​កម្មវិធី​នេះ​គិត​ចាប់​​ពី​ឆ្នាំ ​១៩៩៩ ​មក​ដល់​ត្រឹម​​ឆ្នាំ ​២០១៨​។​

អ្នក​​និពន្ធ និង​កវី​និពន្ធ​ខ្មែរ​​ចំនួន ​៣ ​រូប ដែល​ទើប​ទទួល​​ពាន​រង្វាន់​នោះ​ រួម​មាន​​លោក​បណ្ឌិត​​ ព្រឿង ប្រណីត ​ដែល​ជា​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ដោយ​លោក​​ទទួល​ពាន​រង្វាន់​​កវី​និពន្ធ​អាស៊ី​​​​អាគ្នេយ៍​ S.E.A Write Award​ ប្រចាំ​​ឆ្នាំ ​២០១៦ ​​លោក​បណ្ឌិត ឡឹក ជំនោរ ជា​​អនុប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ​​ទទួល​បន្ទុក​​ផ្នែក​ស្រាវជ្រាវ​បោះ​ពុម្ព​ផ្សាយ និង​នវានុវត្តន៍​ បាន​ទទួល​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ ​២០១៧ ខណៈ​អ្នក​គ្រូ​ ប៉ុល ពិសី ទទួល​បាន​រង្វាន់​ប្រចាំ​ឆ្នាំ ​២០១៨។

លោក ព្រឿង ប្រណីត បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ពី​វត្តមាន​​​​អ្នក​និពន្ធ និង​កវី​​និពន្ធ​​​ខ្មែរ ​៣​ ជំនាន់​​ ទើប​តែ​ទទួល​បាន​ឆ្នាំ ​២០១៩ ​នេះ​ថា៖ «តាម​ពិត​ទៅ ដោយសារ​តែ​ខាង​សាមី​ប្រទេស​ ដែល​រៀបចំ​​កម្មវិធី​នេះ ខកខាន​រៀបចំ​​ផ្តល់​ជូន​​​​ពាន​រង្វាន់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​​គេ​មក​ធ្វើ​នៅ​​ឆ្នាំ​នេះ​ សម្រាប់​កម្មវិធី​​រួម​មួយ​​​​តែ​ម្តង​។​​

លោក ព្រឿង ប្រណីត ប្រធាន​សមាគមអ្នកនិពន្ធខ្មែរ​ក៏​បានពាន​ម្នាក់ដែរ​​​។ ហ្វេសប៊ុក​

ដោយ​ឡែក​ពាន​រង្វាន់​ កវី​និពន្ធ​អាស៊ី​អាគ្នេយ៍​ S.E.A Write Award ឆ្នាំ ​២០១៩ នៅ​​មិន​ទាន់​​បាន​​​ធ្វើ​​នៅ​ឡើយ ខណៈ​គេ​គ្រោង​ធ្វើ​​រួម​​គ្នា ​២ ​ដង ​នៅ​​ក្នុង​ឆ្នាំ ​២០២០​ ខាង​​មុខ​នេះ​។​ ដូច្នេះ​វត្តមាន​អ្នក​និពន្ធ និង​កវី​និពន្ធ​ខ្មែរ ​៣ រូប មាន​រូប​ខ្ញុំ លោក ឡឹក ជំនោរ និង​អ្នកគ្រូ ប៉ុល ពិសី គឺ​មក​​​ទទួល​ពាន​នៅ​ឆ្នាំ​ចាស់​​​​ប៉ុណ្ណោះ​។ សម្រាប់​ខ្ញុំ​ទទួល​​ពាន​រង្វាន់​ឆ្នាំ ​២០១៦ ផ្នែក​​កំណាព្យ លោក ឡឹក ជំនោរ ទទួល​​​ពាន​រង្វាន់​​ឆ្នាំ ​២០១៧ ផ្នែក​រឿង​ខ្លី និង​អ្នកគ្រូ​ ប៉ុល ពិសី បាន​​ទទួល​ពាន​​រង្វាន់​ប្រចាំ​ឆ្នាំ ​២០១៨ ផ្នែក​​រឿង​ប្រលោម​​​លោក​​»។​

ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែ​រលោក​បណ្ឌិត​ ព្រឿង ប្រណីត ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​វត្តមាន​​ទាំង​ ១៦ រូប នៃ​អ្នក​និពន្ធ​ និង​កវី​និពន្ធ​ខ្មែរ ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​​កវី​និពន្ធ​អាស៊ី​​​​អាគ្នេយ៍​ S.E.A Write Award នេះ ដែល​គិត​ចាប់​តាំង​​ពី​ឆ្នាំ​ ១៩៩៩ មក​ត្រឹម​ឆ្នាំ​ ២០១៨ ដែរ​​​ថា៖ «​បើ​តាម​កវី​និពន្ធ​ អ្នក​និពន្ធ​ខ្មែរ ​ដែល​បាន​ទទួល​ពាន​រង្វាន់​កវី​​និពន្ធ​អាស៊ីអាគ្នេយ៍​ S.E.A ​​Write Award ​ដែល​ធ្វើ​នៅ​បាងកក ប្រទេស ថៃ សម្រាប់​កម្ពុជា​យើង​នៅ​ចន្លោះ​ឆ្នាំ ១៩៩៩-២០១៨​ រួម​មាន​ឆ្នាំ​ ១៩៩៩ កវី​និពន្ធ ពេជ្រ ទុំក្រវិល ​(ស្លាប់),ឆ្នាំ​ ២០០០ កវី​និពន្ធ គង្គ ប៊ុនឈឿន(ស្លាប់), ឆ្នាំ​ ២០០១ កវី​និពន្ធ ម៉ៅ អាយុទ្ធ, ឆ្នាំ​ ២០០២ អ្នក​និពន្ធ សេង ​សំអាន​, ឆ្នាំ​ ២០០៣ អ្នក​និពន្ធ គឹម ពេជ្រ​ពីនន់, ឆ្នាំ​ ២០០៤ កវី​និពន្ធ ជ័យ ចាប, ឆ្នាំ​ ២០០៥ អ្នក​និពន្ធ មៀច ប៉ុណ្ណ​ (ស្លាប់), ឆ្នាំ​ ២០០៦ អ្នក​និពន្ធ ប៉ាល់​ វណ្ណារីរក្ស, ឆ្នាំ​ ២០០៧ អ្នក​និពន្ធ អ៊ុំ សុផានី (ស្លាប់)​, ឆ្នាំ​ ២០០៨ កវី​និពន្ធ ស៊ិន ទូច, ឆ្នាំ​ ២០១៣ កវី​និពន្ធ សុខ ចាន់ផល​, ឆ្នាំ​ ២០១៤ អ្នក​និពន្ធ វ៉ា សំអាត, ឆ្នាំ​ ២០១៥ អ្នក​និពន្ធ ខូ តារារិទ្ធ, ឆ្នាំ​ ២០១៦ កវី​និពន្ធ ព្រឿង ប្រណីត​, ឆ្នាំ​២០១៧ អ្នក​និពន្ធ ឡឹក ជំនោរ, ឆ្នាំ​ ២០១៨ កវី​និពន្ធ ប៉ុល ពិសី។ ​សម្រាប់​ឆ្នាំ​ ២០១៦-២០១៨ បាន​​ប្រារព្ធ​រួម​គ្នា​ក្នុង​ឆ្នាំ ២០១៩ កាល​ពី​​ថ្មីៗ​​នេះ​ ក្រោម​ព្រះរាជាធិបតី​ សម្ដេច​​ព្រះនាង​ចៅហ្វា​សិរីវណ្ណវរី​នារី​រតនរាជ​កញ្ញា ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​ថៃ​»៕​