ភ្នំពេញៈ ក្រោយពី​ចាកចេញ​ពី​ផលិតកម្ម​ល្បី​ទ្រនំ​ថោន​មួយរយៈ​មក​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​ឈ្មោះ​ថា «Home Music» ដែល​ផ្ដោត​ទៅ​លើ​ចម្រៀង​កំប្លែងៗ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​ជា​អ្នក​កាន់​ការងារ​ផ្នែក​ដឹកនាំ​ទូទៅ​នៅ​ផលិតកម្ម​ថ្មី​គឺ​ផលិតកម្ម Galaxy Navatra មក​នោះ អ្នកនិពន្ធ​ទំនុកច្រៀង និង​ទំនុកភ្លេង​ល្បី​លោក យឹម តាស្រង់ ហាក់​ដូចជា​មាន​ចេតនា​ចង់​ងាក​មក​ផ្តួចផ្តើម​ជួយ​ដល់​ជនពិការ​វិញ​ម្តង​នៅ​លើ​វិថី​សិល្បៈ​នោះ​។

នេះ​បើ​តាម​សម្តី​របស់​កវី​ទំនុកច្រៀង និង​ភ្លេង​ល្បី​ខ្លាំង​មាន​ស្រុកកំណើត​នៅឯ​ស្រុក​ព្រះប្រសប់ ខេត្ត​ក្រចេះ លោក យឹម តាស្រង់ ដែល​ធ្លាប់​បាន​និពន្ធ​បទចម្រៀង​ជួយ​ស្ទួយ​តារាចម្រៀង​ប្រុស​ស្រី​នៅ​ទ្រនំ​ចាស់​ឲ្យ​មាន​ប្រជាប្រិយភាព​ល្បី និង​មាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​នាក់ និង​ច្រើន​ឆ្នាំ​កន្លង​មក​នោះ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ក្រោយពី​លោក​ប្រកាស​ជួយ​និពន្ធ​បទចម្រៀង​ឲ្យ​យុវជន​ពិការ​ដោយសារ​មាន​ជំងឺ​ស្វិត​ដៃជើង​ឈ្មោះ​ ប្រាក់ សុផាន់ណា ថ្មីៗ​នេះ​។

លោក យឹម តាស្រង់ ក៏​បាន​បង្ហើប​ប្រាប់​ថា​៖ «​តាមពិត​ទៅ​!​គម្រោង​ជួយ​ទៅ​ដល់​ជនពិការ​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​គឺ​ខ្ញុំ​បាន​ចិញ្ចឹម​គិតទុក​យូរ​មក​ហើយ ខណៈ​ពេល​នេះ​ស្រប​នឹង​គំនិត​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ចង់​ជួយ​ដល់​ពួកគាត់​ដែរ​នោះ ខ្ញុំ​ក៏​ចាប់ផ្តើម​តែ​ម្តង​ដោយ​បាន​ជួយ​ដល់​ប្អូនប្រុស សុផាន់ណា មុនគេ​។ ក្រោយពី​បាន​ជួប​គាត់​មក ខ្ញុំ​ចូលរួម​ជួយ និង​ផ្តល់​សិទ្ធិ​ឲ្យ​គាត់ [​ប្អូនប្រុស ប្រាក់ សុផាន់ណា​] ជ្រើសរើស​យក​ការនិពន្ធ​បទចម្រៀង​ដោយ​ខ្លួនឯង​ខ្លះ​ផង​ដែរ សរុប​ទៅ​យើង​កំពុង​តែ​ធ្វើ​បទចម្រៀង​បាន​ចំនួន​ ៣ ​បទ​សម្រាប់​ឲ្យ​គាត់ ហើយ​ក៏​គ្រោង​ចេញ​ផ្សាយ​នូវ​បទចម្រៀង​ទាំងនោះ​នៅ​ខែ​ក្រោយ​នេះ​តាម Channel របស់ «Home Music»​។

ប្អូនប្រុស ប្រាក់ សុផាន់ណា (​កណ្តាល​) ដែល​លោក យឹម តាស្រង់ ជួយ​និពន្ធ​បទចម្រៀង​។ រូបថត ហ្វេសប៊ុក

កវី​ដែល​បាន​ដើរ​ចេញ​ពី​ទ្រនំ​ថោន​ក្រោម​មូលហេតុ​មិន​មាន​ការអាក់អន់ចិត្ត ឬ​ខឹង​នឹង​ម្ចាស់​ផលិតកម្ម​ទេ​គឺ​មកពី​លោក​ចង់​រក​ផ្លូវ​ដើរ​មួយ​ដោយ​ខ្លួនឯង​ក្រោយពី​ធ្វើការ​ឲ្យ​គេ​ជាង ១០ ឆ្នាំ មក​ហើយ​នោះ​បាន​បន្ត​ទៀត​ថា​៖ «​ធ្លាប់​បាន​ជួយ​អ្នកសិល្បៈ​ដែល​ជា​មនុស្ស​មាន​កាយសម្បទា​ល្អ​ច្រើន​នាក់​មក​ហើយ ខណៈ​ពេល​នេះ​ចង់​មក​ជួយ​ដល់​បងប្អូន​ដែល​ជា​ជនពិការ​វិញ​ម្តង ព្រោះ​យល់​ថា​ពួកគាត់​ហាក់​ដូចជា​ត្រូវ​បាន​គេ​មើលរំលង​ពី​សមត្ថភាព ឬ​​ទេពកោសល្យ​សិល្បៈ​របស់​ពួកគាត់ បើ​ប្រៀប​ទៅ​នឹង​ជនពិការ​នៅ​ក្រៅ​ប្រទេស ឬ ប្រទេស​ជិត​ខាង​យើង​នោះ​។

ដូច្នេះ​ហើយ​ទាំង​ខ្ញុំ​ក៏​ដូចជា​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​មាន​បំណង​ជួយ​ពួកគាត់​ផង​ដែរ​នោះ ទើប​ក្តី​បំណង​ដែល​ខ្ញុំ​កួច​ចិត្ត​ជាយូរ​មកហើយ បាន​ដល់​ពេល​ត្រូវ​ធ្វើ​វា​ហើយ​»​។

នាពេល​នេះ​លោក​ យឹម តាស្រង់ ក្រៅពី​បាន​បើក​ក្រុមហ៊ុន​ខ្លួនឯង​មាន​ឈ្មោះ​ថា «Home Music» ដែល​បាន​ផ្ដោត​លើ​ការផលិត​បទចម្រៀង កំប្លែងៗ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​នោះ​លោក​ក៏​បាន​ប្រមែប្រមូល​បាន​តារាចម្រៀង​ល្បីៗ​មក​ចូលរួម​នៅក្នុង​ផលិតកម្ម Galaxy- Navatra ផង​ដែរ​ដូចជា កុមារា ធឿន បូរី អ្នកនាង រ័ត្ន រចនា កុមារី ហេង សុវណ្ណារី និង​តារាចម្រៀង​ជាច្រើន​រូប​ទៀត​ផង​ដែរ​។

នាពេល​កន្លង​មក​ការចម្លង​បទចម្រៀង​ពី​គេ ជាពិសេស​ពី​ប្រទេស​ជិតខាង ថៃ ចិន និង​វៀតណាម​ជាដើម​នោះ​ក៏​បាន​ធ្វើឲ្យ​ផលិតកម្ម​ធំៗ​មួយ​ចំនួន​រងការរិះគន់​ពី​ទស្សនិកជន​យ៉ាង​ខ្លាំង​ទើប​បាន​ជំរុញ​ឲ្យ​អ្នកនិពន្ធ​ទាំង​ទំនុក​ច្រៀង ឬ​ភ្លេង​ជំនាន់​ថ្មី​ព្យាយាម​និពន្ធ​ទំនុក​បទ​ថ្មី​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​បើ​ទោះបី​ជា​ពួកគេ​ខិតខំ​និពន្ធ​បទភ្លេង​ថ្មី​ជាច្រើន​ក្តី ក៏​បទ​ទាំងនោះ​ហាក់​ដូចជា​មិន​មាន​ទីផ្សារ​ចម្រៀង​ទេ ខណៈ​លោក យឹម តាស្រង់ ក៏​បាន​លើកឡើង​ដែរ​ថា មូលហេតុ​ផលិតកម្ម​មិន​ទិញ​បទភ្លេង​ថ្មី ដែល​និពន្ធ​សុទ្ធសាធ​របស់​កូន​ខ្មែរ ដោយសារ​តម្លៃ​ថ្លៃ ហើយ​ត្រូវ​យក​មក​កែកុន​ទៀត​៕