ភ្នំពេញ៖ ដោយសារ​តែ​មាន​ទេពកោសល្យ​ពី​​កំណើត​គួប​​ផ្សំ​នឹង​ការ​ផ្តល់​ឱកាស​​លើ​​​អាជីព​ ​ដែល​រូប​​ខ្លួន​​ស្រឡាញ់​ផង​នោះ ពេល​​វេលា​​​​​បាន​​​រុញ​​ច្រាន​រំលង ១០​ ឆ្នាំ​​បាត់​ទៅ​ហើយ សម្រាប់​លោក សោម ដូរ៉េ ក្នុង​ការ​​​​ប្រឡូក​អាជីព​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​ឲ្យ​តារា​​ចម្រៀង​ប្រុស​ស្រី​ខ្មែរ​​ល្បីៗ​ជា​ច្រើន​ផលិតកម្ម​ប្រចាំ​ប្រទេស ​កម្ពុជា​ ខណៈ​ពេល​នេះ​​លោក​និពន្ធ​បទ​ចម្រៀង​​បាន​​ ៩០៩ ​បទ​​។​​​

លោក សោម ដូរ៉េ ​បច្ចុប្បន្ន​ ​គឺ​ជា​អ្នក​​​និពន្ធ និង​ប្រធាន​គ្រប់គ្រង​ផ្នែក​បទ​ចម្រៀង​​ផលិតកម្ម​ថោន ​បង្ហើប​​​ប្រាប់​ពី​​ប្រវត្តិ និង​ការ​ឈាន​ចូល​ក្នុង​​អាជីព​​និពន្ធ​ចម្រៀង​នា​គ្រា​​ដំបូង​ថា​​៖ «​ការ​ប្រឡូក​អាជីព​​អ្នក​និពន្ធ​បទ​ចម្រៀង​​នេះ ​​គឺ​ជា​រឿង​ចៃ​ដន្យ​ ​ព្រោះ​តែ​​​កាល​នោះ ខ្ញុំ​មិន​ទាន់​រៀន​ចប់​នៅ​ឡើយ​ទេ! ហើយ​​ណា​មួយ​ខ្ញុំ ក៏​មិន​មាន​សាច់​ញាតិ​​ជា​អ្នក​សិល្បៈ​អ្វី​នោះ​ដែរ​ទេ! ​​គឺ​​ដោយសារ​​​តែ​​ការ​ផ្តល់​ឱកាស​ពី​ថៅកែ​ផលិតកម្ម​ហង្សមាស​ គាត់​បាន​សាក​​ឲ្យ​ខ្ញុំ​សរសេរ​ចម្រៀង​​ និង​ជួយ​គូរ​ Story​board ថត​ពាណិជ្ជកម្ម​​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​​ទទួល​បាន​នូវ​ឱកាស​តែង​ចម្រៀង​​​ និពន្ធ​ជា​បន្តបន្ទាប់។ ​គាត់​ស្រឡាញ់​ពេញ​ចិត្ត​ទឹក​ដៃ​របស់​​​ខ្ញុំ​រហូត​​​​​ធ្វើ​ឲ្យ​​ខ្ញុំ​​ក្លាយ​​ជា​អ្នក​និពន្ធ​អាជីព​ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស​ក្នុង​អំឡុង​ឆ្នាំ​ ២០១០។​ គិត​មក​​ទល់​នឹង​​បច្ចុប្បន្ន​​​នេះ​ ខ្ញុំ​និពន្ធ​​ចម្រៀង​​ចំនួន​​ ៩០៩ បទ​​ហើយ នៅ​ក្នុង​​អាជីព​និពន្ធ​ ដែល​​​​​ប្រឡូក​រយៈពេល​ ១០​ ឆ្នាំ​​​»។​

អតីត​ធ្លាប់់​ជា​សិស្ស​រៀន​នៅ​ឯ​​វិទ្យាល័យ​​ជា​ស៊ីម​សន្ធរម៉ុក និង​ជា​​និស្សិត​រៀន​ផ្នែក Interiors Design ហើយ​ក៏​បាន​​សិក្សា​ជាមួយ​នឹង​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប ​និង​ភាពយន្ត​​​ផ្នែក​គំនូរ លោក សោម ដូរ៉េ បាន​បន្ត​​ថា៖ «​កាល​ពី​ចាប់​ផ្តើម​អាជីព ជា​អ្នក​និពន្ធ​​ភ្លាម ដោយសារ​តែ​បទ​​ចម្រៀង ​ដែល​ខ្ញុំ​និពន្ធ​ភាគ​ច្រើន​ល្បីៗ ​និង​ត្រូវ​ចិត្ត​​យុវវ័យ​ ដូច្នេះ​គាត់​ក៏​ឲ្យ​ខ្ញុំ​សរសេរ​បទ​​បែប​ជា​មនោសញ្ចេតនា ​និង​បទ​ញាក់​បែប​យុវវ័យ​ដែរ​។​​ ចំពោះ​អាជីព​មួយ​នេះ ខ្ញុំ​ចេះ​សរសេរ​គ្រប់​ទម្រង់​បទ​សម័យ ​បទ​បុរាណ បទ​ញាក់ បទ​បរទេស​ គឺ​ខ្ញុំ​អាច​សរសេរ​បាន​​ទាំង​អស់។ បទ​​​ដំបូង​របស់​ខ្ញុំ​និពន្ធ​នោះ ​គឺ​បទ​ដែល​មាន​ចំណង​ជើង​ថា «​ហោប៉ៅ​ធូរ​បាត់​ស្នេហ៍» ច្រៀង​ដោយ​​លោក​ នៅ ស៊ីនឿន និង​​បទ ​«បង​​សង្សារ​​លេងៗ» ច្រៀង​ដោយ​លោក​ ណុប បាយ៉ារិទ្ធ។ សម្រាប់​អាជីព​​និពន្ធ​នេះ​​ ខ្ញុំ​និពន្ធ​ចម្រៀង​ឲ្យ​តារា​ល្បីៗ​ក្នុង​ប្រទេស​​សឹង​តែ​គ្រប់​គ្នា​ គឺ​មាន​​​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​​ ថោន​ ផលិតកម្ម​ប៊ិកមែន ​និង​ផលិតកម្ម​ក្រៅ​ស្រុក​ជា​ច្រើន​ទៀត»។

សោម ដូរ៉េ ជាមួយ​តារា​ចម្រៀង​ល្បីៗ ពេជ្រ សោភា និង ​រ៉េត ស៊ូហ្សាណា​​។ សហ​ការី

លោក សោម ដូរ៉េ ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ដ៏​ល្បី ១ រូប ទើប​​មាន​វ័យ ​២៨ ឆ្នាំ តែ​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​ទេពកោសល្យ​​​ល្អ​​​ក្នុង​ការ​​តាក់តែង​​និពន្ធ​ទំនុក​ច្រៀង​ អ្នក​​ដឹកនាំ​រឿង និពន្ធ​ខ្សែ​ភាពយន្ត អ្នក​ដឹង​នាំ​កម្មវិធី​ទូរទស្សន៍ និង​មាន​សមត្ថភាព​អាច​សរសេរ​ ណោត​ភ្លេង និង​មេឡូឌី​​ទៀត​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​និពន្ធ​​ទំនុក​​ច្រៀង លោក សោម ដូរ៉េ ​ដែល​​​​គេ​​ឧស្សាហ៍​ឃើញ​តាក់តែង​​បទ​ចម្រៀង​​ឲ្យ​តារា​​ចម្រៀង​កំពូល​​ប្រុស​ល្បី​នៅ​ផលិតកម្ម​​ថោន​ នោះ​ក៏​មាន​ប្រវត្តិ​​កំណើត​បែប​​រាង​​ប្លែក​ផង​​ដែរ​ គឺ​លោក​​កើត​នៅ​ទីក្រុង​ម៉ូស្គូ​ ប្រទេស​ ​រុស្ស៊ី ដោយ​លោក​​បញ្ជាក់​ថា៖ «​ខ្ញុំ​​មាន​ស្រុក​​កំណើត​នៅ​ទីក្រុង ម៉ូស្គូ ប្រទេស ​រុស្ស៊ី ​ប៉ាម៉ាក់​ខ្ញុំ​ខ្មែរ​ទេ​ តែ​ពេល​​​ពួក​គាត់​ទៅ​សិក្សា​នៅ​ទី​នោះ​​ ហើយ​​ខ្ញុំ​ក៏​កើត​នៅ​ទី​នោះ»។​

លោក សោម ដូរ៉េ និងតារាចម្រៀង​ល្បី​លោក ឆាយ វីរៈយុទ្ធ​​​​។ រូបថត សហ​ការី

ចំពោះ​​បទ​ចម្រៀង​ ដែល​លោក​​បាន​និពន្ធ​ភាគ​ច្រើន​​សុទ្ធ​សឹង​តែ​ជា​បទ​ចម្រៀង​ដែល​​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​រួម​​ដូច​​ជា​​បទ​ «សង្សារ​លេងៗ» បទ «កូន​ក្រមុំ​បង​គ្រាន់​តែ​ជា​​​មនុស្ស​ស្រី​ធម្មតា» ខណៈ​បទ​ចម្រៀង​នៅ​​ឆ្នាំ ២០១៩ ​​កន្លង​​មក​មាន​បទ ​«រំលឹម​ប្រុយៗ» បទ«ឡាំ​លាវ​កាលីប» បទ ​«រាំ​ឡក​រង្វើល» បទ​«រាំវង់​សូឡូ» បទ​«កន្ទ្រឹម​ប៉ក់» បទ«មេ​ម៉ាយ​ក៏​ស្រី​ពោះ​ម៉ាយ​ក៏​ប្រុស»​ បទ «ម៉ាឌីហ្សុន​ឈូស​ស្បែក​ជើង» បទ «រាំ​ចេញ​សៃម៉ៃ» បទ ​«ស្រលាញ់​​មេម៉ាយ​ស្តាយ​​ក្រមុំ»​ បទ ​«សុភាព​បែប​សំភី» បទ​​ «រាំ​កាលីង​បាយសង» បទ ​«ប៉េវៗ» បទ​ «ជិះ​អាដូតល្ហើ» បទ «ស្រឡាញ់​ស្រី​សក់​ចង» បទ ​«សុំ​ទ្រី​សុំ​គ្រលាស់​មួយ» ហើយ​នៅ​ឆ្នាំ ​២០២០​ នេះ​ក៏​​មាន​បទ​មួយ​ចំនួន​ដែរ​ ដូច​ជា បទ​​ ​«រាំម៉ៃ» បទ «​​រាំ​លូលូអូឡាឡា» បទ​ ​«កន្ទ្រឹម​កង​កែវ» និង​បទ «អូន​មួយ​ច្រមិចៗ​» ជា​ដើម៕​