ភ្នំពេញ៖ ក្រោយ​ពី​​ទទួល​បាន​​ការ​គាំទ្រ​ខ្លាំង​​ពី​ប្រិយមិត្ត​​អ្នក​អាន​ ដែល​​ចំណាយ​ពេល​​រៀន​​​តែង​​​និពន្ធ​ដោយ​ខ្លួន​​ឯង​​​​តាំង​​ពី​វ័យ ​១២ ​ឆ្នាំ​មក​ ដែល​ផ្អែក​ទៅ​លើ​បទពិសោធ​ចូល​ចិត្ត​អាន​​សៀវភៅ​ច្រើន​​ និង​​​​ប្រឡូក​​​និពន្ធ​​​ខ្លាំង​​ពេល ​៤ ឆ្នាំ​ចុង​ក្រោយ​ ​​បាន​ស្នាដៃ​​រឿង​ប្រលោម​លោក​​ប្រមាណ​ ​២០ រឿង​​ នោះ អ្នក​​និពន្ធ​​ស្ត្រី​វ័យ​ក្មេង​កញ្ញា គង់ ច័ន្ទ​​វ៉ាន់​ណេង ក៏​មាន​មហិច្ឆតា​ធំ​មួយ​ចង់​ក្លាយ​​ជា​​អ្នក​​និពន្ធ​​ម្នាក់​ទាំង​ផ្នែក​រឿង​ប្រលោម​​លោក និង​រឿង​សម្រាប់​​ផលិត​​ខ្សែ​ភាពយន្ត​​។​​

នាពេល​បច្ចុប្បន្ន​​​នេះ​ ការ​តែង​និពន្ធ​​នៅ​កម្ពុជា ហាក់​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​​​ព្រោះ​​​តែ​មួយរយៈ​​ចុង​ក្រោយ​​នេះ ឃើញ​​​​អ្នក​និពន្ធ​​ខ្មែរ​​ម្នាក់ៗ​ហាក់​មាន​ការ​​ខ្នះខ្នែង​ ​និង​​​ខំ​ប្រឹង​​តែង​និពន្ធ​​​ស្នាដៃ​​ថ្មីៗ ​និង​​​​បោះ​ពុម្ព​​​​ជា​សៀវភៅ។​

ជាក់​ស្តែង​​​វិស័យ​​​និពន្ធ​​នេះ​ក៏​​មាន​ស្រ្តី​ខ្មែរ​​ផុសផុល​​ខ្លាំង​​ដែរ​​ បង្កើត​ជា​វណ្ណកម្ម​​​ខ្លួន​ តួ​យ៉ាង​​​កញ្ញា គង់ ច័ន្ទ​វ៉ា់ន់ណេង ដែល​ប្រិយ​មិត្ត​ច្រើន​​​​ស្គាល់​ក្នុង​ស្នាដៃ​ប្រលោម​លោក​របស់​​កញ្ញា​ជាមួយ​នឹង​ឈ្មោះ​​អ្នក​និពន្ធ​​ សេន គឹមណេង​ នោះ​ឯង​។

អ្នក​​និពន្ធ​ប្រលោម​លោក​វ័យ ២៣ ឆ្នាំ កញ្ញា គង់ ច័ន្ទវ៉ាន់ណេង ​ដែល​មាន​ស្រុក​កំណើត​​នៅ​ក្នុង​​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល មាន​​​ឪពុក​​ឈ្មោះ គង់ សំរេច​ ជា​អតីត​​គ្រូ​បង្រៀន (បច្ចុប្បន្ន​ចូល​និវត្តន៍​) និង​​ម្ដាយ​ឈ្មោះ ​ធូ គីម ជា​មេផ្ទះ ​មាន​បង​ប្អូន​​បង្កើត​​​ ៥ នាក់ (ស្រី ៤​ ប្រុស ១)​ ​ ដោយ​​កញ្ញា ​គឺ​ជា​កូន​​ពៅ​​​ក្នុង​​គ្រួសារ។​

កញ្ញា គង់ ច័ន្ទ​វ៉ាន់ណេង នាពេល​​សម្ពោធ​សៀវភៅ «ព្រៃរំដួល»​ និង​សិក្ខាសាលា​ស្តី​ពី«ការតែង​និពន្ធរឿងខ្លី​​​​​»។ រូប គង់ ច័ន្ទវ៉ាន់ណេង

ដោយសារ​​​នៅ​​​គិត​ថា ខ្លួន​​​មិន​ទាន់​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​នៅ​ឡើយ​ក្នុង​ការ​​សម្រេច​ក្តី​ប្រាថ្នា​ថ្ងៃ​​​អនាគត​ នៅ​លើ​វិស័យ​​និពន្ធ​រឿង​ប្រលោម​លោក និង​​រឿង​​សម្រាប់​ថត​​ខ្សែ​ភាពយន្ត​ គួប​ផ្សំ​ដែល​រូប​​ខ្លួន​​​មិន​ដែល​ធ្លាប់​​​ឆ្លង​កាត់​​សិក្សា​ជំនាញ​​និពន្ធ​រឿង​ជា​ផ្លូវ​ការ​ពី​សាលា ឬ​ស្ថាប័ន​ណា​មួយ​​នោះ​ ទើប​ស្រីស្រស់​ ដែល​ប្រកប​អាជីព​ជា​អ្នក​និពន្ធ​ប្រលោម​លោក​​រូប​នេះ​ នៅ​រង់ចាំ​មើល​ឱកាស​​ល្អ​​ សម្រាប់​បំពេញ​ជំនាញ​​ឲ្យ​​​គ្រប់គ្រាន់​សិន​​ ទើប​​ចាប់​ផ្តើម​ប្រឡូក​វិស័យ​​នេះ​​ឲ្យ​​ខ្លាំង​ក្លា​។​​​

កញ្ញា​បាន​បញ្ជាក់​ដោយ​ក្តី​រំពឹង​សម្រាប់​​ថ្ងៃ​មុខ​ដែរ​​ថា៖ «​ចំពោះ​​ក្តី​បំណង​ទៅ​ថ្ងៃ​មុខ​នោះ តែងតែ​មាន​សម្រាប់​​អ្នក​និពន្ធ​គ្រប់​ជំនាន់​ទាំង​អស់​​ហ្នឹង​ មិនមែន​តែ​រូប​នាង​ខ្ញុំ​ទេ។ ដូច​រូប​ខ្ញុំ​ ​គឺ​ចង់​ក្លាយ​ជា​អុ្នក​និពន្ធ​​ម្នាក់​ទាំង​​ផ្នែក​រឿង​ប្រលោម​លោក និង​រឿង​សម្រាប់​ផលិត​ខ្សែ​​ភាពយន្ត​​​ គឺ​គ្រាន់​តែ​ខ្ញុំ​រង់ចាំ​ឱកាស​​ល្អ និង​ចាំ​បន្ថែម​ជំនាញ​នេះ​ឲ្យ​បាន​​គ្រប់​លក្ខណៈ​គ្រប់គ្រាន់​​សិន​»។​

ស្នាដៃ​ប្រលោម​លោក​​ជិត ២០ ចំណង​ជើង​​របស់​អ្នក​និពន្ធ​រូប​នេះ រួមមាន​ដូចជា​រឿង «គ្មាន​ថ្ងៃ​ឈប់​ស្រឡាញ់​បង» រឿង ​«​បុគ្គល​​ជោគជ័យ» (បោះពុម្ព​ឆ្នាំ ២០១៨​ ជាមួយ​សមូហកម្ម​មន្ត​ទឹក​ខ្មៅ​នៅ​ក្នុង​​សៀវភៅ​ព្រៃ​រំដួល) រឿង «បេះដូង​មួយ​នេះ​» រឿង«មាស​ជ្រលក់»​ រឿង​ «​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ​ជួយ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ (ជយលាភី​លេខ​ ៣ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ) និង​មាន​​ស្នាដៃ​ផ្សេងៗ​ទៀត​៕​