ភ្នំពេញ៖ បង្ក​ការ​ភ្ញាក់​ផ្អើល​ពី​​បណ្តាញ​សង្គម​ខ្លាំង​ ​​ថ្មីៗ​​នេះ ​ស្រាប់​​តែ​​លោក ​Bmo Trapz ​​​ជា​អ្នក​​​និពន្ធ​​ទំនុក​ច្រៀង​ដ៏​ល្បី​ និង​​តារា​ចម្រៀង​ប្រុស​រូប​សង្ហា​កូន​​កាត់​ខ្មែរ-ចិន បង្ហើប​រឿង​ខ្លួន​ត្រៀម​​នឹង​និពន្ធ​​បទ​​ចម្រៀង​ថ្មី​​​​ថា «Covid-19»។​

ដោយសារ​តែ​​ប្រុស​រូប​សង្ហា​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដ៏​ល្បី​​ប្រចាំ​ផលិតកម្ម​សាន់ដេ​ លោក​ Bmo Trapz ដែល​​បាន​និពន្ធ​​បទ​ចម្រៀង​​ជាច្រើន​ឲ្យ​តារា​​ចម្រៀង​ស្រី​សាច់​ខ្ចី​ញេញ​​កញ្ញា យូរី ច្រៀង​ ហើយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​​មាន​ដូចជា​បទ ​«ចាក់​ទឹក​ដូង» និង​បទ​ «រាំទយ» ជា​ដើម​នោះ ក៏​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​នឹង​សារ​​របស់​លោក​ តែ​ម្តង​ដែល​បាន​​ព្រលយ​ថា នឹង​មាន​បទ «Covid-19» ចេញ​​​ឆាប់ៗ ខណៈ​បច្ចុប្បន្ន​កូវីដ ១៩ នេះ​កំពុង​តែ​​ធ្វើ​​ឲ្យ​មនុស្ស​ក្នុង​សកល​លោក​មាន​ការ​ខ្លាច​រអា​ចិត្ត​ និង​ភិត​ភ័យ​យ៉ាង​​ខ្លាំង​នឹង​ឥទ្ធិពល​នៃ​ការ​រាតត្បាត​​របស់​វា​នោះ។​

តែ​ជា​ការ​ពិត​ទៅ​នោះ មិន​មាន​ការ​តាក់​តែង​និពន្ធ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា «Covid-19» នោះ​ឡើយ ដោយ​កវី​រូប​សង្ហា​ជា​កូន​កាត់​ខ្មែរ​-​ចិន មាន​ឈ្មោះ​ថា​ លោក​ Bmo Trapz ខណៈ​​លោក​ក៏​ជា​តារា​ចម្រៀង​ប្រុស​​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​នៅ​លើ​ទ្រនំ​សាន់ដេ​ ហើយក៏​ធ្លាប់​​​​លេច​ធ្លាយ​ជា​​ពាក្យ​​ចចាម​អារ៉ាម​ថា រូប​លោក និង​​កញ្ញា យូរី មាន​សម្ព័ន្ធ​ស្នេហ៍​នឹង​គ្នា​​ទៀត​ផង​។

តែ​លោក​​ Bmo Trapz បាន​​បញ្ជាក់​ប្រាប់​ឲ្យ​​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដឹង​ថា៖ «អូ! ​តាម​ពិត​ទៅ មិន​មាន​​បទ​​នោះ​ទេ​បង! ហើយ​​សារ​ក្នុង​ហ្វេសប៊ុក​នោះ គ្រាន់​តែ​ជា​ការ​និយាយ​លេង​រវាង​ខ្ញុំ​បាទ ជាមួយ​នឹង​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ ​ព្រោះ​ថា​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស​ជិត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ខ្មែរ​ខាង​មុខ​នឹង​ជិត​ចូល​មក​ដល់ គឺ​ពួក​គាត់​ឆ្ងល់​នឹង​ខ្ញុំ​ថា​ហេតុ​អ្វី​បាន​ជា​មិន​មាន​បទ​ថ្មី​ចេញ​អ៊ីចឹង?។ ដូច្នេះ ខ្ញុំ​ក៏​​ឆ្លើយ​​លេង​នឹង​ពួក​គាត់​ថា នឹង​មាន​បទ​ «Covid-19» ដោយសារ​តែ​​បច្ចុប្បន្នភាព​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ខ្វល់ខ្វាយ​​រឿង​ជំងឺ​​នេះ​»។​

លោក Bmo Trapz បាន​បន្ត​​ថា​៖ «តាម​ពិត​ទៅ​នោះ ខ្ញុំ​ក៏​​មាន​បទ​​ថ្មី​ជា​ចង្វាក់​​​ញាក់ ដើម្បី​ត្រៀ​ម​ចេញ​សម្រាប់​​ចេញ​បំពេ​​អារម្មណ៍​ដល់​​ពួក​គាត់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ដែរ តែ​ដោយសារ​ប្រទេស​យើង​​ ក៏​កំពុង​តែ​មាន​​បញ្ហា​ពី​រឿង​មេរោគ​ «Covid​-​19» ​ដែរ​ទើប​​ស​ម្រេច​ចិត្ត​​មិន​ទាន់​បញ្ចេញ​​សិន។ ចាំមើល​ស្ថានភាព​ឲ្យ​ជាក់​ស្តែង​សិន ទើប​​​បញ្ចេញ​បទ​​នេះ​»៕​