ភ្នំពេញ៖ នៅទីបំផុតក្តីសុបិន ដែលតែងតែជាការរំពៃគិតទុកសម្រាប់កូនស្រីជាទីស្រឡាញ់តែមួយគត់បានសម្រេចហើយ ដោយសារនាពេលថ្មីៗនេះ សៀវភៅប្រលោមលោកដំបូងរឿង «កំណត់ហេតុពណ៌ស្វាយ» របស់អ្នកនិពន្ធវ័យក្មេងកញ្ញា ម៉ៅ ចាន់រស្មី ជាកូនស្រីអ្នកនិពន្ធជើងចាស់អ្នកស្រី ម៉ៅ សំណាង កំពុងតែត្រូវបានប្រិយមិត្តអ្នកអានបានកម្ម៉ង់ជាវទិញមុនបានប្រមាណជាង ២ ០០០ ក្បាល រួចទៅហើយ ដោយគ្រាន់តែបោះពុម្ពលើកដំបូងបាន ៣-៤ ថ្ងៃ មានចំនួន ៤ ០០០ ក្បាលនោះ។
យ៉ាងណាមិញសមិទ្ធផលដំបូងនៃការឈានមកប្រឡូកក្នុងវិស័យនិពន្ធរឿងប្រលោមលោករបស់កញ្ញា ម៉ៅ ចាន់រស្មី មានរហស្សនាមថា «កូនទន្សាយ» ខណៈអ្នកម្តាយ គឺអ្នកស្រី ម៉ៅ សំណាង ជាអ្នកនិពន្ធប្រលោមលោកជើងចាស់ មានរហស្សនាមថា «ទន្សាយ» ក៏មានសេចក្តីសប្បាយជាពន់ពេក ចំពោះក្តីសុបិនរបស់ខ្លួន ដែលធ្លាប់មានតាំងពីកូនស្រីនៅក្មេងវ័យមកនោះ។ អ្នកស្រី ម៉ៅ សំណាង បានបង្ហើបប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «រំភើបចិត្តខ្លាំង ដោយសារពេលនេះ ខ្លួនឯងបានសម្រេចក្តីសុបិន ដោយកូនស្រីបានដើរតាមបំណងខ្លួនហើយ គឺក្លាយជាអ្នកនិពន្ធប្រលោមលោក ខណៈដើមឡើយរូបគាត់ចូលចិត្តជាអ្នកនិពន្ធរឿងភាពយន្តច្រើនជាងនោះ»។
អ្នកនិពន្ធប្រលោមលោកមានរហស្សនាមថា «ទន្សាយ» អ្នកស្រី ម៉ៅ សំណាង បន្តប្រាប់ពីសៀវភៅប្រលោមលោកដំបូងរឿង «កំណត់ហេតុពណ៌ស្វាយ» នេះផងដែរថា៖ «រឿងប្រលោមលោកដំបូងរបស់កូនស្រីមីង គាត់បានចំណាយពេលជាង ៤ ខែ ហើយមានចំនួនជាង ២២០ ទំព័រ។ សប្បាយចិត្ត ខណៈរឿងនេះបានបោះពុម្ពដំបូងចំនួន ៤ ពាន់ក្បាល ក៏មានគាំទ្រ កក់ជាវមុនជាង ២ ពាន់ក្បាល រួចបាត់ទៅហើយ។ សៀវភៅនេះ លក់ជូនដល់ប្រិយមិត្តមានពីរផ្សេងគ្នា គឺមានតម្លៃ ១ ក្បាល ២៤ ០០០ រៀល សម្រាប់អ្នកកក់ជាវទុកមុន និងតម្លៃ ២៨ ០០០ រៀល ១ ក្បាល សម្រាប់ប្រិយមិត្តជាវទូទៅ»។
គួរបញ្ជាក់ថា កញ្ញា ម៉ៅ ចាន់រស្មី ជាកូនស្រីអ្នកនិពន្ធល្បីឈ្មោះ ម៉ៅ សំណាង មានវ័យ ២៥ ឆ្នាំ បានចាប់ផ្តើមនិពន្ធភាពយន្តតាំងពីឆ្នាំ ២០១៣ ដែលបានបញ្ចេញស្នាដៃរឿងដំបូង «មីនុយធ្នាក់អន្ទាក់ស្នេហ៍» ខណៈកញ្ញាក៏ធ្លាប់បាននិពន្ធភាពយន្តភាគបានចំនួន ១០ រឿង និងភាពយន្តដុំចំនួន ១០ រឿងដូចគ្នា ដែលសុទ្ធសឹងតែបង្កប់នូវសារអប់រំទាក់ទងនឹងបញ្ហាក្នុងសង្គម និងវប្បធម៌ ដែលជាតម្លៃនៃការនិពន្ធផងដែរ៕