
រូបភាពពីវីដេអូ ដែលបារាំងបានថតនៅចន្លោះឆ្នាំ ១៩១២-១៩១៣។ សហការី
ភ្នំពេញ៖ ក្រោយពីដំណើរការនៅអូស្ត្រាលី នូវែលសេឡង់ និងសិង្ហបុរី ដែលជាទីស្នាក់ការរបស់ខ្លួន ពេលនេះសេវាកម្មទស្សនាភាពយន្តឯកសារ អនឡាញ iwonder បានសម្ពោធការប្រើប្រាស់នៅប្រទេស កម្ពុជា ដំណាលគ្នានឹង វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
សេវាកម្មភាពយន្តឯកសារអនឡាញនេះ មានជាង ១ ០០០ រឿង និងបន្តបន្ថែមជាហូរហែ ដោយក្នុងនោះមាន ៥ ភាពយន្តឯកសារមកពីកម្ពុជា ជាប្រភេទនយោបាយ ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ តន្ត្រី និងម្ហូប។
ភាពយន្តឯកសារពីកម្ពុជា Rocking Cambodia: the rise of a pop diva មានរយៈពេល ៧៥ នាទី លាតត្រដាងពីខ្សែជីវិតក្រុមតន្ត្រី Cambodian Space Project។ ភាពយន្តដែលបានចេញបញ្ចាំងនៅឆ្នាំ ២០១៧ មុនពេលដែល ស្រីធី ជាអ្នកចម្រៀងក្នុងក្រុមនេះបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៨ នេះ ត្រូវបាន iwonder ដាក់ក្នុងបញ្ជីជាខ្សែភាពយន្តឯកសារឈ្នះពានរង្វាន់ និងមានការទទួលស្គាល់ច្រើនជាអន្តរជាតិ។
នៅមានខ្សែភាពយន្តប្រវត្តិសាស្ត្រ ជាមួយវីដេអូរូបភាព ស-ខ្មៅ ដ៏កម្របំផុតពីប្រជាជនខ្មែរ និងទឹកដីអង្គរ ដែលជាស្នាដៃថតរបស់អ្នកដឹកនាំជនជាតិបារាំង ហ្គាសតុន មើលីយេស៍ ក្នុងដំណើរផ្សងព្រេងជុំវិញអាស៊ីប៉ាស៊ីហ្វិក ចន្លោះឆ្នាំ ១៩១២ និង ១៩១៣។ ភាពយន្ត ៤៣ នាទី នេះមានចំណងជើងថា Gaston Melies and His Wandering Star Film Company បង្ហាញពីប្រជាជនខ្មែរ និងសំណង់អច្ឆរិយអង្គរកាលពីជាង ១ សតវត្សរ៍កន្លងទៅនេះ។
ថ្លែងពីការដាក់ឲ្យប្រើប្រាស់សេវាកម្មទស្សនាវីដេអូឯកសារអនឡាញ សហស្ថាបនិក iwonder លោក ជេមស៍ ប្រ៊ីជស៍ បាននិយាយថា៖ «យើងពិតជារំភើបណាស់ ដែលអាចនាំយក iwonder មកបម្រើចំណីចក្ខុអ្នកប្រើប្រាស់នៅកម្ពុជា ដែលមានចំណូលចិត្តស្វែងរកចំណេះដឹងពីការកម្សាន្តឥតព្រំដែន»។

iwonder ផ្ទុកភាពយន្តឯកសារជាង ១ ពាន់រឿងមកពីជុំវិញពិភពលោក។សហការី
លោកបានលើកពីភាពលេចធ្លោរបស់ សេវាកម្មទស្សនាភាពយន្តនេះយ៉ាងដូច្នេះថា៖ «iwonder ផ្ដល់នូវការកម្សាន្តដ៏អស្ចារ្យ ហើយវាក៏ផ្ដល់ឱកាសក្នុងការសិក្សាស្វែងយល់ពីអ្វីដែលថ្មី និងកើតឡើងឥតឈប់ឈរក្នុងពិភពលោកយើងនេះ។ ក្រុមការងារយើងបានខ្នះខ្នែងស្វែងរកភាពយន្តឯកសារដ៏ល្អឆ្នើមមកពីជុំវិញពិភពលោក ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់យើង»។
iwonder បានសម្រាំងនូវបញ្ជីភាពយន្តឯកសារ ក្នុងគោលបំណងផ្ដល់ចំណេះដឹងស៊ីជម្រៅ និងព័ត៌មានទាន់ការវិវឌ្ឍនៃសកលលោក។
លោក ជេមស៍ ប្រ៊ីជស៍ បានលើកឡើងថា៖ «ដោយគ្រាន់តែប្រើចង្អុលដៃនៅលើគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់លោក អ្នកនឹងអាចតាមដានសាច់រឿងដ៏ស៊ីជម្រៅ មិនឆ្ងាយពីចំណងជើងព័ត៌មានក្ដៅៗ»។
តួយ៉ាងដូចជា ខ្សែភាពយន្តឯកសារធំៗពីររឿង ដែលសុទ្ធសឹងជាព័ត៌មានដ៏កក្រើកពិភពលោក។ រឿង The Kleptocrats និយាយពីការលាងលុយកខ្វល់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ហើយវាក៏ជាប់ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តហូលីវូដ ដែលសម្ដែងដោយ លេអូណាដូ ឌីកាព្រីយោ។
រីឯរឿង Untouchable ជាភាពយន្តឯកសារ ដែលឆ្លុះបញ្ចាំងពីរឿងអាស្រូវរបស់ផលិតករភាពយន្ត ហាវី វេនស្តែន ដែលជាប់ពាក់ព័ន្ធនឹងតារាស្រីល្បីៗនៅហូលីវូដផងដែរ។
ខ្សែភាពយន្តភាពឯកសារជាង ១ ០០០ រឿង ត្រូវបានបែងចែកចេញជា ៥០ ប្រភេទ ហើយ iwonder ក៏មានវីដេអូពាក់ព័ន្ធនឹងប្រធានបទក្ដៅៗដូចជា បាតុកម្មនៅទីក្រុងហុងកុង អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ចលនា Me Too របស់ស្ត្រីរងការបំពាន និងការប្រែប្រួលអាកាសធាតុជាដើម។
ការទស្សនាសាកល្បង iwonder ឥតគិតថ្លៃពេញមួយខែ។ បន្ទាប់មកអតិថិជនត្រូវបង់ ៤,៩៩ ដុល្លារ ក្នុង ១ ខែ ឬ ៤៩,៩០ ដុល្លារ ក្នុងមួយឆ្នាំ តាមវេបសាយ iwonder.com ឬទាញ iwonder app តាមទូរស័ព្ទ៕