ក្រុងប៉ារីស: Chanel បានក្លាយជាយីហោប្រណីតដំបូងបំផុតដែលឈប់ប្រើផលិតផលពីសត្វ ដូចជា ស្បែកត្រកួត ក្រពើ និងពស់ ដែលទទួលបានការសាទរដោយក្រុមសិទ្ធិសត្វកាលពីថ្ងៃអង្គារ។
ប្រធានក្រុមហ៊ុន ប្រ៊ូណូ ផាវឡូវស្គី បានប្រកាសថា ខ្លួននឹងលែងប្រើស្បែកសត្វមករចនាសម្ភារប្រើប្រាស់ទៀតហើយ ដោយបានអះអាងថា ក្រុមហ៊ុនកាន់តែពិបាកស្វែងរកធនធានវត្ថុធាតុដើមមកផ្គត់ផ្គង់សម្ភារគុណភាពខ្ពស់ណាស់។
កាបូបដៃ អាវក្រៅ និងស្បែកផលិតពីស្បែកពស់ ក្រពើ និងបបែលមានតម្លៃខ្ពស់ ដោយកាបូប Chanel ផលិតពីស្បែកសត្វទាំងនេះមានតម្លៃរហូតដល់ជាង ១ ម៉ឺនដុល្លារ។
កាបូបស្បែកពស់ថ្លាន់ត្រូវបានយកចេញពីវេបសាយ Chanel កាលពីថ្ងៃអង្គារ ថ្វីដ្បិតតែកាបូបជជុះនៅបន្ដដាក់លក់តម្លៃពីជាង ៥៥០០ អឺរ៉ូយ៉ាងណាក៏ដោយ។
ក្រុមអង្គការសិទ្ធិសត្វ PETA និង Humane Society International (HSI) បានសាទរចំពោះទង្វើនេះ តែក្នុងសេចក្ដីថ្លែងការណ៍ Chanel មិនបានបញ្ជាក់ពីការឈប់ប្រើរោមសត្វនោះទេ ដោយបានអះអាងថា ខ្លួនលែងប្រើផលិតផលស្បែកក្រពើ ត្រកួត ពស់ និងបបែល មកច្នៃធ្វើអាវ កាបូប និងស្បែកជើងទៀតហើយ។
អ្នកច្នៃម៉ូដរបស់ Chanel ក៏បានបញ្ជាក់ផងដែរថាជម្រើសមិនប្រើប្រាស់ស្បែកទាំងនេះក៏មិនមែនរងសម្ពាធពីអង្គការសិទ្ធិសត្វដែរ៕