ក្រុង​ប៉េកាំង៖ អ្នកស្រី​ ជិន លីវ ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​ក្រុម​ជំនាញ​រៀប​បន្ទប់​សម្លៀក​បំពាក់​ លើក​អាវ​​ម៉ាក​ Burberry បង្ហាញ​ទាំង​ខ្លួន​ជា​ម្ចាស់​អាវ​ផ្ទាល់​មិន​ដឹង​ថា បាន​ទិញ​វា​តាំង​ពី​អង្កាល់​ផង។

នៅ​ផ្ទះ​ប្រណីត​​ឯ​​ក្រុង​ប៉េកាំង ​ស្ត្រី​ទ្រព្យ​ស្ដុក​វ័យ ៣២ ឆ្នាំ​​រូប​នេះ ​​​និយាយ​ទៅ​កាន់​​ក្រុម​ជំនាញ​រៀប​បន្ទប់​ខោអាវ​ថា៖​ «ម៉េច​ក៏​អ្នក​អាច​​រក​អាវ​នេះ​ឃើញ​?»។

យោង​តាម​របាយការណ៍​ McKinsey ​ឆ្នាំ ២០១៩ អតិថិជន​​ចិន​​​រួម​ចំណែក​ ១ ​ភាគ ​៣ ​​នៃ​​ការ​ចំណាយ​លើ​ទំនិញ​ប្រណីត​ទូទាំង​ពិភព​លោក។

សូម្បី​តែ​​វិបត្តិ​កូវីដ ក៏​មិន​អាច​ធ្វើ​ឱ្យ​ចំណង់​​ជាវ​ទំនិញ​ប្រណីត​​នៅ​ចិន​ថមថយ​ដែរ។

ការ​និយម​លេង​ប្រ៊េនដ៍​ឥត​ឈប់​ឈរ ​ក៏​ធ្វើ​ឱ្យ​​ពលរដ្ឋ​ចិន​ទ្រព្យ​ស្ដុក​ ប្រឈម​នឹង​បញ្ហា​ឥត​សណ្ដាប់​ធ្នាប់​នៅ​បន្ទប់​ដាក់​ខោអាវ​​ កាបូប ស្បែកជើង និង​គ្រឿង​តាក់​តែង​កាយ​​យីហោ​ថ្លៃ​ដ៏​ជន់​ជោរ​​ផង​ដែរ។

ស្ត្រី​មេ​ផ្ទះ ​លីវ បាន​ត្អូញ​ថា បន្ទប់​ដាក់​សម្លៀក​បំពាក់​​ដែល​ស្រោច​ទៅ​ដោយ​ប្រ៊េនដ៍​ Louis Vuitton, Chanel,​ Prada និង Gucci បាន​ធ្វើ​ឱ្យ​អ្នកស្រី​​​ទាល់​សម្ដី​នឹង​​ប្ដី​ជារឿយៗ។

អ្នកស្រី​និយាយ​ថា៖ «ឈ្លោះ​គ្នា​ប៉ុន​ណា​ក៏​ដោយ ក៏​ខ្ញុំ​​គ្មាន​ថ្ងៃ​ឈប់​ទិញ​របស់​ប្រ៊េនដ៍​ឡើយ»។

អ្នកស្រី ពាន លីឈុន ស្ថាបនិក​សាលា​បណ្ដុះ​អ្នកជំនាញ​រៀបចំ​បន្ទប់​ដាក់ខោអាវ​ប្រណីត​​​។ រូបថត AFP

ដោយសារ​​​របស់​ប្រើប្រាស់​​គរ​ច្រើន​ពេក​ អ្នកស្រី​ត្រូវ​​ជះ​​​លុយ​ជាង ២ ពាន់​ដុល្លារ ជួល​ក្រុម​ជំនាញ​​ ឯក​សណ្ឋាន​​ខ្មៅ​មក​រៀប​បន្ទប់​​​សម្លៀក​បំពាក់ និង​ជម្រុះ​ខោអាវ ព្រម​ទាំង​របស់​ប្រើប្រាស់​សរុប ១ ពាន់​​មុខ​​ពី​ផ្ទះ​របស់​អ្នកស្រី លីវ។

ក្រុម​អ្នក​ជំនាញ​​ទាំង​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកនាង យូ ជីគីន ជា​សិស្ស​បញ្ចប់​ការ​សិក្សា​​ផ្នែក​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្ទះ​ពី​សាលា​ Liucundao។

ស្ថាបនិក​សាលា អ្នកស្រី ពាន លីឈុន បាន​និយាយ​ថា បច្ចុប្បន្ន​​បុគ្គលិក​ប្រើ​ការ​ជា​អ្នក​ជំនាញ​រៀបចំ​បន្ទប់​​​សម្លៀក​បំពាក់ និង​ផ្ទះ​ប្រណីត មាន​ចំនួន​ជាង ៣ ពាន់​នាក់ ហើយ​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ទូរទស្សន៍ CCTV ផ្សាយ​ថា​នឹង​អាច​​កើន​ឡើង​​​​ដល់​ ១៤,៩ ​ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំនេះ។

អំឡុង​ពេល​វិបត្តិ​កូវីដ អ្នកស្រី លីឈុន ថា អាជីវកម្ម​កើន​ ៤០០ ភាគរយ ព្រោះ​តែ​ពលរដ្ឋ​ចិន​​​ជក់​ដៃ​​​ចុច​​​ទិញ​ទំនិញ​​ប្រណីត​​តាម​អនឡាញ។

បុគ្គលិក​រៀបចំ​បន្ទប់​ខោអាវ​ ហាន យ៉ុងកាង បាន​និយាយ​ថា អតិថិជន​​លោក​ត្រូវ​បង់​ប្រាក់​ចាប់​ពី ២ ០០០ ដុល្លារ​ សម្រាប់​ប្រតិបត្តិការ​រៀបចំ​សណ្ដាប់​ធ្នាប់​របស់​ប្រ៊េនដ៍ៗ​ ​១ លើក​ ដោយ​ប្រើ​ពេល ​២-៣ ថ្ងៃ។

លោក​និយាយ​ថា៖ «ភ្ញៀវ​​ខ្ញុំ​ជា​​អ្នក​ស្ដុកស្តម្ភ​​ចំណូល​​ប្រចាំ​ឆ្នាំ​មិន​ក្រោម ១ លាន​ដុល្លារ ​ហើយ​ខ្ញុំ​ក៏​អាច​រក​ប្រាក់​​បាន​ច្រើន​ជាង​កាល​ដែល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​រចនា​ក្រាហ្វិក​ទៀត​»។

អ្នកស្រី លីឈុន ដែល​បាន​បង្កើត​ក្រុមហ៊ុន​រៀបចំ​បន្ទប់​ខោអាវ​​​ប្រណីត​កាល​​ពី ១០ ឆ្នាំ​មុន កាន់​តែ​មាន​សិស្ស​​​ច្រើន។

អ្នកស្រី​លើក​ឡើង​ថា៖ «ពី​មុន​គេ​គិត​ថា​ យើង​ដូច​អ្នក​​អនាម័យ​សម្អាត​ផ្ទះ។ គេ​អត់​​ឱ្យ​​តម្លៃ​យើង។ តែ​ឥឡូវ​យើង​មាន​ទីផ្សារ ​សូម្បី​ភ្ញៀវ​​​មាន​ខោអាវ​ទ្រនាប់​ប៉ុន្មាន​ឈុត​ក៏​យើង​ដឹង​ខ្ទេច​​ដែរ»៕ AFP/HR