ភ្នំពេញៈ ប្រលោមលោក​ស្នេហា​មាន​គំនូរ​ដ៏ទាក់ទាញ​អម​ដោយ​អត្ថបទ​សន្ទនា ដែល​បកប្រែ​ចេញពី​ភាសាបរទេស​បាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម ដោយ​ទទួល​បាន​ការចាប់​អារម្មណ៍​ជាច្រើន ជាពិសេស​ប្រិយមិត្ត​ជា​នារី​។

ឆ្លង​តាម​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​ការនិពន្ធ​ប្រលោមលោក​បែប​ព្រឺព្រួច (​ខ្មោច​) សម្រាប់​បោះពុម្ព​លក់​ក្នុង​​ ១ ​ក្បាល​តម្លៃ ១២០០៛ តាំងពី​រៀន​ថ្នាក់​ទី ១០ នោះ លោក ឡុង សំរឹទ្ធ បាន​សម្រាក​ពី​ការងារ​ជា​អ្នកនិពន្ធ​រឿង​ខ្មោច​ខ្លីៗ​មក​បកប្រែ​ប្រលោមលោក​ដែល​ជា​ការពេញនិយម​របស់​យុវវ័យ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

យុវជន​វ័យ ២៣ ​ឆ្នាំ​បាន​ប្រាប់​មូលហេតុ​ដែល​លោក​ផ្អាក​តែង​និពន្ធ​រឿង​ខ្លី​មក​បកប្រែ​ប្រលោមលោក​ឲ្យ​ភ្នំពេញ-ប៉ុស្តិ៍ ដឹង​ថា​៖ «​ដោយសារ​តែ​ខ្ញុំ​សង្កេត​មើល​ថា​សម័យនេះ​យុវវ័យ​គាត់​ចូលចិត្ត​មើល​ប្រលោមលោក​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​មើល​នៅ​ក្នុង​ហ្វេសប៊ុក​ដែល​ជា​ប្រលោមលោក​មាន​រូបភាព​វា​មាន​ភាព​ទាក់ទាញ​ជាង​ការអាន​សៀវភៅ​។ ប៉ុន្តែ​ដំបូង​ឡើយ​ខ្ញុំ​បកប្រែ​រឿង​ខ្មោច​ទេ តែ​ដូច​ដឹង​ស្រាប់​ហើយ​សម័យ​នេះ​គេ​ចូលចិត្ត​មើល​រឿង​ស្នេហា​ច្រើន​ជាង អ៊ីចឹង​ខ្ញុំ​ក៏សាកល្បង​បកប្រែ​រឿង​បែប​រ៉ូមែនទិក ប៉ុន្តែ​លទ្ធផល​គឺ​មាន​ការគាំទ្រ​ច្រើន​ជាង​រឿង​ខ្មោច​ពិត​មែន​»​។

លោក​ប្រាថ្នា​ចង់​មាន​ផ្ទះ​បោះពុម្ព​សៀវភៅ​ខ្លួនឯង​។ រូបថត ហ្វេសប៊ុក

មុន​នឹង​យក​រឿង​មក​បកប្រែ អ្នកនិពន្ធ​បញ្ចប់​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស លោក ឡុង សំរឹទ្ធ ត្រូវ​អាន​ប្រលោមលោក​នោះ​ឲ្យ​ចប់​សិន ហើយ​រិះរក​មើល​ថា តើ​រឿង​នោះ​មាន​តម្លៃ​អប់រំ​អី​ខ្លះ​?​។

លោក ឡុង សំរឹទ្ធ បាន​លើកឡើង​ថា​៖ «​បើ​មាន​គំនិត​អប់រំ ទើប​ខ្ញុំ​បកប្រែ​ហើយ​ផូស្ត​ឲ្យ​អ្នកគាំទ្រ​របស់​ខ្ញុំ​មើល​។ ចំពោះ​ប្រលោមលោក​បែប​រ៉ូមែនទិក ខ្ញុំ​ទើប​តែ​បកប្រែ​បាន ២ ​រឿង​នោះ​ទេ​រឿង​ទី​ ១ គឺ «​រៀបការ​ជាមួយ​ភរិយា​ជា​ទីស្រលាញ់​» ដែល​បាន​បញ្ចប់​ហើយ ចំណែក​រឿង​ទី​ ២ «​កិច្ចសន្យា​ស្នេហ៍​» មិន​ទាន់​បញ្ចប់​នោះ​ទេ​។ រឿងនេះ​ដែរ​គឺ​បាន​បង្ហាញ​ពី​ភាពតស៊ូ​របស់​តួឯក​ស្រី​ដែល​ខិតខំ​ធ្វើការ​ដើម្បី​ចិញ្ចឹម​គ្រួសារ​សងគុណ​ដល់​ឪពុក​ម្តាយចិញ្ចឹម ទោះបី​ជា​មិនមែន​ជា​ឪពុកម្តាយ​បង្កើត​ក៏ដោយ​»​។

មាន​កំណើត​ក្នុង​រាជធានី​ភ្នំពេញ​លោក ឡុង សំរឹទ្ធ ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​មួយរូប​ផង​ដែរ បន្ថែម​ពី​លើ​ការងារ​ជា​អ្នកនិពន្ធ​រឿង​ខ្លី និង​បកប្រែ​ប្រលោម​ដែល​លោក​អះអាង​ថា​មិន​ទទួល​បាន​ប្រាក់ចំណូល​អ្វី​នោះ​ទេ ក្រៅពី​ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​របស់​លោក​។

អ្នកនិពន្ធ និង​អ្នកបកប្រែ​រូបនេះ​បាន​លើក​ឡើង​ទៀត​ថា​៖ «​ចំពោះ​អ្នក​ចូលចិត្ត​មើល​ប្រលោមលោក​មិន​បាច់​ចំណាយ​លុយ​ទៅ​ទិញ​សៀវភៅ​យក​មក​អាន និង​ផ្តល់​មកវិញ​នូវ​ការបំបាត់​ភាព​ស្ត្រេស និង​ផ្តល់​គំនិត​អប់រំ​តាមរយៈ​សាច់រឿង​ផង​ដែរ ហើយ​មួយ​ទៀត​ខ្ញុំ​ចង់​ឲ្យ​ផេច​របស់​ខ្ញុំ​មាន​គេ​ស្គាល់​ច្រើន ដើម្បី​ថ្ងៃ​ក្រោយ​ទៅ​បើ​វា​កាន់តែ​ល្បី​ទៅ​ខ្ញុំ​អាច​លក់​រឿង​ដែល​ខ្ញុំ​និពន្ធ​ខ្លួនឯង​បាន​ដោយ​ការបោះពុម្ព​ជា​សៀវភៅ​»​។

លោក ឡុង សំរឹទ្ធ ក៏​បាន​បង្ហើប​ពី​បំណងប្រាថ្នា​ថ្ងៃ​អនាគត​ផងដែរ​ថា​៖ «​ខ្ញុំ​បាន​មាន​គម្រោង​ថា​ចង់​មាន​ផ្ទះមួយ​សម្រាប់​បោះពុម្ព​សៀវភៅ​ខ្លួនឯង​ដោយសារ​តែ​បើ​យក​ទៅ​បោះពុម្ព​កន្លែង​គេ​វា​មាន​តម្លៃ​ថ្លៃ​ហើយ​បើ​តិចតួច​គេ​មិន​បោះពុម្ព​ឲ្យ​ទេ ទោះបី​ជា​គេ​បោះពុម្ព​ឲ្យ​ក៏​តម្លៃ​វា​គុណ​នឹង ២ ឬ ៣ ដែរ​។ សព្វ​ថ្ងៃនេះ​ខ្ញុំ​ក៏​មាន​រឿង​ភាគ​ប្រភេទ​ស្នេហា​ចំនួន ២ រឿង​ដូច​គ្នា​ដែល​មិនទាន់​បាន​បោះពុម្ព ហើយ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​ក៏​មាន​គម្រោង​ថា​ចង់​បើក​សាលាបង្រៀន​ដោយ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​»៕