ក្រុងឡុងដ៍: ការសិក្សាបានរកឃើញថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេកជាពិសេសការបង្ហោះរូបភាពផ្សេងៗ រួមទាំងសែលហ្វ៊ីត្រូវបានភ្ជាប់ទៅនឹងជំងឺតួឯកនិយម។ ក្រុមអ្នកនិពន្ធការសិក្សា បានព្រមានថា លទ្ធផលមានដល់ ១ ភាគ ៥ នៃចំនួនប្រជាជនសរុប ដែលអាចប្រឈមនឹងហានិភ័យកើតជំងឺតួឯក «ស្រឡាញ់ខ្លួនឯងជ្រុល» ដោយទាក់ទងនឹងការបង្ហោះរូបភាពច្រើនហួសហេតុ។
អ្នកដែលប្រើប្រាស់បណ្ដាញសង្គមច្រើនពេកតាមរយៈការបង្ហោះរូបភាពជាមធ្យម ២៥ ភាគរយ ត្រូវបានសង្កេតឃើញថា ពួកគេបានបង្កើនអាការស្រឡាញ់ខ្លួនឯងជ្រុល អំឡុងការសិក្សារយៈពេល ៤ ខែ។
ហ្វេសប៊ុកត្រូវបានប្រើប្រាស់ ៦០ ភាគរយពីអ្នកចូលរួមខណៈ ២៥ ភាគរយ ប្រើអ៊ីនស្ដាក្រាម ១៣ ភាគរយប្រើ Twitter និង ១៣ ភាគរយ ដូចគ្នាប្រើ Snapchat។
ជំងឺតួឯកនិយមគឺជាបញ្ហាលើអត្ដចរិតរបស់បុគ្គលដែលអាចទាក់ទងនឹងការចូលចិត្ដសម្ញែងរូបរាងច្រើនលើសលប់ និងកេងចំណេញពីអ្នកដទៃ។
សាស្ដ្រាចារ្យ ហ្វីលរីដមកពីសាកលវិទ្យាល័យស្វាស៊ីផ្នែកចិត្ដវិទ្យាដែលដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖ «វាមានទំនាក់ទំនងរវាងអាការស្រឡាញ់ខ្លួនជ្រុលទៅនឹងការបង្ហោះរូបភាពលើបណ្ដាញសង្គម ដូចជា Facebook»។
លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំណោមសកម្មភាពប្រើបណ្ដាញសង្គម ការបង្ហោះរូបសែលហ្វ៊ីអាចបង្កើនឱកាសជំងឺតួឯកខ្លាំង។ ការសិក្សាមួយនេះត្រូវបានចុះផ្សាយក្នុងព្រឹត្ដិបត្រ The Open Psychology Journal៕
HR