ក្រុង​ហ្សាការតា : អ្នក​ជីក​ផ្នូរ ជូណៃឌីហាគីម ស្រែក​​ថា «​ប្រញាប់​ឡើង​» ខណៈ​លោក​តឿន​ក្រុម​ការងារ​ពាក់​ឈុត​ការពារ​ក្នុង​សកម្មភាព​ដ៏​មមាញឹក ​ដើម្បី​ជីក​កប់​សព​ជន​រង​គ្រោះ​ពី​ជំងឺ​កូវីដ​-១៩ នៅ​ទីស្មសាន្ដ​ ឯ​ក្រុង​ហ្សាការតា។

ក្រុម​ការងារ​បញ្ចុះ​សព​ត្រូវ​ជីក​ប្ដូរ​រណ្ដៅ​សព​ប្រញាប់​ប្រញាល់ ក្នុង​បំណង​ឲ្យ​កិច្ចការ​រួច​រាល់​ត្រឹម​រយៈ​ពេល​តិច​ជាង ១០ នាទី​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​ជំងឺ​ពី​សព​ចំពោះ​ពួកគេ។

បុរស​អាយុ ៤២ ឆ្នាំ លោក ហាគីម ជា​ឪពុក​កូន ៤ នាក់​បាន​និយាយ​ថា​៖ «​អ្វីដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​នោះ​គឺ​នៅពេល​យើង​ទម្លាក់​មឈូស​ចុះ ​ពីព្រោះ​យើង​ត្រូវ​ប៉ះពាល់​ផ្ទាល់។ យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​បន្ដិច នៅពេល​បញ្ចុះ​រួច​ភ្លាម​»។

សាច់ញាតិ​សព​ បានត្រឹមតែ​ធ្វើការ​បួងសួង​មួយភ្លែត រួច​ក៏​ត្រូវបានស្នើ​ឲ្យចាកចេញពី​កន្លែង​បញ្ចុះសព។ រូបថត AFP

អ្នក​ជីក​ផ្នូរប្រមាណ ៥០ នាក់​នៅ​ទីស្មសាន្ដ Pondok​ Ranggon ជា​កន្លែង​បញ្ចុះ​សព​អ្នក​ជំងឺកូវីដ​-១៩ ក្នុង​ចំណោម ២ ទីតាំង នៅ​ទីក្រុង​របស់​ឥណ្ឌូនេស៊ី កំពុង​ធ្វើ​ការ​រហូត​ដល់​ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និងពេញ​ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ជា​ថ្នូរ​នឹង​ប្រាក់​ខែ ៤,២ លាន​រូព្យា (២៩០ ដុល្លារ)។

ពួកគេ​ជីក​ផ្នូរ​យ៉ាង​តិច ២០ រណ្ដៅ​ថ្មីៗ​ក្នុង​មួយថ្ងៃ ដោយ​ដោត​ស្លាក​សញ្ញា​ពណ៌​ស​សម្គាល់ សម្រាប់​សរសេរ​ឈ្មោះ​ ថ្ងៃ​កំណើត និង​ថ្ងៃ​មរណៈ​របស់​សព​នីមួយៗ។

លោក ហាគីម បាន​បន្ដថា​៖ «​ឡាន​ពេទ្យ​ដឹក​សព​មក​ទី​នេះ​បន្ដ​កន្ទុយ​គ្នា​»។

ក្រុម​ការងារ​ពុះពារ​នឹង​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​ ដោយ​ឮសំឡេងយំ​សោក​ក្ដុក​ក្ដួល​របស់​សាច់​ញាតិ​សព​នៅ​ក្បែរ​ត្រចៀក​ផង​ដែរ។

ពួកគេជីកផ្នូរយ៉ាងតិច ២០ រណ្ដៅថ្មីៗក្នុងមួយថ្ងៃ ជាមួយ​ស្លាកសម្គាល់​សម្រាប់សរសេរឈ្មោះ ថ្ងៃកំណើត និងថ្ងៃមរណៈនៃ​សព។ រូបថត AFP

ក្រុម​គ្រួសារ​សព​ទាំង​នោះ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​អែនអន​យូរ​ ដោយ​ទុក​ឱកាស​ឲ្យ​តែ​បួង​សួង​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​ចុង​ក្រោយ​មួយ​ភ្លែត​ប៉ុណ្ណោះ។

ប្រទេស​ប្រជុំកោះ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ប្រជាជន​សរុប​ជាង ២៦០ លាន​នាក់​នេះមាន​តួលេខ​អ្នក​ស្លាប់​​ ១៣៧២ ​នាក់​ ហើយ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មួយ​ដែល​មាន​សមត្ថភាព​តេស្ដ​វិរុស​កូរ៉ូណា​ទាប​បំផុត។

មន្ដ្រី​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថាទិន្នន័យ​ពិត​ប្រាកដ​មាន​ចំនួន​ខ្ពស់​ជាង​នេះ។

អ្នក​បញ្ចុះសព ដែល​ធ្វើការ ១៥ ម៉ោង​ក្នុងមួយថ្ងៃ ជាថ្នូរនឹងប្រាក់ខែ ៤,២ លានរូព្យា (២៩០ ដុល្លារ)។ រូបថត AFP

យ៉ាង​ហោច​ណាស់ សព​ ២១០៧ នាក់​ត្រូវបាន​បញ្ចុះ​ក្រោម​ពិធីការ​សុវត្ថិភាព​កូវីដ​-១៩ ក្នុង​តំបន់​ផ្ទុះ​មេរោគ​ក្រុង​ហ្សាការតា​ ស្ទើរ​តែលើស​ពី​ដង​នៃ​របាយ​ការណ៍​ទូទាំង​ប្រទេស។

ទោះបីជា​មាន​ប្រុង​ប្រយ័ត្ន​យ៉ាង​ណាមិញអ្នក​ជីក​ផ្នូរ​ ហាគីម បាន​និយាយ​ថា អ្នក​ជិត​ខាង​របស់លោក​នាំ​គ្នាដើរ​​​គេច​ៗ​​​ពីរូបលោក​ តាំងពី​ករណី​ដំបូង​ផ្ទុះ​ឡើង​ក្នុង​​ខែ​មីនា។

លោក​និយាយ​ថា​៖ «​ថ្វីដ្បិតតែ​ពួកគេ​មិន​និយាយ​ចំហ តែ​ខ្ញុំ​អាច​ដឹង​ថាពួកគេ​ព្យាយាម​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ មិន​ខុស​អី​ពី​ពួកគេ​ខ្លាច​ខ្ញុំ​នោះទេ​»៕ AFP/HR

ក្រុមការងារបញ្ចុះសពត្រូវជីកប្ដូររណ្ដៅសពប្រញាប់ប្រញាល់ ក្នុងបំណងឲ្យកិច្ចការរួចរាល់ត្រឹមរយៈពេលតិចជាង ១០ នាទី។ រូបថត AFP