ក្រុងហ្ស៊េរុយសាឡឹម: ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិអ៊ីស្រាអែលបានឲ្យដឹងកាលពីសប្ដាហ៍មុនថា ពួកគេបានទទួលជោគជ័យក្នុងការដកយកមេដំបែពីក្រឡស្រាបុរាណ និងប្រើប្រាស់វាក្នុងការផលិតស្រាបៀរដែលស្រដៀងទៅនឹងគ្រឿងស្រវឹងដែលព្រះចៅផារ៉ាអុង។
ស្រាបៀរដែលទើបតែផលិតឡើងវិញនេះមានកម្រិតជាតិអាល់កុល ៦ ភាគរយដែលជាសមិទ្ធផលរបស់ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរបុរាណវត្ថុវិទ្យារបស់អ៊ីស្រាអែល។
មេដំបែ ៦ ប្រភេទត្រូវបានប្រមូលពីក្រឡបុរាណអាយុកាលចន្លោះពី ៣ ០០០ ទៅ ៥ ០០០ ឆ្នាំមុននៅតំបន់ប្រវត្តិសាស្ត្រជាច្រើនរួមមានអេហ្ស៊ីបតែលអាវីវ និងហ្ស៊េរុយសាឡឹម។
គ្រឿងផ្សំពីបុរាណនេះត្រូវបានយកមកផ្សើមឲ្យដុះឡើងវិញ ដើម្បីប្រើប្រាស់ក្នុងការបិតស្រាបៀរជាមួយបច្ចេកទេសនាយុគសម័យទំនើប។
ការស្រាវជ្រាវនេះបានស្រាយចម្ងល់ពីការវិវឌ្ឍនៃមីក្រូសរីរាង្គតាំងពីបរមបុរាណរហូតដល់បច្ចុប្បន្ន។
លោក Yitzhak Paz ជាមន្ត្រីអាជ្ញាធរបុរាណវត្ថុវិទ្យាអ៊ីស្រាអែលបានឲ្យដឹងថា៖ «ស្រាបៀរដែលយើងផលិតឡើងវិញនេះពិតជាមានរសជាតិអស្ចារ្យមែន។ ខ្ញុំជាអ្នកមានបទពិសោធផឹកស្រាបៀរច្រើនប្រភេទ ដូច្នេះខ្ញុំដឹងច្បាស់ថាវាឆ្ងាញ់»។
លោកអះអាងថា៖ «នេះជាលើកទី ១ ហើយដែលយើងអាចប្រើប្រាស់វត្ថុសំណល់ពីបរមបុរាណក្នុងការផលិតស្រាបៀរសម្រាប់មនុស្សយុគសម័យនេះ»។
ក្រុមអ្នកស្រាវជ្រាវក៏បានរំពឹងដែរថា ពួកគេនឹងអាចប្រើប្រាស់គ្រឿងផ្សំរូបមន្តធ្វើស្រាបៀរពីបុព្វបុរសក្នុងការផលិតសម្រាប់លក់នៅលើទីផ្សារផងដែរនៅថ្ងៃអនាគត៕