ក្រុងបាងកក៖ អ្នកបើកបររថយន្ដតាក់ស៊ី សូភី ស៊ីលផាគិត បានសូត្រអាគមលើកថា យ័ន្តជុំវិញករបស់លោកក្នុងសំឡេងតិចៗ រួចចូលក្នុងរថយន្ដជាជំនឿធ្វើឱ្យលោកប្រឆាំងនឹងជំងឺកូវីដ ១៩។
បុរសអាយុ ៦៥ ឆ្នាំ ជាអ្នករត់ឡានតាក់ស៊ីក្នុងក្រុងបាងកក រមែងមានទំនាក់ទំនងជាមួយមនុស្សជាច្រើនរៀងរាល់ថ្ងៃ ហើយរបររកស៊ីរបស់លោកក្លាយជាក្ដីបារម្ភ ដោយសារទីក្រុងនេះកំពុងជាចំណុចផ្ទុះនៃការរីករាលដាលជំងឺខ្លាំងនៃរលកទី៣។
លោកប្រាប់ AFP ថា៖ «ខ្ញុំបួងសួងយ័ន្តទាំងនេះរៀងរាល់ថ្ងៃ បំណងកុំឱ្យវីរុសចូលមកក្បែរខ្ញុំ។ ខ្ញុំពិតជាជឿថា កថាយ័ន្តទាំងនេះអាចការពារខ្ញុំពីវីរុស និងជួយឱ្យខ្ញុំមានសុខភាពល្អ»។
ជនជាតិថៃដែលប្រណិប័តន៍ព្រះពុទ្ធសាសនាមានជំនឿយ៉ាងមុតមាំចំពោះអបិយជំនឿ ដោយពលរដ្ឋជាច្រើនជឿថា លាភសំណាង និងយីអ៊ុន អាចត្រូវបានបង្កើតឡើងតាមរយៈវត្ថុស័ក្ដិសិទ្ធិ ហើយវាមិនចម្លែកទេដែលអ្នករកស៊ីមានពាក់គ្រឿងមន្តអាគមទាំងនេះក្នុងអាវឡើយ។
វត្ថុស័ក្ដិសិទ្ធិគ្រាន់តែមានរូបរាងធម្មតាៗ ដូចជា ចម្លាក់ព្រះពុទ្ធ ឬមានការបន្ថែមគ្រឿងតុបតែង ជាមួយការស្រោបមាស ឬប្លាទីនជុំវិញចម្លាក់ពុទ្ធអង្គប្លាស្ទិកជាដើម។
លោក សូភី ដែលរក្សាទុកវត្ថុស័ក្ដិសិទ្ធិលើសពី ១០០ គ្រឿង ក្នុងរថយន្ដបាននិយាយថា លោកមានជំនឿចិត្ដថា រថយន្ដតាក់ស៊ីរបស់ខ្លួនគ្មានវីរុសណាហ៊ានមកក្បែរឡើយ។
សម្លឹងមើលវត្ថុស័ក្ដិសិទ្ធិកំពុងយោលរណែងរណោងនៅកញ្ចក់ក្រោយរថយន្ដ ពេលលោកកំពុងកាច់ចង្កូតបត់ចូលផ្លូវច្រកតូច លោកបាននិយាយថា៖ «ខ្ញុំមិនខ្វល់ថា តើកថាយ័ន្តទាំងនេះមានតម្លៃជាវប៉ុន្មាននោះទេ។ ខ្ញុំមិនសូវគិតរឿងតម្លៃឡើយ»។
ប្រពៃណីនៃការថែរក្សា ជាវ និងលក់វត្ថុស័ក្ដិសិទ្ធិពិតមានការពេញនិយម ដែលសូម្បីតែក្រុងបាងកកក៏មានផ្សារលក់ផលិតផលទាំងនេះ ជាទីដែលវត្ថុជំនឿទាំងនោះលក់ក្នុងតម្លៃខ្ពស់។
រដ្ឋាភិបាលថៃបានបិទផ្សារនៅពេលអត្រាឆ្លងជំងឺកូវីដ ១៩ ហក់ឡើងខ្ពស់កាលពី ១ ឆ្នាំមុន ដោយសារតែមានប្រជាប្រិយនៅតាមតូបតូចៗទាំងនោះក្នុងចំណោមពលរដ្ឋថៃចាស់ៗ។
អ្នកបើកតាក់ស៊ី វ៉ាសាន់ ស៊ុកជិត អាយុ ៤៣ ឆ្នាំ ដែលនិយាយថា លោកទទួលបានវត្ថុស័ក្ដិសិទ្ធិកម្រៗជាច្រើនពីតាមបណ្ដាខេត្ដនានា បានឱ្យដឹងថា៖ «គ្រឿងថ្លៃៗបំផុតចំពោះវត្ថុស័ក្ដិសិទ្ធិរបស់ខ្ញុំមានតម្លៃចន្លោះពី ៣២០ ទៅ ៦៤០ ដុល្លារ»។
រថយន្ដតាក់ស៊ីរបស់លោកក៏មានយ័ន្តរំលេចព្រះពុទ្ធរូបតាំងបិទជាប់ដំបូលរថយន្ដ ដោយសារជឿថា វត្ថុស័ក្ដិសិទ្ធិតាមថែរក្សាលោក ពេលធ្វើដំណើរតាមដងវិថីក្នុងក្រុងបាងកក។
ក្នុងចំណោមអ្នកបើកបររថយន្ដតាក់ស៊ីមានជំនឿលើវត្ថុស័ក្ដិសិទ្ធិនេះបានកើតមានឡើងជុំវិញរឿងរ៉ាវអ្នកបើកបរនៅមានជីវិតរស់ពីគ្រោះថ្នាក់លើដងវិថីដ៏អសោចរបស់ថៃ។
យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា រាជាណាចក្រនេះមានអត្រាអ្នកស្លាប់លើដងវិថីខ្ពស់មួយក្នុងពិភពលោក បន្ទាប់ពីប្រទេសញាំញីដោយសង្គ្រាម លីបេរីយ៉ា។
ទោះជាវត្ថុស័ក្ដិសិទ្ធិអាចធ្វើឱ្យអ្នកបើកតាក់ស៊ីមានអារម្មណ៍ស្រាកស្រាន្ដពីកង្វល់ចំពោះវីរុសកូរ៉ូណា លោក ស៊ុកជិត លោកនិយាយទាំងពាក់ម៉ាស់មុខថា៖ «ច្បាស់ណាស់ យើងនៅតែត្រូវពាក់ម៉ាស់ និងលាងដៃនឹងអាល់កុលជាប្រចាំ»៕ AFP/HR