ក្រុងទីរ៉ាណា៖ ពុះជ្រៀកជួរភ្នំឆ្លងកាត់វាលទំនាបនិងធ្លាក់ទៅដល់សមុទ្រ Adriatic ដ៏ភ្លឺព្រៀកៗនៃដែនដីអាល់បានីទស្សនីយភាពធម្មជាតិដ៏អស្ចារ្យនៃដងទន្លេ Vjosa គឺជាកំណព្វរបស់ជាតិ តែវាក៏កំពុងរងនូវការគំរាមកំហែងខ្លាំងផងដែរ។
ក្រុមសកម្មជនយល់ឃើញថា អស់ពេលវេលាសង្គ្រោះនូវអ្វីដែលពួកគេហៅថា «ទន្លេអភិរក្ស» ចុងក្រោយបំផុតនៅអឺរ៉ុប ដោយនៅតែបន្ដមានការអភិវឌ្ឍដោយឧស្សាហកម្ម សំណង់ទីក្រុង ឬទំនប់ជាច្រើន ទោះបីជាមានវត្ដមានតារាហូលីវូដកំពូល ដូចជា ឡេអូណាដូ ឌីកាព្រីយ៉ូ ខិតខំស្រោចស្រង់យ៉ាងណាក៏ដោយ។
ក្ដីបារម្ភភ្លាមៗបានកើតឡើងនៅពេលគម្រោងកសាងទំនប់វារីអគ្គិសនីកម្ពស់ ៥០ ម៉ែត្រមួយគ្រោងបង្កើតឡើង។
ក្រុមហ៊ុនតួកគី និងអាល់បានី បានទទួលសិទ្ធិអភិវឌ្ឍគម្រោង ទំនងជាការអភិវឌ្ឍដំបូងក្នុងការកែប្រែទន្លេអាល់បានី លាតសន្ធឹងប្រមាណ ២០០ គីឡូម៉ែត្រ ដែលមានចំណុចខ្ពស់នៅជួរភ្នំ ភីនដាស់ ដោយឆ្លងកាត់ព្រំដែនប្រទេសក្រិក។
ទំនប់វារីអគ្គិសនី នឹងធ្វើឱ្យជន់លិចតំបន់សត្វកម្ររស់នៅ និងរុក្ខជាតិ ក៏ដូចជា បំផ្លាញដីកសិដ្ឋាន មុខរបរទទួលទានរបស់ប្រជានេសាទ និងបង្ខំមនុស្សរាប់ពាន់នាក់ត្រូវជម្លៀកខ្លួនចេញពីលំនៅឋាន។
ម្ចាស់ភោជនីយដ្ឋានក្នុងស្រុក អាចាន់ ហ្សេហ្គាក បាននិយាយថា៖ «ទន្លេ Vjosa គឺជាក្ដីស្រឡាញ់ខ្លាំងបំផុតរបស់ខ្ញុំ។ ជីវិតរបស់ខ្ញុំគឺនៅទីនេះ តាំងពីកុមារភាពរហូតដល់យុវវ័យគឺនៅទីនេះ»។
ភោជនីយដ្ឋានតាមចិញ្ចើមផ្លូវរបស់លោកក្នុងភូមិឃ្វេសារ៉ាត់ ទទួលប្រយោជន៍ពីទេសភាពដងទន្លេគួបវាលស្មៅបៃតងស្រស់ ដែលផ្ដល់ជីវិតដល់រុក្ខជាតិ និងសត្វជាច្រើន។
បើមានការអភិវឌ្ឍទំនប់មែនធម្មជាតិទីនេះនឹងរលាយបាត់អស់។ ទឹកនឹងជន់លិចផ្លូវដែលមិនឆ្ងាយប៉ុន្មានពីមាត់ទ្វារផ្ទះរបស់លោកឡើយ។
លោក ហ្សេហ្គាក បានបញ្ជាក់ថា៖ «ខ្ញុំច្បាស់ជាត្រូវធ្វើចំណាកស្រុកហើយ។ ខ្ញុំមើលមិនឃើញថានឹងត្រូវធ្វើអ្វីដើម្បីចិញ្ចឹមជីវិតឡើយ»។
បញ្ហាផ្លូវច្បាស់ចំពោះការកសាងទំនប់បាននិងកំពុងញាំញីជីវភាពពលរដ្ឋពីរទសវត្សរ៍មកហើយ ហើយរយៈពេលជាច្រើនឆ្នាំមកនេះសកម្មជនក៏ជំរុញឱ្យមានជាដំណោះស្រាយផងដែរ។
បេសចាណាហ្គូរីមកពីអង្គការ Eco Albania បានប្រាប់ AFP ថា៖ «ទន្លេ Vjosa ត្រូវតែប្រកាសជាឧទ្យានជាតិ។ វានឹងមិនត្រឹមតែជាការការពារជីវចម្រុះប៉ុណ្ណោះទេប៉ុន្ដែថែមទាំងអនុញ្ញាតឱ្យមានការអភិវឌ្ឍចីរភាព និងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងអេកូទេសចរណ៍ក្នុងស្រុកផងដែរ»។
ក្រុមសកម្មជន បានគូសបញ្ជាក់ថាសត្វប្រមាណ ១ ១៧៥ ក្បាល និងរុក្ខជាតិជាច្រើនប្រភេទត្រូវបានកត់ត្រានៅតាមដងទន្លេ Vjosa រួមទាំង ១១៩ ប្រភេទ ស្ថិតក្រោមច្បាប់ការពារអាល់បានីហើយ ៣៩ប្រភេទត្រូវបានចុះបញ្ជីជាអម្បូររងការគំរាមកំហែងជាលក្ខណៈអន្ដរជាតិ។
ចំណុចសំខាន់បំផុត ការប្រយុទ្ធប្រឆាំងនឹងការកសាងទំនប់ គឺជាបំណងអភិរក្ស និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រជាជនពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយបារម្ភថា ទំនប់វារីអគ្គិសនីនឹងបំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋរាប់ពាន់នាក់ លោកអ៊ីដាចេត ហ៊្សូតាកជាអ្នកភូមិអាយុ ៦០ ឆ្នាំ បាននិយាយថា៖ «ទន្លេ Vjosa ពិតជាសំខាន់ណាស់សម្រាប់ពួកយើង សម្រាប់ដីរបស់យើងសម្រាប់អាហាររបស់យើងដោយវាជាផ្នែកមួយនៃជីវិតយើង»។
មេហ្ស៊ីនហ្សែម ហ៊្សូតាក អាយុ ៨៦ ឆ្នាំដែលកូនៗ ៧ នាក់ របស់លោកបានចាកចេញពីតំបន់នោះដោយ ៤ នាក់ បានធ្វើចំណាកស្រុកបាននិយាយថា៖ «ខ្ញុំនឹកកុមារភាពណាស់»។
លោកបានបន្ដ ពេលកៀងហ្វូងចៀមស្ថិតនៅចម្ងាយប៉ុន្មានពីទឹកទន្លេថា៖ «ខ្ញុំច្បាស់ណាស់ថាបើទន្លេ Vjosa ក្លាយជាឧទ្យានជាតិ ពួកគេនឹងវិលមកកសាងអនាគតនៅទីនេះវិញនោះគឺជាផ្ទះរបស់ពួកគេតែម្ដង»៕ AFP/HR