ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែង និងចម្រៀងស្រី មេម៉ាយកូន ៣ មានវ័យជ្រេតែសម្រស់នៅតែខ្ញង់មិនចាញ់តារាក្មេងៗ អ្នកនាង ស៊ិន ឧត្តមផល្លា ទទួលបានលាភថ្មីនៅក្នុងការងារថតកុនថ្មី ជាមួយផលិតកម្មហង្សមាស ក្រោយពីរយាលការងារសិល្បៈមួយរយៈ ដោយសារតែជួបវិបត្តិជំងឺកូវីដ ១៩។
នៅចាំបានថា តារាសម្តែង និងចម្រៀងស្រីល្បីមានសមត្ថភាពខ្លាំងជាងមុនក្នុងការបកស្រាយបទចម្រៀងដ៏ពីរោះច្រើនភាសា ដើម្បីបំពេញតាមតម្រូវការប្រិយមិត្តអ្នកស្តាប់ អ្នកនាង ស៊ិន ឧត្តមផល្លា គ្រាន់តែប្រកាសវិលចូលសិល្បៈវិញភ្លាមក្រោយបាត់មុខជាង ១០ ឆ្នាំនោះ ក៏ត្រូវបានខាងផលិតកម្មហង្សមាស ហៅថតកុនភាគដំបូង ភ្លាមគឺរឿង «រាជិនីភូមិគ្រឹះ» ដែលទើបតែបានចាក់បញ្ចាំងចប់នៅប៉ុស្តិ៍ហង្សមាស នាដើមឆ្នាំ ២០២០ នេះ។
តាំងពីវិលត្រឡប់ចូលសិល្បៈវិញ មហាជនសង្កេតឃើញថា រាសីរបស់តារាចម្រៀងស្រីរូបនេះ ចង់ខ្លាំងជាងកាលនាងពីនៅលីវផង សម្រាប់ទីផ្សារសិល្បៈដោយ ស៊ិន ឧត្តមផល្លា មិនត្រឹមតែសម្បូរទីកន្លែងសម្រាប់ច្រៀងនោះទេ គឺថែមទាំងក្តោបបាននូវឱកាសថតកុនទាំងភាគ និងកុនដុំជាហូរហែ ខណៈទទួលបានការស្វាគមន៍កុនភាគដំបូងពីផលិតកម្មហង្សមាសរឿង «រាជិនីភូមិគ្រឹះ» និងក្រោយមក ថតកុនដុំ នៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទូរទស្សន៍បាយ័ន ទូរទស្សន៍ PNN និងទូរទស្សន៍ថោនជាដើម។
ស្របពេលទីផ្សារសិល្បៈឡើងស្រឺតៗ ពេលវ័យកាន់តែជ្រេ តារាសម្តែង និងចម្រៀង មេម៉ាយកូន ៣ សម្រស់នៅស្រស់ស្អាត គឺមិនចាញ់តារាសម្តែងក្មេង អ្នកនាង ស៊ិន -ឧត្តមផល្លា ហាក់តាំងចិត្តខ្លាំងក្នុងការកើបប្រាក់ដុំ លើអាជីពខ្លួនទាំង ២ ខណៈក្នុងការសម្តែងកុន អ្នកនាង កាក់កបខ្លាំងនឹងតួសម្តែងជាម្តាយគេ តួសុភាពរាបសាហើយលើកនេះក៏ដើរតួម្តាយគេដែរ។
តារាចម្រៀងដែលមានបន្ទុកចិញ្ចឹមកូន ៣ នាក់ ខណៈស្វាមីបានចែកឋានចោលជាង ១០ ឆ្នាំ ដែលបច្ចុប្បន្ននេះ ជាថៅកែលក់គ្រឿងស្បង់ចីវរ និងសម្ភារបុណ្យទាននានា ហើយក៏កាក់កបខ្លាំង សម្រាប់ទីផ្សារសិល្បៈ បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយលាយឡំនឹងសំណើចតិចៗថា៖ «ត្រូវហើយបង! វ័យយើងមានតែតួម្តាយហ្នឹងហើយ! កាលពីថតកុនដំបូងនៅហង្សមាស ក៏តួម្តាយគេ ហើយលើកនេះ ក៏តួម្តាយទៀត គឺសម្តែងជាម្តាយរបស់តួឯកប្រុស»។
ដោយសារការថតកុនថ្មីនេះទើបដំណើរការថតបានចំនួន ២-៣ ថ្ងៃ ហើយជាលក្ខខណ្ឌសម្ងាត់រវាងតួសម្តែង និងផលិតកម្មសុំមិនឲ្យបង្ហើបប្រាប់រឿងមុនពេលថតកុនចប់នោះ ទើបតារាសម្តែងស្រីវ័យ ៤០ ឆ្នាំ អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបញ្ជាក់៖ «ចំពោះចំណងជើងនោះ សុំមិនទាន់ជម្រាបបានទេពេលនេះ ដោយសារតែជាលក្ខខណ្ឌរបស់ក្រុមហ៊ុន ខណៈឯសាច់រឿងសម្តែងសម្រាប់នាងខ្ញុំវិញគឺដើរតួជាម្តាយគេ ដែលជាស្រ្តីមេម៉ាយម្នាក់មានជីវភាពក្រលំបាក តែនៅចុងក្រោយបានក្លាយទៅជា អ្នកមានទ្រព្យធនស្តុកស្តម្ភសម្បូរសប្បាយវិញ»៕