ភ្នំពេញ៖ ជាមួយ​ឧបនិស្ស័យ​នឹង​អំបោះ​ផ្សំគំនិត​ច្នៃប្រឌិត ផ្គួប​បច្ចេកទេស​បន្ថែម​រៀន​ពី​យូធូប​អ្នកស្រី អ៊ួន សុខន្ធារ័ត្ន បាន​ប្រើប្រាស់​ម្ជុលចាក់​របស់ខ្លួន​គួច​ផ្គុំ​សរសៃអំបោះ​ជា មួក ខោអាវ​ក្មេង កាបូប ថង់​ដាក់​ដប​ទឹក អាវ​ឆ្កែ បន្តោង​សោ និង​កន្សែង​បង់ក រំលេច​ភាពស្អាត​ប្លែក​លេចធ្លោ និង​មិន​សាំភ្នែក។

ស្ត្រី​ដែល​ឧស្សាហ៍​នឹង​ការងារ​ចាក់​អំបោះ​រូបនេះ​បាន​និយាយ​ទាំងអស់​សំណើច​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «និយាយ​ទៅ​កំប្លែង​ដែរ ការងារ​នេះ​ខ្ញុំ​ចេះ​ដោយសារ​ការរៀន​គេហវិទ្យា​តាំងពី​នៅ​សម័យបឋម។ ខ្ញុំ​មិនមែន​ជា​សិស្ស​ឆ្លាត​ជាងគេ​អី​ទេ គ្រាន់តែ​ខ្ញុំ​ចូលចិត្ត​ទើប​ខ្ញុំ​ចាក់​ប្លែក​ពី​គេ និង​តែងតែ​ឆ្ងល់​សួរ​គ្រូ​ថែម​ជារឿយ។ តាំងពី​ពេល​ហ្នឹង​រហូតមក​ក៏​ចេះ​ចាំ​ដៃ»។

ដើមឡើយ​អ្នកស្រី សុខន្ធារ័ត្ន មិន​គិតថា​មាន​អ្នក​ចាប់អារម្មណ៍​មាន​អ្នក​កុម្ម៉ង់ និង​ឈានដល់​ការបង្កើត​មុខរបរ​នោះទេ​ ព្រោះ​គិតថា​មួក​ ឬ​ខោអាវ​ចាក់​ជា​របស់​ទូទៅ​ធម្មតា។

វេលា​ថ្ងៃ​មួយ​ពេល​ចាក់​មួក​ឱ្យ​កូន​អ្នកស្រី​ក៏បាន​យក​រូប​ទៅ​បង្ហោះ​ធ្វើឱ្យ​មិត្តភក្តិ​អ្នក​ជុំវិញខ្លួន​ចាប់អារម្មណ៍​ជាខ្លាំង។ ពួកគេ​ក៏បាន​លើក​ទឹកចិត្ត​ឱ្យ​អ្នកស្រី​សាកល្បង​ដាក់​លក់​ស្នាដៃ​ទាំងនេះ ព្រោះ​ឃើញ​ម៉ូដប្លែក។

ស្ត្រី​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា៖ «ខ្ញុំ​គ្រាន់តែ​ចង់បង្ហាញ បង្អួត​ស្នាដៃ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ដូចនេះ​រាល់​សម្ភារ​ខ្ញុំ​ធ្វើ​រួច​ក៏​បង្ហោះ​លេង​ក្នុង​ផេច​ដែល​មាន​ស្រាប់»។

អាវ​ឆ្កែ​ និង​បន្តោង​សោ​ជា​ស្នាដៃ​ចាក់​ពី​អំបោះ​របស់​អ្នកស្រី សុខន្ធារ័ត្ន។ ហ្វេសប៊ុក

ប្រទះ​ភ្នែក​នឹង​ស្នាដៃ​ចាក់​ស្អាតៗ​លើ​បណ្ដាញ​សង្គម បងធម៌​របស់​អ្នកស្រី​ដែលជា​ជនបរទេស​ក៏​ជួយផ្ដល់​គំនិត​ឱ្យ​អ្នកស្រី​ច្នៃ​ចាក់ចេញ​ជា​ឈុតក្មេងៗ​សម្រាប់​រដូវកាល​បុណ្យ​ហាឡូវីន​តាម​វប្បធម៌​បស្ចិមប្រទេស ដែល​តែង​ធ្វើឡើង​នៅ​ចុងខែ​តុលា។ អ្នកស្រី​ក៏​ចាក់​ជា​ឈុត​មួក​ល្ពៅ និង​ខោ​កូនក្មេង​យ៉ាង​គួរឱ្យ​ស្រឡាញ់។

បងធម៌​របស់​អ្នកស្រី សុខន្ធារ័ត្ន បាន​ជួយ​ផ្សព្វផ្សាយ​ស្នាដៃ​នេះ​បន្ត​ទៅកាន់​មិត្តភក្តិ​បរទេស​ច្រើន​ទៀត​ដែល​នាំឱ្យ​មានការ​កុម្ម៉ង់​ម៉ូដ​ផ្សេងៗ​ជា​បន្តបន្ទាប់។

អ្នកស្រី សុខន្ធារ័ត្ន បានឱ្យដឹង​ដែរ​ថា​អ្នកស្រី​មិនមែន​ជា​អ្នក​ចាក់​អាជីព​ដែល​អាចធ្វើ​ដូច​រាល់​រូបភាព​កុម្ម៉ង់ ១០០% ពី​អតិថិជន​ទេ ដោយ​ហេតុថា​សព្វថ្ងៃ​ពិបាក​រក​សម្ភារ​លក់​នៅ​ក្នុង​ស្រុក​ជា​ប្រភេទ​អំបោះ​អាច​ទន់ ឬក៏​រឹង​ជាង​អ្វីដែល​ត្រូវ​បាន​ប្រើ​ក្នុង​គំរូ​ម៉ូដ។

ស្ត្រី​ប្រសប់​ផ្នែក​គេហកិច្ច​រូបនេះ​បាន​លើកឡើង​ទៀតថា៖ «អ្នកខ្លះ​ក៏​ចាប់អារម្មណ៍​ម៉ូដ​ដែល​ខ្ញុំ​បង្ហោះ​នៅលើ​ផេច​ស្រាប់ តែ​អ្នកខ្លះ​គាត់​មាន​ម៉ូ​ដដែល​គាត់​ចូលចិត្ត​ផ្សេង។ ដោយសារ​តែ​ភាគច្រើន​វា​ជា​ម៉ូដ​យក​ពី​ក្នុង​អ៊ីនធើណិត​មិនមែន​ជា​របស់​ខ្មែរ ដូចនេះ​សម្ភារ​យើង​ប្រើ​ខុសគ្នា​វា​ពិបាក​រកនៅ​ខ្មែរ»។

ឈុត​កូនក្មេង​សម្រាប់​ពាក់​ថតរូប​លេង​បែប​ឃ្យូតៗ​ម៉ូដ​ល្ពៅ តម្រូវ​ឱកាស​បុណ្យ​ហាឡូវីន។ ហ្វេសប៊ុក

អ្នកស្រី​បន្តថា៖ «យ៉ាងណាមិញ​បើ​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​នឹង​ធ្វើ បើ​មើលទៅ​គាត់​ចង់បាន​ប្រហាក់ប្រហែល​ហ្នឹង​ខ្ញុំ​នឹង​ផ្ដល់​យោបល់​ឱ្យ​គាត់​វិញ​ថា​គាត់​អាច​ទទួល​បាន​បែបនេះ​ឬ​យ៉ាងណាដែរ។ ជាក់ស្ដែង​ខ្ញុំ​អាច​ធ្វើ​បាន ៧០ ទៅ ៨០% ស្រដៀង​ហ្នឹង»។

គិត​មកដល់​ពេល​នេះ​អ្នកស្រី សុខន្ធារ័ត្ន ចាប់ផ្ដើម​ទទួល​អតិថិជន​ចម្រុះ​ជាតិ​សាសន៍​ទាំង​ខ្មែរ និង​បរទេស​បាន​ប្រមាណ​ជា ១ ឆ្នាំ ហើយ​តាមរយៈ​ឈ្មោះ​ Nina Brand ។ ភ្ញៀវ​បរទេស​មាន​ចំណូលចិត្ត​ជាវ​ឈុត​សម្រាប់​ថតរូប​ទារក​ទើបតែ​កើត រីឯ​ភ្ញៀវ​ខ្មែរ​ពេញនិយម​ជាវ​កាបូប និង​មួក​ជាឈុត។

យ៉ាងណាមិញ អ្នកស្រី​បានបញ្ជាក់​ថា មិនមាន​ទំនិញ​ស្រាប់​នៅក្នុង​ស្ដុក​ទេ។ ដូចនេះ​អតិថិជន​ត្រូវ​ធ្វើការ​កុម្ម៉ង់ និង​រង់ចាំ​ទើប​អ្នកស្រី​អាច​ច្នៃ​ផលិត​ជូន​ក្នុង​វេលា​លឿន ឬ​យឺត​អាស្រ័យ​ក្បាច់​ចាក់ និង​ម៉ូដ​ដោយសារ​អ្នកស្រី​ប្រើ​ពេលដែល​ទំនេរ​ពី​ការងា​ស្នូល​តែ​ប៉ុណ្ណោះ​ ដើម្បី​ផលិត។ រីឯ​តម្លៃ​វិញ​ក៏​ដូចគ្នា​ដែរ​គឺ​ស្នាដៃ​ផលិតផល​ចាក់​ពី​អំបោះ​នីមួយៗ​មាន​តម្លៃ​ខុសគ្នា​ទៅតាម​ក្បាច់ និង​ម៉ូត ចន្លោះ​ពី ១៥ ទៅ ៥០ ដុល្លារ។

ស្ត្រី​ដែល​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​យក​ការចាក់​អំបោះ​នេះ​ជា​មុខរបរ​បន្ទាប់បន្សំ​ក៏បាន​ប្រាប់​ទៀត​ថា៖ «ខ្ញុំ​និយាយ​តាម​ត្រង់​ចុះ ខ្ញុំ​មិនបាន​ចំណេញ​អី​ច្រើន​ទេ​តែ​ដោយសារ​ខ្ញុំ​ស្រឡាញ់ ហើយ​ក៏​សប្បាយចិត្ត​នៅពេល​អតិថិជន​គាត់​ពេញចិត្ត​នូវ​អ្វី​ដែល​គាត់​កុម្ម៉ង់​ពី​ខ្ញុំ​ទើប​ខ្ញុំ​នៅតែ​បន្តធ្វើ»។

ស្រោម​ដប​ទឹក និង​កាបូបស្ពាយ ស្នាដៃ​អ្នកស្រី សុខន្ធារ័ត្ន ត្រូវបាន​លក់​ក្រោម​ឈ្មោះ​យីហោ Nina Brand។ ហ្វេសប៊ុក

ថ្វីដ្បិតតែ​បច្ចុប្បន្ន​អ្នកស្រី​មិនទាន់​មាន​ហាង ឬ​កន្លែង​មួយ​សម្រាប់​ដាក់តាំង​របស់​ទទួល​ភ្ញៀវ​ប្រាថ្នា​មក​មើល​ផលិតផល​ផ្ទាល់​ភ្នែក​ក៏ដោយ តែ​អ្នកស្រី សុខន្ធារ័ត្ន បានឱ្យដឹងថា​វា​ជា​ក្ដីសុបិន និង​ក្តីសុខ ដែល​អ្នកស្រី​សង្ឃឹម​ថា​នឹង​អាច​លេច​រូបរាង​ឡើង​នា​ថ្ងៃ​ណាមួយ។

ដំណើរការ​លក់​ស្នាដៃ​ផលិតផល​ចាក់​ពី​អំបោះ​ជាង ១ ឆ្នាំ​នេះ​អ្នកស្រី​ប្រាប់ថា​ខ្លួន​នៅតែ​ចង់​កែលម្អ និង​ដុសខាត់​ជំនាញ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​ម៉ូដ និង​ទឹកដៃ។

ទន្ទឹមនឹងនោះ អ្នកស្រី សុខន្ធារ័ត្ន ក៏មាន​ចំណាប់អារម្មណ៍​ដែរ​ថា៖ «ខ្ញុំ​ចង់ឃើញ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ជួយ​លើកកម្ពស់​ និង​ស្រឡាញ់​ស្នាដៃ​ផលិតផល​ធ្វើ​ពី​ដៃ​ និង​ផលិតផល​ក្នុងស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង។ ខ្ញុំ​ជឿថា ទម្ងន់​នៃ​ការគាំទ្រ​របស់​យើង​នឹង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​មានគំនិត​ច្នៃប្រឌិត​ជា​របស់​ផ្ទាល់ខ្លួន​រឹតតែ​ច្រើន​ និង​ផ្ដល់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ដល់​គាត់​បាន​ខ្លះៗ​បន្ថែមទៀត»។

សម្រាប់​ពត៌មាន​បន្ថែម Nina Brand អាច​ទំនាក់ទំនង​បាន​តាម​ទំព័រ​ហ្វេសប៊ុក @SokhantheaorathOurn ។

កាបូប និង​ឈុត​មួក​ជា​គូ ជា​ស្នាដៃ​ផលិតផល​ចាក់​ពី​អំបោះ ដែល​ទទួល​បាន​ការគាំទ្រ​ខ្ពស់​ពី​អតិថិជន​ខ្មែរ។ ហ្វេសប៊ុក

អ្នកស្រី សុខន្ធារ័ត្ន ចាប់ផ្ដើម​ទទួល​អតិថិជន​ចម្រុះ​ជាតិ​សាសន៍​ទាំង​ខ្មែរ និង​បរទេស។ ហ្វេសប៊ុក