ក្រុងអាតែន៖ ផ្ទះបនកណ្ដាលក្រុងអាតែន កំពុងតែមមាញឹកជាមួយអតិថិជននៅវេលាដ៏ក្ដៅនៃខែកក្កដា ហើយអ្នករកស៊ីផ្លូវភេទមកពីវេណេស៊ុយអេឡា ក៏រីករាយនឹងជំនួញរបស់ខ្លួន។
អ្នករកស៊ីផ្លូវភេទនៅទីនោះបានទទួលភ្ញៀវជាប្រចាំតាំងពីពាក់កណ្ដាលខែមិថុនា ខណៈពួកគេត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ ក្រោយជាប់បម្រាមរយៈពេល ៣ ខែ ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩។
ខណៈពលរដ្ឋក្រិកភាគច្រើនត្រូវរក្សាគម្លាតសុវត្ថិភាព និងប្រាស្រ័យទាក់ទងជិតស្និទ្ធតិចបំផុត អ្នករកស៊ីផ្លូវភេទជាច្រើនគ្មានជម្រើសអ្វីក្រៅពីវិលទៅរករបរចាស់វិញឡើយ។
ក្រុមនារីរកស៊ីផ្លូវភេទបានប្រាប់ AFP ថា ប៉ុន្ដែវិធានការជាច្រើនមិនអាចអនុវត្ដទៅរួចឡើយ។
នាង ឌីមីត្រា កាណេលឡូប៉ូលូ ប្រធានសមាគមនារីរកស៊ីផ្លូវភេទក្រិកបាននិយាយថា៖ «វាជាគួរឲ្យអស់សំណើច។ ពួកគេបានប្រាប់យើងកុំឲ្យចាប់ដៃគ្នាក្នុងបន្ទប់រង់ចាំ រួចយើងនាំគ្នាចូលបន្ទប់ ទើបអាចធ្វើអ្វីៗបានគ្រប់យ៉ាង»។
យោងតាមបទបញ្ជា អ្នករកស៊ីផ្លូវភេទត្រូវបានណែនាំឲ្យ «ធានារក្សាគម្លាត» និងចៀសវៀង «ការប្រាស្រ័យទាក់ទងតទល់» ខណៈការពាក់ម៉ាស់ ជាផ្នែកមួយនៃហ្គេមលើគ្រែ។
អានណា គូរូពូ ជានារីកែភេទ ដែលដឹកនាំអង្គការ Red Umbrella Athens ជាគំនិតផ្ដួចផ្ដើមគាំពារអ្នករកស៊ីផ្លូវភេទបាននិយាយថា៖ «ការងារយើងពិតជាប្រឈមគ្រោះថ្នាក់បំផុត។ ទាំងខ្លួនឯង និងគ្រួសារសុទ្ធតែប្រឈមគ្រោះថ្នាក់ តែគ្មានជម្រើសទេបើមិនចង់ដាច់ពោះស្លាប់។ នេះប្រហែលជាវេលាដ៏យ៉ាប់យ៉ឺនបំផុត»។
នាងបន្ថែមថា៖ «រឿងរ៉ាវកើតឡើងពិតជាអាក្រក់តាំងពីផ្ទុះមេរោគអេដស៍មក តែកាលណោះក្រោយរយៈពេលប៉ុន្មានខែយើងដឹងថា ការពាក់ស្រោមអាចការពារសុវត្ថិភាពបាន។ តែពេលនេះមិនទាន់មានវិធីការពារខ្លួននៅឡើយទេ»។
ស្ថានការណ៍កាន់តែដុនដាបជាផ្នែកមួយនៃវិធានការការពារ ដែលអាជ្ញាធរក្រិកបានដាក់ឡើងថា អតិថិជនអាចប្រើកាតទូទាត់ថ្លៃសេវាផ្លូវភេទ។ វាជាសំណើមិនសមទំនងសម្រាប់ប្រតិបត្ដិការខុសច្បាប់ដូច្នេះ។
ស្របពេលនេះ ស្ដ្រីជាច្រើនត្រូវបានបង្ខំឲ្យបំពានច្បាប់ ដើម្បីជីវភាពក្រុមគ្រួសារ។
ដើម្បីគាំពារនារីរកស៊ីផ្លូវភេទដែលធ្វើការនៅតាមទីសាធារណៈ អង្គការ Red Umbrella Athens បានរៃអង្គាសប្រាក់ ៧ ៩០០ ដុល្លារ តាមគូប៉ុងផ្សារទំនើប និងចែកជែលលាងដៃ និងក្រដាសអនាម័យឲ្យស្ដ្រី។
អ្នករកស៊ីផ្លូវភេទម្នាក់ពោលថា៖ «ខ្ញុំខ្លាចការបិទប្រទេសជាងខ្លាចកូវីដ»៕ AFP/HR