ក្រុង​ហាណូយ៖ នៅ​លើ​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​ដ៏​ងងឹត​នៃ​ក្រុង​ហាណូយ​អ្នក​រត់​ម៉ូតូ​ឌុប ផាម ក្វុកវៀត បាន​រុំ​របួស​ជង្គង់​ដល់​ភ្ញៀវ​ម្នាក់ ជា​មនុស្ស​ម្នាក់​ចំណោម​ជន​រងគ្រោះ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រាប់​រយ​នាក់​ ដែល​លោក​ជួប​ជា​ហូរ​ហែលើ​ដង​វិថី​នៃ​ទីក្រុង​​​ដ៏​កក​ស្ទះ​​របស់​វៀតណាម​។

នៅ​ពេល​ថ្ងៃ លោក វៀត អាយុ ៣៣ ឆ្នាំ ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ជា​អ្នក​ដឹក​ជញ្ជូន​​ក្រុមហ៊ុន​ Grab ដោយ​​ជូន​ភ្ញៀវ​ទៅ​តាម​គោលដៅ​​ផ្សេងៗ​មិន​ថា មហាវិថី និង​ផ្លូវ​ច្រក​តូច​ចង្អៀត​ឡើយ​។

ប៉ុន្ដែ​ចាប់​ពី​ម៉ោង ៩:៣០ យប់ លោក​គឺ​ជា​អ្នកស្ម័គ្រ​ចិត្ត​ធ្វើ​​សង្គ្រោះ​បឋម​​ក្រៅ​ផ្លូវ​ការ​​ម្នាក់។

ជាមួយ​ការ​បំពាក់​​ភ្លើង​ក្រហម​ចេញ​ពី​ដៃ​ម៉ូតូ​ ខណៈ​លោក​ចេញ​ល្បាត​តាម​ដង​ផ្លូវ​តាម​ទោចក្រ​យានយន្ត​។

លោក វៀត ដែល​ប្ដូរ​មក​រស់នៅ​ក្នុង​ទីក្រុង​ឆ្នាំ ​២០១៧ បាន​និយាយ​ថា​៖ «​នៅ​ពេល​ខ្ញុំ​មក​ធ្វើ​ការ​នៅ​ទីក្រុង​ហាណូយ​​ដំបូង​ ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ ​ដើម្បី​ជួយ​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​រង​របួស​តាម​ដង​ផ្លូវ​»។

កាល​ពី ​១ ​ឆ្នាំ​មុន រូប​​លោក​ផ្ទាល់​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ដេក​លើ​ចិញ្ចើម​ផ្លូវ​ ទាំង​​អ្នក​ដំណើរ​​ឆ្លង​កាត់​ទាំង​ឡាយ​មិន​​ហ៊ាន​ចូល​ជួយ​។

លោក​បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​នៅ​ចងចាំ​នូវ​អារម្មណ៍​អស់​សង្ឃឹម​គ្រា​នោះ នៅ​ពេល​ឃើញ​មនុស្ស​ដើរ​ចៀស​ផុត​​ទៅ​។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ទៀត​ជួប​ស្ថានភាព​ដូច​រូប​​ខ្ញុំ និង​ត្រូវ​បាន​គេ​បោះបង់​នោះ​ឡើយ​»។

នៅ​ក្រុង​ហាណូយ​មាន​ម៉ូតូ​ប្រមាណ ៦ លាន​គ្រឿង​ ហើយ​ជន​រងគ្រោះ​តែងតែ​ប្រឈម​ការ​លំបាក​ក្នុង​ការ​រង់ចាំ​ជំនួយ​ ដោយសារ​បញ្ហា​ផ្លូវ​កក​ស្ទះ​ចរាចរណ៍​​ណែន​ណាន់​តាន់តាប់​​ ដែល​រារាំង​ការ​ធ្វើ​ដំណើរ​របស់​គ្រូ​ពេទ្យ​សង្គ្រោះ​ទៅ​ដល់​គោលដៅ​​។

នៅដៃម៉ូតូ​របស់​លោក​​មានភ្លើង​ក្រហម​ជា​សញ្ញា​​​ នៅ​ពេល​ធ្វើប្រតិបត្តិការ​ស្ម័គ្រ​ចិត្ត​ជួយ​ជន​រងគ្រោះ​ពេល​យប់​។ រូបថត AFP

ជន​រងគ្រោះ​តាម​ដង​វិថី​ក៏​កម្រ​ទទួល​​បាន​ការ​ជួយ​ពី​អ្នក​ដំណើរ​ផ្សេង​ទៀត ដោយ​ពួក​គេ​មិន​ហ៊ាន​ និង​បារម្ភ​​ពី​ការ​ជាប់​ពាក់ព័ន្ធ​ទោស​ទណ្ឌ​នានា។

ក្រោយ​ពី​ចាប់​ផ្ដើម​កិច្ចការ​សង្គ្រោះ​តែ​ម្នាក់​ឯង លោក វៀត ពេល​នេះ​មាន​ក្រុម​ការងារ​ស្ម័គ្រចិត្ដ​ជិត ៥០ នាក់​ ដែល​ភាគ​ច្រើន​ជា​អ្នក​បម្រើ​ការ​នៅ​ទីក្រុង​ហាណូយ។

ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​សង្គ្រោះ​បឋម គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ដូច​​រូប​លោក​ដែរ។ តែ​ក្នុង​នោះ​​ក៏​​មាន​វិស្វករ​ ជាង​គ្រឿង​យន្ដ និង​និស្សិត​ផង​ដែរ ដែល​បង្កើត​ជា​បណ្ដាញ​ឃ្លាំ​មើល​ និង​បណ្ដាញ​សង្គម​។

សមាជិក​ជា​ច្រើន​ត្រូវ​បាន​បង្វឹក​ជំនាញ​សង្គ្រោះ​បឋម ដែល​ភាគ​ច្រើន​លោក​ វៀត ជា​អ្នក​បង្រៀន​នៅ​ចុង​សប្ដាហ៍ ហើយ​ពួក​គេ​បន្ដ​ទាក់​ទង​គ្នា​ដើម្បី​​ធ្វើ​បច្ចុប្បន្នភាព​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​វៀតណាម Zalo។

លោក វៀត និង​ក្រុម​ការងារ​បាន​ជួយ​មនុស្ស​លើ​ដង​ផ្លូវ​ប្រមាណ ១០០ នាក់ ​ក្នុង ​១ ​ខែ ដោយ​សមាជិក​នីមួយៗ​បាន​​ចំណាយ​ប្រាក់​ ២ ដុល្លារ​ប្រចាំ​ថ្ងៃ ឬ​ប្រមាណ ​១ ភាគ ១០ ​នៃ​ចំណូល​​​របស់​ពួក​គេ។

ការ​ចំណាយ​នេះ​ ត្រូវ​ប្រើ​​​សម្រាប់​ទិញ​​​សម្ភារ​សង្គ្រោះ​បឋម​ ដូចជា បង់​រុំរបួស។ ការ​ជួយ​សង្គ្រោះ​នេះ​ទៀត​សោត​ ​ក៏​​គ្មាន​រើសអើង​ថា​ទាល់​តែ​អ្នក​រត់​ម៉ូតូ​ឌុប​ដូច​គ្នា​ទើប​ជួយ​នោះ​ទេ។

លោក​​និយាយ​ថា​៖ «​សមាជិក​ខ្លះ​​សួរ​ខ្ញុំ​ថា បើ​អ្នក​របួស​មិន​មែន​​អ្នក​រត់​​ម៉ូតូ​ឌុប ហេតុ​អ្វី​យើង​ត្រូវ​ជួយ​​ពួក​គេ? ខ្ញុំ​បាន​ឆ្លើយ​ថា សាក​ស្រមៃ​ថា មនុស្ស​ទាំង​នោះ​ជា​សាច់​ញាតិ​យើង មិត្ដ​ភក្ដិ​យើង តើ​យើង​នឹង​និយាយ​ពាក្យ​នេះ​ឬ​ទេ?»៕ AFP/HR