
លោក ឌី រៀបចំកែសម្រួលគ្រឿងអលង្ការលើខ្លួនកូនក្រមុំ។ V Studios
ភ្នំពេញ: ប្រឡូកក្នុងអាជីពសម្អាងការ ដោយធ្លាប់បានរំលេចស្នាដៃផាត់មុខ តុបតែងកាយឲ្យតារាល្បីៗ រួមមាន អ្នកនាង យ៉ាន លីដា សារ៉ាយ សក្ខណា កញ្ញា ម៉ៃយ៉ា កញ្ញា ទឹម រដ្ឋា អ្នកនាង អេដា និងពិធីការិនី ខៀវ សានសាណា តារាថៃ កញ្ញា ខេម៉ានីត ខាមីកន ឬ Pancake រួមទាំង តារាចិនហុងកុង ដែលកម្រនឹងគេចផុតពីម្រាមដៃដ៏ប៉ិនប្រសប់របស់លោក យាវ សុយ៉ាឌី ពេលនេះម្ចាស់សម្អាងការ ឌី បានរៀបរាប់ពីបទពិសោធរបស់លោក ព្រមទាំងក្ដីបារម្ភចំពោះការវិវឌ្ឍនៃសិល្បៈតាក់តែងកាយសម្រាប់ថ្ងៃជ័យមង្គលផងដែរ។
ខាងក្រោមនេះជាបទសម្ភាសរវាង ភ្នំពេញ ប៉ុស្ដិ៍ និង អ្នកសម្អាងការវ័យ ៣១ ឆ្នាំ លោក ឌី៖
តើសម្អាងការរបស់លោកត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំដែរ?
សម្អាងការរបស់ខ្ញុំបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ បើគិតមកដល់ពេលនេះ ជាង ២ ឆ្នាំហើយ។
តើការបើកសម្អាងការនេះ លោក និងបុគ្គលិករបស់លោកបានទៅសិក្សា និងទទួលការបណ្តុះបណ្តាលពីអ្នកណាដែរ?
មុននឹងខ្ញុំសម្រេចចិត្តបើកដំណើរការជាសម្អាងការនេះឡើង គឺខ្ញុំមាន បទពិសោធច្រើន ចំពោះមុខជំនាញនេះជាង ១០ ឆ្នាំមកហើយ ដោយពីមុនគឺខ្ញុំបានដើរតែងឲ្យសម្អាងធំល្បីៗ នៅក្នុងប្រទេសកម្ពុជាយើង។
ដោយឡែកចំពោះបុគ្គលិករបស់ខ្ញុំផ្ទាល់មុនចាប់ផ្តើមចូលមកធ្វើការក្នុងវិស័យនេះក្នុងសម្អាងការរបស់ខ្ញុំ ពួកគាត់សុទ្ធតែបានហ្វឹកហាត់ពីជំនាញនេះបានយ៉ាងច្បាស់លាស់ មុននឹងខ្ញុំសម្រេចឲ្យពួកគាត់ចេញទៅធ្វើឲ្យភ្ញៀវ។
ហេតុអ្វីបានជាលោកសម្រេចចិត្តចាប់អាជីពសម្អាងការនេះ?

ឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបទំនើបទាន់សម័យពីស្នាដៃលោក ឌី។ V Studios
បានជាខ្ញុំសម្រេចចិត្តបើកជាសម្អាងការនេះដោយផ្ទាល់ខ្លួនឯងគឺដោយសារតែខ្ញុំស្រឡាញ់វិស័យនេះតាំងពីនៅតូច ហើយអ្វីដែលធ្វើឲ្យខ្ញុំរឹតតែស្រឡាញ់ពីវិស័យសម្អាងការនេះគឺខ្ញុំស្រឡាញ់នូវអ្វីដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ចង់រក្សាហើយក៏ចង់បង្ហាញឲ្យក្មេងៗជំនាន់ក្រោយបានឃើញថា តើអ្វីជាទម្រង់ខ្មែរពិតប្រាកដ ពីព្រោះដោយសារតែបច្ចុប្បន្ននេះ ខ្ញុំឃើញការរៀបចំរបស់សម្អាងការមួយចំនួនធំគឺគាត់មិនបានយល់ដឹងពីការស្លៀកពាក់ ដូចម្តេចហៅថា ការស្លៀកពាក់ឲ្យត្រូវទម្រង់បែបកូនក្រមុំនោះទេ គឺគាត់ក្លាយតាមបរទេសខ្លះទៅ ខ្លះក៏គាត់ក្លាយទៅតាមចិត្តគាត់នឹកឃើញ ខ្លះទៀតក៏គាត់យកទម្រង់នាដកា ទម្រង់អ្នករបាំ យកមកស្លៀកលើកូនក្រមុំ និងជាអ្វីដែលខ្ញុំមើលឃើញសភាពខុសមួយចំនួនរបស់សម្អាងការនាសង្គមបច្ចុប្បន្ននេះ។
តើលោកមានទស្សនៈបែបណាចំពោះការវិវឌ្ឍនៃស្ទីលតុបតែងកាយរបស់សម្អាងការមួយចំនួន?
សម្អាងការខ្លះគាត់ចូលចិត្តតុបតែងបែបថៃគឺមើលទៅវាស្អាតប្លែក ចំណុចនេះខ្ញុំទទួលស្គាល់ថា វាស្អាតប្លែកមែន។ ក៏ប៉ុន្តែ យើងជាខ្មែរគួរតែរក្សានូវអ្វីដែលជាទម្រង់ខ្មែរខ្លះដែរ ប្រសិនជាយើងប្រើគេលាយខ្លះគឺអាចទទួលយកបានមួយចំនួន។ ប៉ុន្តែចំពោះខ្សែក្រវាត់ ខ្សែ ឆៀង កងដៃសូមរក្សានូវអ្វីដែលជារបស់ខ្មែរ យើងមិនអាចក្លាយទៅគេ ១០០ ភាគរយបាននោះទេ។
តើអ្វីជាក្តីបារម្ភចំពោះរូបលោក លើទំនោរនិយមនៃអ្នកផ្តល់សេវាកម្មសម្អាងការនៅកម្ពុជា?

សម្លៀកបំពាក់អាពាហ៍ពិពាហ៍តាមបែបផែនប្រពៃណីខ្មែររបស់លោក ឌី។ V Studios
សម្រាប់ខ្ញុំបាទផ្ទាល់ គឺមានក្តីបារម្ភខ្លាំង និងខ្លាច ចំពោះការតុបតែងកាយរបស់សម្អាងការមួយចំនួន ពីព្រោះខ្ញុំគិតថា ប្រសិនជាយើងទាំងអស់គ្នានៅតែបន្តធ្វើបែបនេះ គឺវាធ្វើឲ្យក្មេងៗជំនាន់ក្រោយទៀតលែងស្គាល់ខោអាវជាប្រពៃណីរបស់ខ្មែរ គេអត់ដឹងថា នេះជាកងដៃ ខ្សែក្រវាត់របស់ខ្មែរទៀតទេ គឺគេស្គាល់តែជាអ្វីដែលក្លាយពីបរទេស។ ម្យ៉ាងទៀត នៅពេលរូបភាពចេញមកគឺយើងបែងចែកលែងដាច់ថា មួយណាជារបស់យើង មួយណាជារបស់គេ។
សម្រាប់ខ្ញុំបាទផ្ទាល់ក៏មិនមែនជាបុគ្គលជោគជ័យខ្លាំង មានឈ្មោះលើសគេដែរ ក៏ប៉ុន្តែឆ្លងកាត់បទពិសោធខ្ញុំបានដើរធ្វើជាមួយសម្អាងការធំៗមួយចំនួន ច្រើនឆ្នាំកន្លងមក ដែលគាត់នៅតែថែរក្សាទម្រង់ដើម គឺយើងអាចយល់បានច្រើន ហើយយើងក៏ដឹងថា អ្វីប្រើក្នុងពិធីណា អ្វីត្រូវពាក់ពេលណា គឺយើងដឹងច្បាស់ ដោយសារបទពិសោធយើងនៅជាមួយគាត់ជាប់រហូត។
សម្រាប់រូបលោក តើអ្នកសម្អាងការគួរប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈបែបណា រួមចំណែកធ្វើឲ្យវិស័យនេះល្អប្រសើរ?
សម្រាប់រូបខ្ញុំបាទផ្ទាល់ ដើម្បីឲ្យវិស័យសម្អាងការនេះកាន់តែរីកចម្រើនទៅមុខ និងរក្សានូវអ្វីជារបស់ខ្មែរ ខ្ញុំសំណូមពរឲ្យម្ចាស់សម្អាងការទាំងអស់ត្រូវតែមានចំណេះដឹងនៅក្នុងវិស័យនេះជាមុនសិន មុនសម្រេចចិត្តថា បើកសម្អាងការផ្ទាល់ខ្លួន។
យ៉ាងហោចណាស់មានបទពិសោធ ៣ ឆ្នាំដែរ មិនមែនគ្រាន់តែថា យើងមានលុយទៅទិញអីវ៉ាន់យកមកបើកជាការស្រេចឡើយ។
ទង្វើនេះគឺមិនអាចជោគជ័យបានទេ អ្វីក៏ដោយមិនថា ការងារសម្អាង ឬមួយក៏ការងារអ្វីផ្សេងទេ គឺត្រូវតែទាមទារបទពិសោធ ត្រូវយល់ពីវា និងស្រឡាញ់វា ទើបយើងធ្វើវាបានយ៉ាងជោគជ័យ។ បន្ទាប់មកយើងត្រូវផ្តោតទៅលើពីស្នាដៃធ្វើសក់ ផាត់មុខ ការស្លៀកពាក់របស់យើង។
យើងត្រូវដឹងថា រដូវកាលនេះគេនិយមអី រដូវកាលក្រោយគេនិយមអី។ យើងត្រូវចេះអភិវឌ្ឍខ្លួននូវអ្វីដែលហៅថាម៉ូដ។
ធម្មតា ខោអាវការគឺមានទម្រង់បែបបុរាណហើយ ប៉ុន្តែបើយើងចង់ដើរឲ្យទាន់សម័យកាល យើងមិនអាចបុរាណទៅទាំងស្រុងទេ។ យើងត្រូវតែមានអ្វីដែលអភិវឌ្ឍខ្លះ តែក៏វាស្ថិតក្នុងក្រឹត្យក្រមជារបស់ខ្មែរដដែល។

យើងមិនអាចថា ការច្នៃបន្ថែមគឺត្រូវតែយករបស់គេមកទាំងស្រុងនោះទេ គឺខ្ញុំសំដៅទៅលើសេវាកម្ម និងភាពច្បាស់លាស់។ ចំណុចនេះខ្ញុំឃើញសម្អាងការមួយចំនួនគាត់រកស៊ីកុហកភ្ញៀវ ជាដើម ដោយមិនគោពពេលច្បាស់លាស់ ដូចជា ការស្លៀកក្បិន ស្លៀកសំពត់ចរបាប់ គឺមិនសូវជាមានអ្នកចេះស្លៀកប៉ុន្មានទេ គឺគ្រាន់តែយកទៅដេរ ជាការស្រេច គឺមិនចំណាយពេលក្នុងការចងក្បិនបែបខ្មែរនោះទេ។
តើវិស័យសម្អាងការអាចចូលរួមចំណែកក្នុងការថែរក្សាមរតកវប្បធម៌ និងប្រពៃណីខ្មែរយ៉ាងដូចម្តេច?
អាជីពសម្អាងការវាក៏ជាផ្នែកមួយដែលជួយថែរក្សាមរតកវប្បធម៌ និងប្រពៃណីខ្មែរយើង ដោយសារសម្លៀកបំពាក់ទាំងនោះគឺបង្ហាញច្បាស់ពីអ្វីជាអត្តសញ្ញាណខ្មែរ ដូចជា ឈុតស្បៃធំ ឈុតព្រះថោងនាងនាគ ឈុតទទួលផ្កាស្លា ទាំងនេះជាឈុតសម្លៀកបំពាក់ ពីទម្រង់ដើមរបស់ខ្មែរពិតៗ មិនថា តាំងពីកងដៃ ខ្សែក ក្រវិលយើងប្រើជាគ្រឿងខ្មែរទាំងអស់គឺមិនអាចក្លាយទៅជាគ្រឿងត្បូងឬមកុដត្បូងទេ៕