ក្រុង​ញូវយ៉ក៖ សិល្បករ​ផ្នែក​សម្ដែង ដាវីដ ដាធូណា ​​រង់ចាំ ២ ម៉ោង ​រហូត​ដល់​រមូល​ពោះ​ឃ្លាន​ខ្លាំង មុន​​ដាច់​ចិត្ដ​ទំពារ​ចេក​សិល្បៈ​ដ៏​មាន​តម្លៃ​នៅ​ក្រុង​ម៉ៃអាមី ដែល​លោក​បាន​ពន្យល់​ទាំង​អស់​សំណើច​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​វិល​ទៅ​កាន់​ក្រុង​ញូវយ៉ក​វិញ​។

លោក​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​វា​ជា​លើក​ទី ​១ ​ដែល​ក្នុង​នាម​ជា​អ្នក​សិល្បៈ​​ហ៊ាន​ញ៉ាំ​ស្នាដៃ​សិល្បៈ​របស់​អ្នក​ដទៃ​»។

លោក ដាធូណា មាន​ដើម​កំណើត​នៅ​ទីក្រុង​ប៊ីលីស៊ី ដែល​មក​តាំង​លំនៅ​ក្នុង​ក្រុង​ញូវយ៉ក ២២ ឆ្នាំ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​​ពិព័រណ៍​​សិល្បៈ​ទំនើប​ Art Basel Florida កាល​ពី​ថ្ងៃ​សៅរ៍ ពេល​លោក​​ទទួល​ទាន​ចេក​ពិត​មួយ​ផ្លែ​ដែល​បិទ​ភ្ជាប់​លើ​ជញ្ជាំង​ ជា​ផ្នែក​មួយ​នៃ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​អ៊ីតាលី ម៉ូរីហ្ស៊ីយ៉ូ កាតាឡាន​។ ស្នាដៃ​​សិល្បៈ​នោះ​លក់​ក្នុង​តម្លៃ ១២ ម៉ឺន​ដុល្លារ​។

លោក​ ដាធូណា ​​​ថា​៖ «​ចំពោះ​បញ្ហា​រឿង​តម្លៃ វា​មាន​រសជាតិ​ឆ្ងាញ់​ដូច​ចេក​ធម្មតា»។ លោក​បន្ថែម​ថា លោក​មិន​ចង់​បាន​ល្បី​នោះ​ទេ​។ តែ​លោក​ហួស​ចិត្ដ​ និង​បាន​បង្ហោះ​វីដេអូ​ពី​ទង្វើ​របស់​ខ្លួន​រហូត​ដល់​មាន​សារ​ចំនួន​ ៥ ម៉ឺន ​លើ​​អ៊ីនស្ដាក្រាម​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​សាទរ​ចំពោះ​លោក​។

លោក ដាវីដ ដាធូណា ជា​សិល្បករ​ដែល​ទទួល​ទាន​ចេក​សិល្បៈ​លើ​ជញ្ជាំង​។ AFP

សិល្បករ​មក​ពី​ចចចៀ លោក ដាធូណា បាន​កោត​សរសើរ​ កាតាឡាន ដែល​ទំនង​បាន​ល្បី​ដោយសារ​ស្នាដៃ​ «​អាមេរិក​» ជា​បង្គន់​មួយ​ផលិត​ឡើង​ពី​មាស ១៨ ការ៉ាត់​។ លោក​បន្ដ​ថា​៖ «​គំនិត​របស់​ កាតាឡាន ពិត​ជា​ល្អ​គ្មាន ​២។ ប៉ុន្ដែ​ខ្ញុំ​ក៏​ចូលចិត្ដ​នូវ​ស្នាដៃ​របស់​ខ្ញុំ​ផង​ដែរ​»។

កាល​ពី​ខែ​មិថុនា ឆ្នាំ ​២០១៧ មិន​យូរ​ប៉ុន្មាន​ លោក ដូណាល់ ត្រាំ ប្រកាស​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស លោក ដាធូណា បាន​បង្កើត​ស្នាដៃ​មួយ​ដោយ​ប្រើ​ឈ្មោះ​លោក ត្រាំ ក្នុង​ទឹក​កក​ស្ងួត​នៅ​លើ​ដង​វិថី​ម៉ាន់ហាតាន់​។

សិល្បៈ​ដំឡើង ឈ្មោះ «this too shall pass» បាន​រលាយ​បន្ដិច​ម្ដង ​នៅ​ពេល​អ្នក​ក្រុង​ញូវយ៉ក​ឈរ​មើល​ស្នាដៃ​សិល្បៈ​នេះ​។

លោក​ ដាធូណា បាន​និយាយ​ថា លោក​គ្រោង​បង្កើត​ភាព​ភ្ញាក់​ផ្អើល​នៅ​ Super Bowl ជា​ពាន​បាល់​ទាត់​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃទី ២ ខែ​កុម្ភៈ​ ក្នុង​ក្រុង​ម៉ៃអាមី​ផង​ដែរ៕ AFP/HR