ក្រចេះ៖ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​អង្គុយ​បត់​ជើង​លើក​ដៃ​ប្រណម​សំពះ ខណៈ​ព្រះសង្ឃ ៥ អង្គ​គង់​នៅ​ខាង​មុខ សូត្រធម៌​ឱ្យ​ពុទ្ធបរិស័ទ​ត្រងត្រាប់​សូត្រ​តាម មុន​នឹង​លាតត្រដាង​ស្បង់​ចីវរ​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​កាន់​ជា​ជួរ រួច​ទើប​យក​ទៅ​ចង​ជុំវិញ​ដើម​ឈើ ១ ដើម​ដ៏​ធំ​ខ្ពស់​សន្លឹម ស្ថិត​ក្នុង​តំបន់​ព្រៃឡង់​នៃ​ទឹក​ដី​ខេត្ត​ក្រចេះ។

បន្ទាប់​មក​ព្រះ​តេជគុណ សូ ស៊ីណាត បាន​បន្ត​សូត្រមន្ត​ប្រសិទ្ធី​ដល់​រុក្ខជាតិ​ដ៏​ចំណាស់ ដែល​ត្រូវ​បាន​ចង​បំពាក់​ស្បង់​ចីវរ ក្នុង​ពិធី​បំបួស​ដើមឈើ​នា​ទិវា​នៃ​ក្ដី​ស្រឡាញ់​កាល​ពី​ថ្ងៃទី ១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

គោល​បំណង​ការ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ គឺ​ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​បន្ត​គង់វង្ស​សម្រាប់​អនាគត និង​ជា​ការ​សាប​ព្រោះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ធម្មជាតិ​តាមរយៈ​ប្រធានបទ «ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ យើង​ស្រឡាញ់​ព្រៃឡង់»។

នៅ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​មនុស្ស​ប្រមាណ ៣០០ នាក់ ​បោះជំរំ និង ធ្វើ​ពិធី​បំបួស​ដើមឈើ​នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ។

អ្នក​​ចូលរួម​ថត​រូប​ជាមួយ​រុក្ខជាតិ​ត្រូវ​បំបួស។ រូបថត សួស ចន្ធី

លោក​មាន​ប្រសាសន៍​ថា៖ «ថ្វី​ដ្បិត​ថា ​យើង​ធ្វើ​នៅ​ទីនេះ​មែន​តែ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង​សង្ឃឹម​ថា វា​នឹង​ទៅ​ដល់​បងប្អូន​ផ្សេង​ទៀត​ឱ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ ការពារ​ព្រៃឈើ ការពារ​ធនធាន​យើង​មាន​ក្នុង​ព្រៃ»។

លោក​បន្ត​ថា៖ «តាមរយៈ​រូបភាព​ដែល​ចេញ​ពី​កន្លែង​នេះ​គេ​នឹង​បាន​ឃើញ​ថា ​សកម្មភាព​របស់​យើង ក្រោយ​អំពី​ពេល​មាន​សុខសន្តិភាព​ហើយ យើង​មាន​ឱកាស​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង។ ថ្ងៃទី ១៤ នៃ​ក្ដី​ស្រឡាញ់ វា​ជា​រូបភាព​ដើម្បី​បណ្ដុះ​ស្មារតី​ការ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដល់​បងប្អូន​ខ្មែរ​ជាច្រើន​លាន​នាក់​ថែម​ទៀត»។

ដោយសារ​ការ​ឈ្លាន​ពាន​លើ​តំបន់​ការពារ​ធម្មជាតិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន មន្ត្រី​ក្រសួងបរិស្ថាន​គ្រប់​ជាន់​ថ្នាក់​បាន​រួបរួម​គ្នា​ចេញ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​គ្រប់គ្រង​រក្សា​ព្រៃឈើ​ឱ្យមាន​និរន្តរភាព។ ក្នុង​នោះ​ការ​បំបួស​ដើមឈើ​តាមរយៈ​សាសនា ​គឺ​ជា​វិធីសាស្ត្រ​មួយ។

តាម​សម្ដី​របស់​អ្នកស្រី ភោគ ហុង គណៈកម្មការ​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ តាមរយៈ​វេបសាយ​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា៖ «គោលបំណង​ដែល​រៀបចំ​ឱ្យ​មាន​ការ​បំបួស​ដើម​ឈើ​នេះ ជា​ការ​រក្សា​ប្រពៃណី​សាសនា​ជនជាតិ​ដើម​ភាគ​តិច និង​ការ​រំឭក​គុណ​ព្រៃឈើ ដែល​បាន​ជួយ​ថែរក្សា និង​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ព្រៃឈើ ការពារ​ធនធាន​ជីវចម្រុះ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​កាន់​តែ​ប្រសើរ​ថែមទៀត»។

តាម​ប្រភព​ដដែល លោក ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍ មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ពិធី​បំបួស​ដើមឈើ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​រៀបចំ​ឡើង​ជា​លើក​ទី១ កាល​ពី​ឆ្នាំ ២០១៩។

ព្រះ​តេជគុណ សូ ស៊ីណាត ពី​អារាម​នៅ​ខេត្តក្រចេះ និង​ត្រូវ​បាន​និមន្ត​មក​ធ្វើ​ពិធី​បំបួស​ដើមឈើ​នៅ​ព្រៃ​ឡង់ មាន​សង្ឃដីកា​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរ​ថា៖ «តាម​ពិត​ទៅ ការ​បំបួស​ដើមឈើ វា​ទើប​តែ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ប៉ុណ្ណោះ ដោយ​វា​កើត​ចេញ​ចាប់​ពី​ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​មាន​ទឹកចិត្ត​ស្រឡាញ់ និង​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ធនធាន​ធម្មជាតិ ដើម្បី​ឱ្យ​ក្លាយ​ជា​សម្បត្តិ​រដ្ឋ​ផង និង​សាសនា​ផង និង​ជា​ជម្រក​សម្រាប់​មនុស្ស​ផង និង​សត្វ​ផង»។

អ្នកចូលរួម​​​សម្ដែងការ​គោរព​ដើមឈើ​​គ្រងស្បង់ចីវរ​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ផ្សារ​ភ្ជាប់​ជំនឿ​សាសនា និង​សម្បត្តិ​ធម្មជាតិ ព្រះអង្គ​បន្ដ​ថា៖ «កាល​ពី​សម័យ​ពុទ្ធកាល ព្រះអង្គ​ទ្រង់​រៀន​រស់នៅ​ក្រោម​ដើមឈើ ជួនកាល​លោក​បាន​ប្រតិបត្តិ​នូវ​ធម៌​ទាំងឡាយ​ទាំងពួង​នៅ​ទី​ព្រៃឈើ។ ព្រះអង្គ​យក​ដើមឈើ​ជា​ជម្រក ដូច្នេះ​វា​ជា​សម្បត្តិ​មួយ​សម្រាប់​សាសនា។ ដូច្នេះ​សូម​ឱ្យ​យើង​ជួយ​ដាំ​ដើម​ឈើ​សម្រាប់​ជា​ម្លប់​ដល់​សាសនា​ផងដែរ»។

ព្រះចៅអធិការ​មាន​សង្ឃដីកា​ថា ការ​បំបួស​ដើមឈើ​អាច​រួម​ចំណែក​ថែរក្សា​កេរដំណែល​ធម្មជាតិ និង​បញ្ជាក់​ថា មនុស្ស​ចេះ​ស្រឡាញ់​ធម្មជាតិ​ដែល​មិន​គួរ​បំផ្លាញ។

ព្រះតេជគុណ​បន្ថែម​ថា៖ «មនុស្ស​យើង​មាន​ជំនឿ​ថា កាល​ណា​ឃើញ​ស្បង់​គ្រប​ដណ្ដប់​លើ​ព្រៃឈើ ពួក​គាត់​មិន​ហ៊ាន​ប៉ះពាល់​ទេ​ដែល​គាត់​ឃើញ​ស្បង់​ហ្នឹង​ដូចជា​ព្រះ»។

ការ​បំបួស​ដើមឈើ មិន​សំដៅលើ​រុក្ខជាតិ​ប្រភេទ​ណា​នោះទេ ប៉ុន្តែ​ភាគ​ច្រើន​ពិធី​ចង​ស្បង់​ចីវរ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ដើមឈើ​ធំៗ ដែល​ជា​ម្លប់​ដូចជា​ឈើ​ទាល​ជាដើម។

ព្រះតេជគុណ ស៊ីណាត បាន​រំឭកថា នេះ​គឺ​ជា​លើក​ទី២ ហើយ​ដែល​ព្រះអង្គ​ត្រូវ​បាន​និមន្ត​ចូលរួម​កិច្ចការ​អភិរក្ស​ព្រៃឈើ​ជាមួយ​ក្រសួង​បរិស្ថាន ដោយ​លើក​ដំបូង​ក៏​មាន​កម្មវិធី​លែង​សត្វ​ស្វា​នៅ​ជម្រក​ព្រៃ​ធម្មជាតិ​វិញ។

ព្រះចៅអធិការ​អំពាវនាវ​ថា៖ «មិន​ថា ខាង​ក្រសួងបរិស្ថាន ឬ​ប្រជាជន​ខាង​សាសនា​ក្ដី ខាង​អាណាចក្រ​ក្ដី ដែល​ជា​កូន​ខ្មែរ​ទាំង​អស់​គ្នា ត្រូវ​ជួយ​គ្នា​រក្សា​នូវ​សម្បត្តិ​ធម្មជាតិ និង​ព្រៃឈើ និង​នាំគ្នា​ដាំ​ដើមឈើ​បន្ត​ទៀត​ជំនួស​ទៅលើ​ដើម​ណា​ដែល​វា​ដល់​អាយុកាល​ក្នុង​ការ​កាប់​យក​ទៅ​ប្រើប្រាស់»៕