ភ្នំពេញៈ ឧបនិស្ស័យលើខ្សែភាពយន្តខ្មែរតាំងពីកុមារ និងបានធ្វើការសិក្សាជាអ្នកស្រាវជ្រាវខ្សែភាពយន្តខ្មែរអស់រយៈពេលជាង ១០ ឆ្នាំប្រធានស្រាវជ្រាវកុនខ្មែរនៃក្រុមព្រះសូរិយាលោក រិន ឆោមវីរៈ បានចំណាយពេលវេលា និងប្រាក់កាក់ផ្ទាល់ខ្លួនស្វែងរក និងប្រមូលកុនខ្មែរនាសម័យមុនត្រឡប់មកវិញមិនថាក្នុងប្រទេស និងក្រៅប្រទេស។
ប្រធានក្រុមស្រាវជ្រាវ និងជាអ្នកនិពន្ធលោក រិន ឆោមវីរៈ បានប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ការស្រាវជ្រាវហ្នឹងគឺជួបផលលំបាកណាស់ ជាពិសេសប្រទេសខ្លួនឯងហ្នឹង ព្រោះបែកខ្មែរក្រហមប្រជាពលរដ្ឋខ្មែរនៅបណ្តាខេត្តនានាយកខ្សែភាពយន្តហ្នឹងទៅប្រកបអាជីវកម្ម រកស៊ីបញ្ចាំងកុនដល់ពេលពួកគាត់រកស៊ីមានបានដោយសារវា គាត់គិតថាអស់តម្លៃ គាត់បោះវាចោល។ វាខុសពីប្រទេសថៃគេលែងប្រើប្រាស់វាគេរកស៊ីមានបានដោយសារវា ក៏គេនៅតែរក្សាទុក ព្រោះវាជាមរតកដ៏មានតម្លៃហើយពេលខ្ញុំសូមឲ្យគាត់ជួយ គាត់ថាគាត់ខ្ជិលរើណាស់ គាត់អត់សហការទេ»។
ប្រធានក្រុមស្រាវជ្រាវរូបនេះយល់ថា បើគិតលើជំនឿព្រលឹងរបស់សិល្បករខ្មែរនាជំនាន់មុនគឺស្ថិតនៅក្នុងហ្វីលកុនទាំងអស់ ព្រោះនៅពេលដែលចាក់បញ្ចាំងម្តងៗ យើងនឹងបានឃើញសកម្មភាពពាក្យសម្តី កាយវិការ ហាក់ដូចជាពួកគាត់កំពុងមានជីវិតដូច្នោះដែរ។
អ្នកនិពន្ធវ័យ ២៥ ឆ្នាំរូបនេះបានទទូចថា៖ «ខ្ញុំសូមសំណូមពរទៅកាន់អ្នកដែលធ្លាប់មានហ្វីល អ្នកធ្លាប់រកស៊ីលើហ្វីលហើយឥឡូវកំពុងតែមានហ្វីល សូមមេត្តាយកមកជួសជុល និងមេត្តារើកកាយវាមកវិញយកឲ្យក្រុមព្រះសូរិយាក៏បាន។ ខ្ញុំនឹងរក្សាទុកបន្តព្រោះនេះជាមរតកដែលមិនអាចកាត់ថ្លៃបានទេកុំទុកឲ្យខូចឲ្យរលួយចោលអី ព្រោះកាលណោះកុនខ្មែរល្បីឈ្មោះ ប្រទេសល្បីគេស្គាល់ទាំងវប្បធម៌ សុជីវធម៌ ការរស់នៅសម្តីសំដៅខ្មែរតាមរយៈកុនទាំងអស់ហ្នឹង»។
មានកំណើតនៅក្រុងភ្នំពេញលោក រិន ឆោមវីរៈ មានចិត្តស្រឡាញ់ខ្សែភាពយន្តខ្មែរតាំងពីវ័យកុមារ។ នៅឆ្នាំ ២០០៨ លោកចាប់ផ្តើមប្រមូលទិញឌីសភាពយន្តខ្មែរជំនាន់មុន ដែលគេចម្លងលក់តាមតូបនានាបានប៉ុន្មានរឿងដូចជា ថាវរីមាសបង អនអើយស្រីអន និងរឿង ពេលដែលត្រូវយំ។
នៅឆ្នាំ ២០០៩ ពេលដែលលោកមានវ័យ ១៥ ឆ្នាំលោកបានទៅបណ្ណាល័យជាតិ ដើម្បីស្វែងរកឯកសារទាក់ទងនឹងភាពយន្តយកមករក្សាទុក។
នៅឆ្នាំ ២០០៩ លោកបានសុំវិទ្យុមួយផលិតកម្មវិធីមរតកភាពយន្តដែលពេលនោះហើយប្រជាជនខ្មែរចាប់ផ្តើមស្គាល់ និងមានប្រិយមិត្តខ្លះបានទាក់ទងមកលោកដើម្បីផ្តល់ព័ត៌មាន និងឯកសារ។
លុះដល់ឆ្នាំ ២០១០ លោកក៏បានបង្កើតក្រុមស្រាវជ្រាវមានសមាជិក ៤ នាក់ ដើម្បីធ្វើការលើវិស័យកុនខ្មែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រោយមកក្រុមរបស់លោកទទួលបានថវិកា ៥០០ ដុល្លារពីបុរសម្នាក់ ដែលរស់នៅបរទេសសម្រាប់បន្តកិច្ចការស្រាវជ្រាវនៅក្រុងបាត់ដំបង។
នៅក្នុងដំណើរស្រាវជ្រាវនេះក្រុមរបស់លោកបានរកឃើញរូបថតសិល្បករខ្មែរជាច្រើនសន្លឹក និងរកឃើញរឿង វីយូឡុងមាស ដែលជាខ្សែភាពយន្តហ្វីលដំបូងរបស់លោក ហើយនេះក៏ជាផ្នែកមួយដែលជំរុញទឹកចិត្តលោកឲ្យធ្វើការស្រាវជ្រាវមកដល់សព្វថ្ងៃ៕