ក្រុង​ម៉ិកស៊ីកូ៖ បុរាណវិទូ​បាន​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​ឆ្អឹង​ដំរី mammoth រហូត​ដល់ ៨០០ បំណែក ពី​ដំរី​យក្ស​​យ៉ាង​ហោច​ណាស់ ១៤ ក្បាល ​នៅ​ភាគ​កណ្ដាល​ប្រទេស ម៉ិកស៊ិក។

ពួក​គេ​ជឿថា របក​គំហើញ​ពី​ការ​ធ្វើ​កំណាយ​​ស្រាវជ្រាវ​នេះ គឺ​ជា​ករណី​ដ៏​ចម្លែក ដោយ​​ពួក​គេ​សន្និដ្ឋាន​ថា ដំរី​យក្ស​លើក​នេះ​​ជាប់​អន្ទាក់​មនុស្ស​កាល​ពី​ជាង ១៤ ០០០ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​​​នរវិទ្យា និង​ប្រវត្តិសាស្ត្រ​ នៃ​ប្រទេស ​ម៉ិកស៊ិក (INAH)។

វិទ្យាស្ថាន​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​​ការ​រក​ឃើញ​​ដ៏​​ធំធេង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស»។

ឆ្អឹង​ដំរី​យក្ស​មាន​ភ្លុក​វែង Anthropology ត្រូវ​បាន​​រក​ឃើញ​នៅ Tultepec ក្បែរ​តំបន់​ដែល​កំពុង​មាន​សកម្មភាព​សាងសង់​អាកាស​យានដ្ឋាន​ថ្មី​សម្រាប់​ទីក្រុង​ម៉ិកស៊ីកូ។

ការ​រក​ឃើញ​នេះ បាន​នាំ​ឲ្យ​អ្នក​ជំនាញ​​ទាញ​ការ​សន្និដ្ឋាន​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​អន្ទាក់​ចាប់​សត្វ​ដំរី​យក្ស​​ដំបូង​បំផុត​ក្នុង​លោក​ផង​ដែរ។

អ្នក​ជំនាញ​បុរាណវិទ្យា ល្វីស ខ័រដូបា ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​​ថា៖ «ដំរី​ភ្លុក​វែង mammoth មាន​កំណើត​នៅ​ទឹក​ដី​នេះ​រាប់​សិប​ពាន់​ឆ្នាំ​មក​ហើយ។ ពួក​វា​បាន​កើត​កូន​ចៅ ខ្លះ​រស់រាន​បាន​អាយុវែង និង​ខ្លះ​ត្រូវ​បាន​ប្រមាញ់។ ពួក​វា​រស់រាន​ក្នុង​យុគ​សម័យ​ដំណាល​នឹង​ពូជ​សត្វ​​​សេះ និង​អូដ្ឋ​ ជាដើម»។

អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា យ៉ាង​ហោច​​ណាស់​ក៏​មាន​ដំរី​យក្ស ​៥ ​ហ្វូង​ធំៗ​ នៅ​ម្ដុំ​បរិវេណ​កំណាយ​ថ្មី​ថ្មោង​​នេះ​ផង​ដែរ។

កាល​ពី​ទសវត្សរ៍​​ឆ្នាំ ១៩៧០ កម្មករ​ដែល​កំពុង​សាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ទីក្រុង​ម៉ិកស៊ីកូ ​ធ្លាប់​បាន​ប្រទះ​ឃើញ​​ឆ្អឹង​ដំរី​យក្ស ​ខណៈ​កំពុង​ជីកដី​នៅ​ភាគ​ខាង​ជើង​ក្រុង​៕ AFP