ភ្នំពេញ៖ ទីបំផុតអ្នកនិពន្ធ និងប្រវត្តិវិទូ ស្រីដ៏ល្បីរបស់ខ្មែរ អ្នកស្រី ត្រឹង ងា ដែលនិស្សិតខ្មែរច្រើនស្គាល់ក្នុងសៀវភៅអរិយធម៌ខ្មែរ និងសៀវភៅប្រវត្តិសាស្ត្រខ្មែរភាគ ១ និងភាគ ២ នោះ ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា សម្រេចប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្រ្តជូនអ្នកស្រី។
បើយោងតាមលិខិតចេញផ្សាយពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ បញ្ជាក់ថា អ្នកស្រី ត្រឹង ងា ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច លេខ ០៥២ / ២០ ស.ស.រ. ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជាជូនឥស្សរជនជាន់ខ្ពស់ ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ដោយមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់។
គួរបញ្ជាក់ផងដែរថា អ្នកស្រី ត្រឹង ងា មានឈ្មោះដើមពិតថា ឡាយ ហ៊ុនគី កើតនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ១៩៣៩ រស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ អ្នកស្រីបានចាប់អាជីពជាគ្រូបង្រៀនតាំងពីឆ្នាំ ១៩៥៧ នៅខេត្តបាត់ដំបង ហើយ ១ ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី គឺលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ នៅកម្ពុជាក្រោម ក្រោយមកអ្នកស្រីក៏បានផ្លាស់ឈ្មោះដាក់ថា ត្រឹង ងា រហូតមកដោយការផ្លាស់ឈ្មោះតាមស្វាមីនេះ គឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ។
ចំណែកឯលោក ត្រឹង ងា ជាស្វាមីត្រូវខ្មែរក្រហមបញ្ជូនមកមន្ទីរស ២១ កាលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ និងក្រោយមក ក៏ត្រូវខ្មែរក្រហមសម្លាប់នៅក្នុងឆ្នាំនោះផងដែរ។
ក្រោយពីចូលនិវត្តន៍មក អ្នកស្រី ត្រឹង ងា បានចំណាយពេលភាគច្រើនក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរលំនៅមករស់នៅជាមួយកូនប្រុសទី ៣ នៅភ្នំពេញ នៅក្នុងឆ្នាំ ២០១៩ រហូតមកទល់សព្វថ្ងៃ។
ចំណែកសៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃដ៏មានតម្លៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជា អ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមពីវប្បធម៌ និងអរិយធម៌ខ្មែរ៕