ក្រុងអាំស្ទែរដាំ: មាន់ដើរជាន់ដំណាំ គោទំពាចំណី ហើយជ្រូកននៀលភក់ក្រោមបរិយាកាសថ្ងៃស្រឡះល្អក្នុងកសិដ្ឋានប្រទេស ហូឡង់ តែទិដ្ឋភាពច្បារដំណាំនេះហាក់មិនមែនកសិកម្មប្រពៃណីដូចសព្វមួយដងឡើយ។
កសិដ្ឋាននេះជាកម្មសិទ្ធិ និងដំណើរការក្រោមកិច្ចសហការអតិថិជនក្នុងស្រុករាប់រយនាក់ និងមានបំណងផ្លាស់ប្ដូរទម្លាប់រស់នៅក្នុងប្រទេសក្បែរមាត់សមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ពលរដ្ឋប្រមាណ ២០០ គ្រួសារ សម្រេចចិត្តជួលកសិករឲ្យចិញ្ចឹមសត្វយកសាច់ និងស៊ុត ហើយដាំដុះបន្លែ និងផ្លែឈើមួយចំនួន ដើម្បីឲ្យពួកគេដឹងជាក់ពីប្រភពអាហារដែលពួកគេនឹងទទួលទាន។
លោក ដូវ៉េ ខូធីង សហប្រធានសហករណ៍ Boxtel នៅភាគខាងត្បូងប្រទេស ហូឡង់ និយាយថា៖ «គោលបំណងចម្បងរបស់សមាជិកយើងគឺទទួលទានផលិតផលធម្មជាតិ ដែលផលិតក្បែរផ្ទះយើងរស់នៅក្នុងមធ្យមបាយចីរភាព»។
ការចូលរួមក្នុងកសិដ្ឋានសហករណ៍មានតម្លៃម្នាក់ ២ ២០០ ដុល្លារ ដែលម្ចាស់ហ៊ុនអាចធាក់កង់ប្រមាណ ១០ នាទីពីទីក្រុងខ្លួនរស់នៅ ទៅប្រមូលបន្លែ ស៊ុត សាច់ និងផ្លែឈើជារៀងរាល់សប្ដាហ៍ ក្នុងតម្លៃទឹកប្រាក់ម្នាក់ ១០ អឺរ៉ូ។
សមាជិកទាំងអស់ទទួលបាននូវអាហារដែលពួកគេត្រូវការ និងសារសំខាន់ពីការស្គាល់ប្រភព ការបញ្ជាក់ពីផលិតផលក្នុងស្រុក និងធម្មជាតិតាមរដូវកាល។
គោ ១៥ ក្បាល ជ្រូក ២០ ក្បាល និងមាន់ ៥០០ ក្បាល កសិដ្ឋានមានផ្ទៃដីល្បាក់ ២០ ហិកតា និងដាំដំណាំ ឬផលិតនូវអ្វីដែលជ្រើសរើសដោយសហករណ៍ដែលនឹងចែករំលែកផលដំណាំទាំងនោះត្រឡប់ទៅផ្ទះម្ចាស់វិភាគទានវិញ។
តង់ចល័តពណ៌បៃតងមួយ ស្ថិតនៅចន្លោះទ្រុងមាន់ និងក្រោលគោ មានមុខងារជាផ្ទះបាយ និងការិយាល័យកសិដ្ឋាន។ រៀងរាល់ថ្ងៃសៅរ៍ ក្រុមគ្រួសារម្ចាស់ហ៊ុន តែងមកលេងកសិដ្ឋាន ដែលភាគច្រើនតាមរយៈការជិះកង់ មកទិញកសិផល ដូចជា ផ្លែទំពាំងបាយជូរ បន្លែមើម សាច់គោ និងសាច់មាន់។
ប្រធានក្រុមបាននិយាយទាំងមានមោទនភាពថា បន្លែផ្លែឈើស្រស់ៗមានចំនួន ៦០ ភាគរយ នៃរបបអាហាររបស់មនុស្ស ៥០០ នាក់។
យោងស្ថាបនិកសហករណ៍ Geert van der Veer បានឲ្យដឹងថា អ្វីៗទាំងអស់សុទ្ធតែជាតម្រូវការ និងពោរពេញដោយផលិតផលធម្មជាតិ ទោះបីជាមានការប្រើបច្ចេកវិទ្យាទំនើបៗក៏ដោយ។
គំនិតបង្កើតកសិកម្មសហករណ៍កំពុងតែពេញនិយមនៅហូឡង់ ជាទីដែលកសិកម្មដ៏ទំនើបបានក្លាយជាប្រទេសនាំចេញធំបំផុតលំដាប់ទី២ ក្នុងលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការិយាល័យស្ថិតិកណ្ដាលហូឡង់ CBS។
លោក Van der Veerបានសង្កត់ធ្ងន់ថា ការពង្រីកវិធីសាស្ដ្រកសិកម្មដ៏សាមញ្ញមិនមែនមានន័យថាត្រូវកាត់បន្ថយបច្ចេកវិទ្យាថ្មីៗនោះទេ។ នៅក្បែរជើងរបស់លោក សត្វមាន់ជាច្រើនក្បាលជួយជុះដាក់ជីរឲ្យដំណាំ ទោះបីជាថ្ងៃណាមួយពួកវាក៏នឹងក្លាយជាចំណីក្ដី។
មិនយូរមិនឆាប់ បក្សីនេះនឹងនឹងមានអ្នកកំដរជារ៉ូបូតដែលអាចហិតក្លិនផ្លែឈើទុំ ព្រមទាំងដ្រូនដែលធ្វើការសិក្សាពីដីស្រែចម្ការផងដែរ៕ AFP/HR