
ក្រុងអូសាកា៖ តោះទៅលេង! ក្រោយពីវិបត្ដិកូវីដអូសបន្លាយពេលជាច្រើន ឧទ្យានកម្សាន្ដដំបូងបំផុតរបស់នីនធេនដុ ដែលរំលេចនូវរូបភាពតួអង្គ «វីដេអូហ្គេម Mario Kart» ក្នុងវិមានBowser''s Castle ពិតៗ បានបើកទ្វារក្នុងប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទទួលក្រុមអ្នកគាំទ្រ។
ភាពទាក់ទាញ ដែលរចនាប័ទ្មពណ៌ស្រស់បំព្រងជុំវិញ ដល់ស្រង់ចេញពីវីដេអូហ្គេម «Super Mario» គឺជាផ្នែកមួយនៃឧទ្យានកម្សាន្ដចក្រវាឡ៍ស្ទូឌីយូជប៉ុន នៅភាគខាងលិចទីក្រុងអូសាកា។
លោក អាយូមុ យ៉ាម៉ាម៉ូតុ ប្រធានទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន USJ បាននិយាយថា៖ «យើងបានបង្កើតពិភពហ្គេមជារូបរាងពិតៗ។ លោកអ្នកអាចមើលឃើញនូវរុក្ខជាតិគ្រោះថ្នាក់ និងអណ្ដើក Bowser ស្ដែងនឹងមុខ ហើយលោកអ្នកក៏នឹងបានឃើញនូវអ្វីដែលមាននៅក្នុងវីដេអូម៉ារីអូផងដែរ»។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីពុធថា៖ «វាត្រូវការពេលលើសពីការរំពឹងទុកជាងមួយឆ្នាំក្នុងការបើកសម្ពោធទីកម្សាន្ដនេះ ហើយយើងក៏ពិតជារីករាយផងដែរ»។
តំបន់ថ្មី ដែលហៅថា «ពិភពកំពូលនីនធេនដុ» ដែលត្រូវបានរំពឹងថា អាចទាក់ទាញអ្នកគាំទ្រដ៏សម្បើមកាលពីឆ្នាំមុន នៅមុនព្រឹត្ដិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលក៏ត្រូវបានពន្យាពេលដោយសារវិបត្ដិកូវីដសកលផងដែរ។

បើយោងតាម USJ បានបង្ហាញថា ក្រុមអ្នកគាំទ្របានប្រាប់ AFP ថា ពួកគេមានការភ្ញាក់ផ្អើលចំពោះអ្នកចូលរួមពិធីសម្ពោធសួនកម្សាន្ដ ដែលមានតម្លៃជាង ៥៥០លានដុល្លារនេះ។
ហ៊ីរ៉ូគិ កូណុ និស្សិតអាយុ ១៩ ឆ្នាំ ក្នុងក្រុងអូសាកា បាននិយាយថា៖ «ខ្ញុំតែងតែលេងហ្គេមម៉ារីអូ តាំងពីក្មេង។ ខ្ញុំមិនសង្ឃឹមថា ខ្ញុំអាចបានចូលពិភពម៉ារីអូនាពេលនេះសោះ។ ដូច្នេះ ខ្ញុំពិតជារំភើបមែនទែន»។
ហ្គេម «Super Mario Bros» ដំបូងបានបង្ហាញវត្ដមានក្នុងឆ្នាំ ១៩៨៥ សម្រាប់ប្រភេទកាសែត NES របស់ក្រុមហ៊ុននីនធេនដុ។
ឈុតឆាកក្នុងវីដេអូហ្គេម ដែលមានតួអង្គ Mario រត់ និងលោតឆ្លងកាត់ឧបសគ្គដើម្បីប្រមូលកាក់ពិន្ទុ និងសង្គ្រោះ Princess Peach ពីអណ្ដើកនរក Koopa ត្រូវបានយកលំនាំតាមវីដេអូហ្គេម «Mario Bros» ដែលទើបបានដាក់លក់ថ្មីៗ៕ AFP/HR