កណ្តាល៖ កញ្ចប់ ​ថង់ ​​ទុយោ​​ចម្រុះ​ពណ៌ និង​សំរាម​ប្លាស្ទិក​នានា​ ត្រូវ​បាន​សហគ្រាស​មួយ​នៅ​ខេត្ត​​កណ្ដាល ​ប្រមូល​មក​​ច្នៃ​​ផលិត​ជា​ឥដ្ឋ​អេកូ​ ដើម្បី​ជួយ​​​សម្អាត​បរិស្ថាន​ និង​កាត់​បន្ថយ​ថវិកា​​​ចំណាយ​លើ​ការ​សង់​ផ្ទះ​របស់​ពលដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​​។

ម្ចាស់​សហគ្រាស​សង្គម​ខ្មែរ​ នៅ​ម្តុំ​​ព្រែកហូរ​ ខេត្ត​កណ្តាល​ លោក​ សុខ ធី​ បាន​​ចំណាយ​ពេល​​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ ឥណ្ឌា​ និង​ម៉ាឡេស៊ី​ ផ្សែផ្សំ​នឹង​​​​ការ​សិក្សា​អនឡាញ​ជាមួយ​អ្នក​ជំនាញ​​ជនជាតិ​ចិន​ និង​ហ្វីលីពីន មុន​នឹង​ច្របាច់​បញ្ចូល​បច្ចេកទេស​​ផលិត​ឥដ្ឋ​របស់​​ប្រទេស​​ទាំង ​៥ ​មក​ច្នៃ​ប្រឌិត​​ផលិត​​ឥដ្ឋ​អេកូ​ ចេញ​ពី​សំរាម​ប្លាស្ទិក​ ដែល​​​ប្រមូល​មក​ពី​សាលារៀន​ និង​សហគមន៍​។

លោក ​សុខ ធី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «យើង​សហការ​ជាមួយ​នាយក​សាលារៀន​ ឲ្យ​បង្រៀន​កូន​សិស្ស​អំពី​ការ​បែងចែក​ និង​ញែក​សំរាម​ប្លាស្ទិក​ទុក​ដាក់​ឲ្យ​ត្រឹមត្រូវ​​ ដូចជា​ កញ្ចប់​នំ​ កញ្ចប់​មី​ ថង់​ ទុយោ​ ស្លាបព្រា​ជ័រ​ ​កំប៉ុង​​ទឹក​ជ័រ​ និង​​របស់​ធ្វើ​ពី​ជ័រ​ច្រើន​មុខ​ទៀត​។​ បន្ទាប់​មក​ យើង​នឹង​ប្រមូល​​សំរាម​ទាំង​នោះ​​​យក​មក​សម្អាត​ និង​ហាល​វា​​ឲ្យ​ស្ងួត​ រួច​យក​មក​កិន​ក្នុង​ម៉ាស៊ីន​កិន​ឲ្យ​ម៉ដ្ឋ យើង​យក​មក​លាយ​ជាមួយ​​ដី​ ខ្សាច់​ ស៊ីម៉ងត៍​ និង​កែវ​ និង​សារធាតុ​ផ្សំ​ផ្សេង​ទៀត​ រួច​យក​មក​កៀប​ពុម្ព​ក្នុង​ម៉ាស៊ីន​ពុម្ព​ឥដ្ឋ ដើម្បី​បង្កើត​ឥដ្ឋ​អេកូ​»។

​​​សំរាម​ប្លាស្ទិក​ត្រូវ​បាន​​កាត់​​ជា​កម្ទេច​តូចៗ។ រូបថត សហ​ការី

ឥដ្ឋ​អេកូ​មាន​កម្រាស់ ២ ជាន់​​ប្រវែង​ ១៥ ​សង់ទីម៉ែត្រ​​ កម្ពស់ ១០ សង់ទីម៉ែត្រ​ និង​បណ្តោយ​ ៣០ ​សង់ទីម៉ែត្រ ដែល​ជា​ខ្នាត​ធំ​ និង​វែង​ជាង​ឥដ្ឋ​​ប្រហោង​ធម្មតា​។

យោង​តាម​ម្ចាស់​សហគ្រាស​លោក សុខ ធី ឥដ្ឋ​អេកូ​ មាន​​ប្រហោង ​២ (​ញី និង​ឈ្មោល)។ ​​ប្រហោង​​ខាង​លើ​មាន​ពក ២​ និង​ប្រហោង​​ខាង​ក្រោម​​មាន​ខូង ​២ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​រៀប​របង​ និង​​សួន​ច្បារ​ ដោយ​គ្រាន់​តែ​បន្តុប​ឥដ្ឋ​​លើ​គ្នា​មិន​បាច់​​​​បូក​ស៊ីម៉ងត៍។

ការ​បន្តុប​ឥដ្ឋ​ធ្វើ​ជា​របង​នេះ​ ម្ចាស់​ផ្ទះ​អាច​ធ្វើ​​បាន​ដោយ​ខ្លួន​ឯង ហើយ​វា​ក៏​​​ងាយ​ស្រួល​ក្នុង​ការ​រុះរើ​ ឬ​លើក​ផ្លាស់ប្តូរ​ទីតាំង​នៅ​​ថ្ងៃ​ក្រោយ។

ដោយ​ឡែក​ ការ​សាងសង់​ផ្ទះ​ ​លោក សុខ ធី​ ស្នើ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​​ជាង​ខ្លះ​ ​​​ព្រោះ​ការ​សង់​ផ្ទះ​ទាមទារ​ឲ្យ​មាន​ការ​បូក​ស៊ីម៉ងត៍​តិច​តួច​។ ប្រសិន​បើ​ជាង​សំណង់​​​មិន​មាន​​​បទពិសោធ​​រៀប​ឥដ្ឋ​ប្រភេទ​​​នេះ​ លោក​ សុខ ធី​ នឹង​បង្រៀន​​ពី​ការ​រៀប​ដល់​ពួក​គេ​ដោយ​​​ឥត​គិត​ថ្លៃ​។

នៅ​ក្នុង​ឥដ្ឋ​​អេកូ​​ មាន​រន្ធ​តូច​សម្រាប់​​តភ្ជាប់​ខ្សែ​ភ្លើង​រួច​ជា​ស្រេច​ ងាយ​ស្រួល​មិន​ចាំបាច់​ធ្វើ​ការ​ចោះ​ជញ្ជាំង។​ វា​ក៏​មាន​រន្ធ​​អ៊ីសូឡង់​ ​ជួយ​​ទប់​កម្តៅ​ពី​ខាង​ក្រៅ​ចូល​ក្នុង​ផ្ទះ​​​ផង​ដែរ។

លោក ​​សុខ ធី បង្ហាញ​សមិទ្ធផល​ក្នុង​សិក្ខាសាលានៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា​។ រូបថត សហ​ការី

ទោះបី​យ៉ាង​ណា​ ការ​ផលិត​ឥដ្ឋ​អេកូ​ ក៏​ប្រឈម​ការ​កក​ស្ទះ​ដោយសារ​​តែ​ខ្វះ​ឧបករណ៍​ផង​ដែរ។

ម្ចាស់​សហគ្រាស​សង្គម វ័យ​ក្បែរ​ ៤០ ​ឆ្នាំ​រូប​នេះ​​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ​ទាំង​ក្រៀម​ក្រំ​ថា៖ «បច្ចុប្បន្ន​ យើង​មិន​អាច​ផលិត​​ឥដ្ឋ​​ច្រើន​ទៅ​តាម​តម្រូវ​ការ​របស់​​អតិថិជន​បាន​ទេ​ ព្រោះ​យើង​​មាន​ម៉ាស៊ីន​ផលិត​តែ ២ គឺ​ម៉ាស៊ីន​កិន​ប្លាស្ទិក​ និង​ម៉ាស៊ីន​កៀបពុម្ព​ តែ​យើង​នៅ​ខ្វះ​ម៉ាស៊ីន​ ​២ ទៀត​ គឺ​ម៉ាស៊ីន​វាយ​បំបែក​ដី​ និង​ម៉ាស៊ីន​ក្រឡុក»​​។

ម៉ាស៊ីន​ផលិត​ទាំង ២ របស់​លោក​​ និង​​ឥដ្ឋ​អេកូ​ជា​​ផលិតផល​សម្រេច ​សុទ្ធ​តែ​បាន​​ឆ្លង​កាត់​ការ​ពិសោធ​​ត្រឹមត្រូវ​តាម​​ស្តង់ដា​បច្ចេកទេស នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា​ក្ដី សន្ទុះ​​ផលិតកម្ម​​នៅ​មិន​ទាន់​រលូន​នៅ​ឡើយ ដោយ​លោក សុខ ធី លើក​ឡើង​​ទៀត​ថា៖ «រាល់​ថ្ងៃ​នេះ​យើង​ប្រើ​​ចប​ ប៉ែល​ ​កាយ​លាយ​វត្ថុ​ធាតុ​ដើម​បញ្ចូល​គ្នា​ ហើយ​​ យើង​​យក​សំណាញ់​ កញ្ច្រែង​ មក​រែង​យក​ដី​ម៉ដ្ឋ ព្រោះ​យើង​គ្មាន​ម៉ាស៊ីន​​​»។​​

«យើង​មាន​តែ​បច្ចេកទេស​ តែ​យើង​ខ្វះ​ដើម​ទុន»​ ​នេះ​ជា​​​សម្ដី​​ដែល​លោក​​ សុខ ធី​ បាន​ពោល​ក្នុង​ពេល​​សន្ទនា​ជាមួយ​ ភ្នំពេញ ប៉ុស្តិ៍​។

លោក​ សុខ ធី​ ក៏​នៅ​តែ​ទទូច​សូម​​ឲ្យ​មាន​ការ​ជួយ​ដល់​ការ​ផលិត​របស់​លោក​ ព្រោះ​សហគ្រាស​របស់​លោក​ក៏​​បាន​​ជួយ​បណ្តុះបណ្តាល​ប្រជាជន​ពី​បញ្ហា​សំរាម​ ជួយ​សម្អាត​បរិស្ថាន​ និង​ផ្តល់​ឱកាស​ការងារ​ដល់​​ប្រជាជន​ក្នុង​តំបន់​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក សុខ ធី អះអាងថា ជម្រើស​ឥដ្ឋអេកូ អាច​កាត់បន្ថយ​ការ​​​ចំណាយ​លើ​សំណង់​។ រូបថត សហ​ការី

បច្ចុប្បន្ន​ឥដ្ឋ​អេកូ​ មិន​ទាន់​ត្រូវ​​បាន​កំណត់​តម្លៃ​ជាក់​លាក់​​នៅ​លើ​ទីផ្សារ​ទេ​ ប៉ុន្តែ​​លោក​ សុខ ធី​ បាន​ប្រាប់​ថា​ វា​មាន​តម្លៃ​ប្រហែល​ ៨,៥ ​ដុល្លារ​ ក្នុង ១ ម៉ែត្រការ៉េ​ ដែល​ស្មើ​នឹង​ចំនួន​​​​ប្រហែល​ ៣៣ ដុំ​។

ពាក់ព័ន្ធ​ជាមួយ​តម្លៃ​ លោក​​បាន​​​ពន្យល់​ថា​​៖ «បើ​គិត​ពី​តម្លៃ​ក្នុង​ ​១ ដុំ​ ឥដ្ឋ​អេកូ​អាច​មាន​តម្លៃ​ថ្លៃ​ជាង​ឥដ្ឋ​ធម្មតា​ ប៉ុន្តែ​​ការ​យក​ឥដ្ឋ​អេកូ​ ទៅ​រៀប​របង​ ឬ​សង់​ផ្ទះ​ គិត​ទៅ​ចំណេញ​បាន​ច្រើន​ជាង ​ព្រោះ​ឥដ្ឋ​របស់​យើង​មាន​ប្រវែង​ វែង​ ​ប្រើ​ស៊ីម៉ងត៍​តិច​ក្នុង​ការ​រៀប​ ហើយ​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជាង​តិច​»។​

លោក​បាន​ធ្វើ​ការ​ប្រៀប​ធៀប​​ទៀត​ថា៖ «ការ​ប្រើប្រាស់​ឥដ្ឋ​អេកូ​រៀប​ផ្ទះ​ អាច​ចំណេញ​ប្រហែល​ ៣ ​ដង ​បើ​ប្រៀប​ជាមួយ​នឹង​​ឥដ្ឋ​ធម្មតា។ ឧបមា​ថា​​ រៀប​​ផ្ទះ ​១ ប្រើ​ឥដ្ឋ​ធម្មតា​ចំណាយ​​អស់​ ១ ម៉ឺន​ដុល្លារ​ តែ​ម្ចាស់​ផ្ទះ​អាច​ចំណាយ​ខ្ទង់​​ប្រមាណ ​៣ ០០០ ដុល្លារ​ប៉ុណ្ណោះ​ជាមួយ​ឥដ្ឋ​អេកូ​​​»។

សម្រាប់​ព័ត៌មាន​បន្ថែម​មាន​នៅ​​​ទំព័រ​ហេ្វសប៊ុក​​​ @ឥដ្ឋអេកូ Eco-Bricks ឬ​​ទូរស័ព្ទ​លេខ​ ០៨៥ ២២ ៤៤ ៦៦៕