ភ្នំពេញៈ ពិតជាមិនគួរឲ្យជឿសោះ ឥទ្ធិពលស្នេហាដែលផុសចេញពីដួងចិត្តបញ្ជាក់ប្រាប់ថា ខ្លួនរកឃើញម្ចាស់បេះដូងពិតហើយនោះ ក៏បានប្រែក្លាយជាអារម្មណ៍ច្របូកច្របល់គិតវែងឆ្ងាយរហូតធ្វើឲ្យតារាសម្តែងស្រី ម៉ូដែល និងជា ពិធីការិនី វ័យ ២២ ឆ្នាំ មានរូបឆោមស្រស់ សាច់សខ្ចី ទម្រង់មុខស្អាត ជាកូនកាត់ជាតិសាសន៍អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា គេងមិនលក់។
ដើមចមដែលនាំឲ្យកញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅកញ្ញា ម៉ៃយ៉ា ដែលមានរាសីកំពុងតែឡើងក្រឺតៗ ទើបតែបានថតកុនភាគខ្នាតធំចប់ ហើយក៏កំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសរឿង «កូនពស់កេងកង» និងក៏ត្រូវបានផលិតកម្មកក់ទុក សម្រាប់ថតកុនថ្មី ១ ទៀតហើយដែរនោះ បង្ហើបឲ្យដឹង បន្ទាប់ពីនាងបង្ហើរសាររឿងលេបថ្នាំងងុយគេងថា៖ «លេបហើយល្មមអាចគេងបានភ្លាម» និងសារថា៖ «នឿយកាយហត់ចិត្ត» មកភ្លាមៗដែរ។
បើគ្រាន់តែស្វែងយល់តាមសារដ៏ខ្លីខាងលើ គឺច្បាស់ណាស់ គេនឹងមិនបានជ្រាបឡើយថា ស្រីស្រស់សម្រស់បែបជាកូនកាត់រាងតូចច្រឡឹងរូបនេះកំពុងតែគេងមិនលក់ព្រោះតែចិត្តមានសភាពច្របូកច្របល់ដោយសារឥទ្ធិពលស្នេហា តែវាចារចេញមិនទាន់បានដែលរំខានអារម្មណ៍នាងយ៉ាងខ្លាំង។ ភាគច្រើនពេលឃើញសារនេះ មហាជនបានត្រឹមតែគិតថា តារាស្រីវ័យ ២២ ឆ្នាំរូបនេះទំនងជាមានការនឿយហត់ទៅនឹងការងារដ៏មមាញឹក និងរឿងវិបត្តិក្នុងគ្រួសារទើបធ្វើឲ្យនាងឈឺរហូតគេងលែងលក់នោះ។
ប៉ុន្តែពិធីការិនីនៃទូរទស្សន៍ CNC ដែលជាតារាសម្តែងស្រីរលកក្រោយទើបតែបានរះថ្មីនៅលើវិថីសិល្បៈភាពយន្តនារយៈពេល ២-៣ ឆ្នាំរូបនេះ បង្ហើបប្រាប់ ភ្នំពេញប៉ុស្តិ៍ឲ្យដឹងទាំងបែបលាក់លៀម ដោយសារតែពុំទាន់សម្រេចចិត្តទទួលយកក្តីស្នេហ៍ពីបុរស ដែលបេះដូងកំពុងតែលួចពេញចិត្តថា៖ «វាមិនមែនជារឿងវិបត្តិគ្រួសារអីនោះទេ។ តែវាជារឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះដោយសារមានគេតាមស្រឡាញ់ ហើយក៏គិតវែងឆ្ងាយពីខ្លួនឯងរហូតដល់គេង មិនលក់បែបនេះ»។
ស្រីស្រស់ជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ ដែលក៏ល្បីថា សម្បូរក្រុមកន្លង់ចោមរោម តាមសុំស្នេហ៍មិនតិច លំដាប់ពីអ្នកមានទ្រព្យស្តុកស្តម្ភដល់ឋានៈឧកញ៉ានោះក៏បានបន្តថា៖ «រឿងមានអ្នកស្រឡាញ់ច្រើននោះដូចជាមិនច្រើនណាស់ណាទេ ហើយពេលនេះក៏នាងខ្ញុំពុំទាន់បានបើកចិត្តទទួលយកឬផ្តល់ក្តីសង្ឃឹមឲ្យអ្នកណាម្នាក់នៅឡើយដែរ។ គ្រាន់តែនាងខ្ញុំគិតរឿងខ្លួនឯងច្រើនជាងថា គួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនឯងសប្បាយចិត្តប្រសិនបើមានដំណាក់កាលនេះកើតឡើងនោះ»។
ខណៈវ័យក៏នៅក្មេង ហើយសម្រស់ក៏កាន់តែស្រស់ស្អាតទៀត តែចំពោះជីវិតគូវិញ គឺតារាស្រី ដែលផ្តើមការសម្តែងក្តាប់បានតំណែងជាតួឯកស្រីក្នុងកុនភាគរឿង «ហង្សបាក់ស្លាប» ក្រោយមក រឿងដុំថ្មី «ទាយាទអាគម» និងកុនភាគរឿង «កញ្ញាអម្ពិលផ្អែម» រូបនេះ មិនបានដាក់កំណត់អាយុត្រូវចូលរោងជ័យឡើយ ដោយគ្រាន់តែព្រលយឲ្យដឹងថា៖ «សម្រាប់ខ្ញុំមិនកំណត់វ័យខ្លួនឯងទេ តែប្រសិនបើបានជួបអ្នកដែលខ្ញុំពេញចិត្តស្រឡាញ់ហើយនោះ នឹងទទួលយកពិធីតាមទំនៀមទម្លាប់ភ្លាម»៕