ក្រុងខេមរភូមិន្ទៈ ទីបំផុត​បុរស​វ័យ ៨៥ ​ឆ្នាំ​ជា​ជនជាតិ​ភាគតិច​ជង ដែល​កំពុងតែ​រស់នៅ​ក្នុង​តំបន់​សហគមន៍​អារ៉ែង និង​ជា​ម្ចាស់​ដើម​នៃ​ឧបករណ៍​ភ្លេង «​ភ្លយ​» នោះ​បាន​យល់ព្រម​ទទួល​បង្រៀន​ជំនាញ​របស់​ខ្លួន​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ បន្ទាប់ពី​លោកតា​ខំ​សំងំ​លាក់បាំង​ចំណេះ​នេះ​ជា​យូរយារ​មក​ក៏​ព្រោះ​តែ​គ្មាន​ការពេញនិយម និង​ឲ្យ​តម្លៃ​នោះ​។

ភ្លយ គឺជា​ឧបករណ៍​ភ្លេង​របស់​ជនជាតិ​ភាគតិច​អម្បូរ «​ជង​» ដែល​កំពុង​តែមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​សព្វថ្ងៃ​នេះ​វា​ស្ទើរតែ​បាត់​ឈ្មោះ និង​លែងមាន​ការពេញនិយម​ពី​អ្នក​ស្រុកភូមិ​ទៅ​ហើយ​ដែរ ព្រោះ​ថា​ឧបករណ៍​ភ្លេង​មួយ​នេះ​ត្រូវ​បាន​ប្រគំ​សម្រាប់​ផ្លុំ​ថ្វាយ និង​បន់ស្រន់​ទៅ​ដល់​អ្នកតា​ម្ចាស់​ស្រុក​តាម​ជំនឿ​នៃ​ជនជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ​។

តែ​នារយៈពេល ១ ​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ឆ្នាំ​ ២០១៨ បន្ទាប់ពី​មាន​ការជួយ​សម្របសម្រួល និង​ជ្រោមជ្រែង​ពី​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ និង​សហគមន៍​អេកូទេសចរណ៍​អារ៉ែង​មក​នោះ​ក៏​មាន​ការបើក​វគ្គ​បណ្តុះបណ្តាល ឬ​បង្រៀន​សិស្ស ជា​ក្មេងជំនាន់​ក្រោយ​ឲ្យ​រៀន​ជំនាញ​ឧបករណ៍​ភ្លេង​ភ្លយ ដើម្បី​ជួយ​អភិរក្ស និង​រក្សា​បន្ត​នូវ​កេរដំណែល​វប្បធម៌​សិល្បៈ ដែល​ស្ទើរ​បាត់បង់​នៅ​តំបន់​សហគមន៍​អារ៉ែង​ស្ថិត​នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

សិស្ស​ទាំង ៣ នាក់​ដែល​កំពុងតែ​រៀន​លេង​ឧបករណ៍​ភ្លេង​ភ្លយ​របស់​ជនជាតិ​ជង នៅ​សហគមន៍​អារ៉ែង​។ រូបថត រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ

អ្នកស្រី ថន សីម៉ា ជា​ប្រធាន​គ្រប់គ្រង​ផលិត​កម្មវិធី និង​ជា​សហស្ថាបនិក​នៃ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ បាន​ប្រាប់​ពី​ការបើក​បង្រៀន​ឧបករណ៍​ភ្លេង​ភ្លយ​នេះ​ថា​៖ «​យើង​បាន​ជួយ​រៀបចំ​ឲ្យ​មាន​ការបង្រៀន​ឧបករណ៍​នេះ​បាន​ចំនួន ១ ​ឆ្នាំ​ហើយ​ក៏ដោយសារ​តែ​មាន​ការយល់ព្រម​បង្រៀន​បន្ត​ពី​លោកតា ដួង ញឹក ដែល​ជា​ជនជាតិ​ជង និង​ជា​ម្ចាស់​ដើម​នៃ​ឧបករណ៍​ភ្លេង​ភ្លយ​នោះ​។ ព្រោះតែ​នេះ​ជា​ការ​បើក​វគ្គ​ដំបូង ហើយ​ក៏​មិន​សូវ​សម្បូរ មាន​អ្នក​ចាប់​អារម្មណ៍​ពី​សំណាក់​ក្មេង​ជំនាន់​ក្រោយ​រៀន​នោះ ទើប​ការបង្រៀន​វគ្គ​ដំបូង​ទទួល​បាន​សិស្ស​តែ​ ៣ ​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​គឺ​សុទ្ធតែ​ជា​សិស្ស​រស់នៅ​ឆ្ងាយៗ​ពី​ផ្ទះ​លោកតា​ទៀត​គឺ​ថា​ផ្ទះ​របស់​សិស្ស​ទាំង​នោះ​ខ្លះ​មាន​ចម្ងាយ​ ៣០ ​គីឡូម៉ែត្រ និង​អ្នកខ្លះ​មាន​ចម្ងាយ ៤០ ​គីឡូម៉ែត្រ​ឯណោះ ដោយ​ពួកគេ​ត្រូវ​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ពិបាក​ផង​ដែរ​ដើម្បី​មក​រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​។ រីឯ​ការបង្រៀន​នេះ​គឺ ១ ​សប្តាហ៍​មាន​ចំនួន​ ២ ​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខណៈ​ ១ ​ថ្ងៃ​មាន​បង្រៀន​តែ​ចំនួន ២ ​ម៉ោង​ទេ​»​។

ប្រធាន​គ្រប់គ្រង​ផលិតកម្ម​វិធី និង​ជា​សហស្ថាបនិក​នៃ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ អ្នកស្រី ថន សីម៉ា ក៏​បាន​បន្ត​ថា​៖ «​សំណាង​ណាស់ យើង​មាន​លោកគ្រូ ដួង ញឹក គឺជា​ជនជាតិ​ជង​តែ​មួយ​គត់​ដែល​គាត់​ចេះ​ទាំង​បង្កើត និង​លេង​ឧបករណ៍​ភ្លេង​ភ្លយ​នេះ​បាន ខណៈ​គាត់​មាន​វ័យ ៨៥ ឆ្នាំ​ទៅ​ហើយ​ដែរ​។ ក្រោយពី​យើង​បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​នឹង​សហគមន៍​អេកូទេសចរណ៍​អារ៉ែង ដែល​ជា​មូលដ្ឋាន​ផ្ទាល់​របស់​លោកតា ដួង ញឹក មក​គាត់​ក៏​បាន​យល់ព្រម​ទទួល​បង្រៀន​ជំនាញ​នេះ​បន្ត​ដល់​ក្មេងជំនាន់​ក្រោយ​ដោយ​ក្តី​រីករាយ ហើយ​យើង​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថ្លៃ​បង្រៀន​ដល់​គាត់​ផងដែរ សម្រាប់​ជីវភាព​។ លើសពី​នេះ​យើង​ក៏​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា «​តន្ត្រី​ផ្ទះ​ខ្ញុំ​» មាន​នៅ​តំបន់​សហគមន៍​អារ៉ែង​ផង​ដែរ ដើម្បី​ជា​ការជួយ​ទៅ​ដល់​គាត់ និង​សិស្ស ព្រម​ទាំង​ក្រុម​អុ្នក​សិល្បៈ​នានា​នៅក្នុង​សហគមន៍​ទាំង​ស្រុង​អាច​មាន​កម្មវិធី​លេង​ជំនាញ​តន្ត្រី​របស់​ខ្លួន​សម្រាប់​ទទួល​ភ្ញៀវ​ដែល​មក​កម្សាន្ត ហើយ​ក៏​អាច​រកប្រាក់​កម្រៃ​បន្ថែម​បាន​ខ្លះ​ដែរ​ពី​សិល្បៈ​របស់​ខ្លួន​នោះ​»​។

ឧបករណ៍​ភ្លេង​ភ្លយ​នេះ​សំឡេង​របស់​វា​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​សំឡេង​របស់​សត្វ​កន្លង់ ដោយ​គេ​យក​បំពង់​ឫស្សី​ ៣ ​ដើម ប៉ុនៗ​គ្នា​មក​រៀប​ជា​ដំណាក់​មាន​ចន្លោះ​ដូចជា​ឧបករណ៍​ខ្លុយ​របស់​ខ្មែរ​ដែរ​។ តែ​គេ​ភ្ជាប់​ផ្លែ​ឃ្លោក និង​បិទ​យ៉ាង​ជិត​ដោយ​គ្រាន់តែ​ទុក​ចំហ​មាត់​ឃ្លោក រួច​គេ​អាច​ផ្លុំ​បញ្ចេញ​សំឡេង​វា​តាម​មាត់​ឃ្លោក​នោះ​តែ​ម្តង ដែល​មើល​វា​ស្រដៀង​គ្នា​ទៅ​នឹង​ការផ្លុំ​ឧបករណ៍​ភ្លេង​គែន​ដែរ​៕