ក្រុង​ប៉េកាំង: បុរស​ចិន​ម្នាក់​ត្រូវបាន​ផាត់​ចេញពី​ក្រុម​ឆាត​ឪពុកម្ដាយ​លើ​បណ្ដាញ​សង្គម WeChat និង​ត្រូវ​បាន​ចោទ​ពី​បទ​សម្ញែង​ទ្រព្យធន​ដោយ​ការ​ជូន​កូន​ប្រុស​ទៅ​សាលា ជិះ​សុទ្ធ​តែ​កំពូល​រថយន្ដ​ស្ព័រ Ferrari 488 Sports។

បុរស​ត្រកូល លី ជានា​យកប្រតិ​ប​ត្ដិ​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ទីក្រុង​ហាងជូ ប្រទេស​ចិន និង​មាន​ចំណូល​ចិត្ដ​ជិះ Ferrari 488 ជូន​កូន​ប្រុស​ទៅ​រៀន។ រឿង​នេះ​មិន​គាប់​ភ្នែក​ឪពុក​ម្ដាយ​សិស្ស​ដទៃ ហើយ​លោក លី ក៏​ត្រូវ​បាន​គ្រូបង្រៀន​ជម្រាប​ប្រាប់​ថា លោក​ទទួល​បាន​ការ​តវ៉ា​អំពី​រឿង​នេះ។

ឪពុកម្ដាយ​ខ្លះ​មានការ​បារម្ភ​ថា វា​អាច​នាំ​ឲ្យ​មានការ​ប្រៀបធៀប​រវាងក្មេងៗក្នុង​ថ្នាក់ និង​រារាំង​ពួកគេ​ពី​ការ​រាប់​អាន​គ្នា។ ពួកគេ​មិន​ពេញ​ចិត្ដ​ចំពោះ​លោក លី និង​ថែម​ទាំង​ដក​រូប​លោក​ចេញ​ពី​ក្រុម​សារ​សន្ទនា WeChat ថែម​ទៀត។

ឪពុកម្ដាយ​សិស្ស​មួយ បាន​សរសេរ​ក្នុង​ឆាត WeChat ថា៖ «វា​មិន​សម​នោះទេ។ គាត់​មិនគួរ​សម្ញែង​បែប​នេះ​ឡើយ ទោះ​ខ្លួន​មាន​ទ្រព្យ​ធន​យ៉ាង​ណា​ក៏ដោយ»។

ឪពុកម្ដាយ​ផ្សេងទៀត បាន​បន្ដថា៖ «បើ​វា​គ្រាន់តែ​ជូន​កូន​ទៅ​សាលា​ធម្មតា ចុះ​ម៉េច​មិន​ប្រើ​រថយន្ដ​ធម្មតា​ទៅ? អ្នក​មិន​អាប់​ឱន​នោះ​ទេ»។

តែ​លោក លី បាន​សរសេរ​តប​ថា៖ «ចុះ​ហេតុអ្វី​ខ្ញុំ​ត្រូវ​ទិញ​រថយន្ដ​ផ្សេង​ដើម្បី​ផ្គាប់​តម្រូវការ​របស់​អ្នក?»៕HR