The Phnom Penh Post Search

Search form

ឯកសណ្ឋានថ្មី​​ តម្លៃ ៧០០ ដុល្លារ របស់​​កូន​សិស្ស​​បឋមសិក្សា​ជប៉ុន ​​រង​ការ​រិះ​គន់យ៉ាង​ចាស់​ដៃ​

Content image - Phnom Penh Post

ឯកសណ្ឋានថ្មី​​ តម្លៃ ៧០០ ដុល្លារ របស់​​កូន​សិស្ស​​បឋមសិក្សា​ជប៉ុន ​​រង​ការ​រិះ​គន់យ៉ាង​ចាស់​ដៃ​

ក្រុង​តូក្យូ: ជិនហ្សា (Ginza) មាន​ឈ្មោះ​ជា​ខណ្ឌ​ ហ្វាសសិន ​បំផុត​នៃ​ទីក្រុង​តូក្យូ​ របស់ ​ជប៉ុន ហើយ​សាលា​បឋម​សិក្សា​រដ្ឋ​មួយ ស្ថិត​នៅ​ទី​នោះ​ទើប​​បាន​សម្រេច​ថា ខ្លួន​ច្នៃ​ម៉ូដ​ឯកសណ្ឋាន​ពិសេស​សម្រាប់​សិស្ស​ឲ្យ​សម​នឹង​កិត្ដិនាម​នេះ​។

សិស្ស​សាលា​បឋម​សិក្សា ​តៃ​ម៉ៃ (Taimei) នឹង​គ្រង​ឈុតឯក​​សណ្ឋាន​សិស្ស​តម្លៃ ៧០០ ដុល្លារ​របស់​អ្នក​ឌីហ្សាញ​ក្រោម​យីហោ​អុីតាលី Armani ដ៏​ល្បីល្បាញ។

ការ​សម្រេច​របស់​សាលា​ដើម្បី​ផ្លាស់​ប្ដូរ​ឯកសណ្ឋាន​ចាស់​ ដោយ​គ្មាន​ការ​ផ្ដល់​ប្រឹក្សា​ជាមួយ​ឪពុក​ម្ដាយ​បង្ក​ជា​កំហឹង​ទូទាំង​ប្រទេស​ ជប៉ុន​ និង ​ថែម​ទាំង​បាន​លើក​យក​ប្រធាន​បទ​នេះ​មក​ជជែក​ដេញ​ដោល​ក្នុង​អង្គ​សភា​ជប៉ុន​កាល​ពី​សប្ដាហ៍​មុន ដោយ​តំណាង​រាស្ដ្រ​ប្រឆាំង​ម្នាក់​បាន​កត់​សម្គាល់​ថា ឯកសណ្ឋាន​សាលា​តម្លៃ ៨ ម៉ឺន​យេន (៧០០ ដុល្លារ​) មាន​តម្លៃ​ថ្លៃ​ជាង​ឈុត​ជំនួញ​ទៅ​ទៀត​។

ឪពុក​ម្ដាយ​បាន​ដឹង​អំ​ពី​ឯកសណ្ឋាន​ឌីហ្សាញ​នេះ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន ពេល​នាយក​សាលា​ តៃម៉ៃ លោក សូស៊ីត្សូហ្គូ វ៉ាដា បាន​ផ្ញើ​សំបុត្រ​ទៅកាន់​សហគមន៍​សាលា​ ដោយ​បាន​ពន្យល់​ថា ការ​សម្រេច​របស់​លោក​មាន​ន័យ​ថា​ជា​ការបង្រួម​អត្ដ​សញ្ញាណ​សាលា​ជា «​រចនាប័ទ្ម​ជីនហ្សា»។

ទោះ​មាន​ភាព​ចម្រូង​ចម្រាស​ចំពោះ​ការ​សម្រេច​ចិត្ដ​នេះ លោក សូស៊ីត្សូហ្គូ វ៉ាដា បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ថា លោក​មាន​អារម្មណ៍​ថា លោក​ធ្វើ​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​បាន​ឃើញ​ថា ឯកសណ្ឋាន​ថ្មីពិត​ជា​​មាន​តម្លៃ​។ សួរ​ថា​តើឯកសណ្ឋាន Armani ​ថ្មី​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​រក​ស្ដង់ដារ​វិញ​ ឬ ទេ លោក វ៉ាដា បាន​និយាយ​ថា ឯកសណ្ឋាន​ចាស់​លែង​ត្រូវ​បាន​ប្រើ​ទៀត​ហើយ​។

ឯកសណ្ឋាន​ថ្មី Armani គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​នៅ​សាលា​បឋម​សិក្សា​តៃម៉ៃ ក្នុង​ខែ​មេសា​នេះ៕ HR

ប្រភព Odditycentral

អត្ថបទគួរចាប់អារម្មណ៍