ភ្នំពេញ៖​ ពិសោធន៍​សិល្បៈ​ខ្មែរ​អមតៈ ​គឺ​​ជា​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដែល​មាន​ចក្ខុ​វិស័យ​ផ្តល់​នូវ​បទពិសោធ​​សិល្បៈ​វប្បធម៌​​ខ្មែរ​ ជា​គំរូដ៏​ជក់​ចិត្ត​ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​​ ដើម្បី​ដឹកនាំ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ ​​និង​ទស្សនីយភាព ដែល​មាន​​ការ​ទទួល​ខុស​ត្រូវ​ និង​រស់រវើក​​នៅ​​​កម្ពុជា។​ ជាមួយ​គ្នា​​នេះ អង្គការ​សិល្បៈ​ខ្មែរ​​អមតៈ​​​មាន​​​គម្រោង​មួយ​​ឈ្មោះ​ថា​​ «Incubator»​​ គឺ​​ជា​កម្មវិធី​​បណ្តុះបណ្តាល​​វិជ្ជា​ជីវៈ​​រយៈពេល ​២៦ ខែ ​ចាប់​ផ្តើម​ពី​ខែ​ ឧសភា ​ឆ្នាំ ​២០២០​ ដល់​​ខែ​មិថុនា​ ឆ្នាំ ២០២២​ ដែល​ជា​ឱកាស​​ផ្តល់​ឲ្យ​សិស្ស​ និស្សិត​ ក្លាយជា​សិល្បករ-សិល្បការិនី​អាជីព​មួយ​​សម្រាប់​​ទីផ្សារ​សិល្បៈ​​។ ​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​​អង្គការ​សិល្បៈ​ខ្មែរ ​(CLA) បាន​ឲ្យ​​ដឹង​​ថា៖ «​ក្នុង​គម្រោង​នេះ​ ពួក​យើង​នឹង​​​ធ្វើ​ការ​ជ្រើស​រើស​ នាដក នាដកា របាំ​បុរាណ ​ប្រពៃណី ​ល្ខោន​​ខោល ​២០ នាក់ ​(ប្រុស ១០ ​​នាក់​ និង​ស្រី ​១០ នាក់)​ តន្រ្តីករ វង់​ភ្លេង​ពិណពាទ្យ ​ប្រពៃណី ​ចំនួន ​៥ នាក់​ អ្នក​​ចម្រៀង​ ចំនួន ២ នាក់ ​(ស្រី ១ នាក់​ ប្រុស ១ នាក់)​ ប្រធាន​ក្រុម​សិល្បៈ ១ នាក់ ​និង​​ក្រុម​ការងារ​បច្ចេកទេស ​ចំនួន ​៤ នាក់»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ឲ្យ​​ដឹង​​​ថា៖ «នេះ​ជា​កម្មវិធី​បណ្តុះបណ្តាល​មួយ មាន​ពហុ​គោល​បំណង​​ ដើម្បី​​​បង្កើត​ស្នាដៃ​ សម្រាប់​​ការ​សម្តែង ​​ដែល​មាន​​គុណភាព​ និង​ភាព​ច្នៃ​ប្រឌិត​បង្កើន​​​​បទពិសោធ​សិល្បៈ​ និង​វប្បធម៌​ខ្មែរ​ឲ្យ​កាន់​តែ​សម្បូរ​បែប​។ ដើម្បី​​បង្កើត​​ទីផ្សារ​សិល្បៈ​ទស្សនីយភាព​​ឲ្យ​កាន់​​តែ​ធំទូលាយ និង​​បង្កើត​ឱកាស​​ការងារ​ដល់​សិល្បករ-សិល្បការិនី​ និង​អ្នក​​បច្ចេកទេស (ឆាក​ ភ្លើង សំឡេង) ​ផង​​ដែរ​។​ ដើម្បី​ពង្រឹង​ និង​បំពេញ​​​នូវ​សមត្ថភាព​​និស្សិត​ដែល​ជា​សិល្បករ​-​សិល្បការិនី និង​អ្នក​បច្ចេកទេស​ តាមរយៈ​​កម្មវិធី​កសាង​សមត្ថភាព​ ហើយ​ជាពិសេស​នោះ កម្មវិធី​ក៏​មាន​ប្រាក់​​ចំណូល​​​​អាច​ជួយ​គាំទ្រ​​អភិវឌ្ឍ​​វិស័យ​សិល្បៈ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ផង​ដែរ»​។​

សិល្បការិនី ធ្លាប់ទទួល​វគ្គ​បណ្តុះ​បណ្តាលសិល្បៈនៅ​អង្គការសិល្បៈ​ខ្មែរ​អមតៈ​​​។ សហ​ការី

យ៉ាង​ណា​ ការ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ និស្សិត​ ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​​សិល្បៈ និង​​អ្នក​បច្ចេកទេស​អាជីព អាច​មាន​ដើម​ទុន​ដើម្បី​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​លើ​វិថី​សិល្បៈ​តាមរយៈ​គម្រោង​ពិសោធន៍​សិល្បៈ​ខ្មែរ​អមតៈ​ ក៏​មាន​លក្ខខណ្ឌ​ និង​ការ​ទទួល​ខុស​ត្រូវ​​ផង​ដែរ​ពី​សំណាក់​សិស្ស និស្សិត ​ដែល​បាន​ជាប់​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មាន​រយៈពេល ២៦ ​ខែ​នេះ​​។​ កាល​បរិច្ឆេទ​ឈប់​ទទួល​​ពាក្យ​ត្រឹម​ថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ​ ២០២០ ម៉ោង ៥ ល្ងាច​ជា​កំហិត​។ ​សូម​ផ្ញើ​ពាក្យ​ស្នើ​​សុំ​មក​កាន់​អ៊ីមែល ​lengcheng@cambodianlivingarts.org​ ឬ​មក​ដាក់​ដោយ​ផ្ទាល់ ​នៅ​​ការិយាល័យ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មាន​អាសយដ្ឋាន​នៅ​ផ្ទះលេខ ១២៨ G ៩​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​តាម​លេខ​ទូរស័ព្ទ ​០១៥ ៧១៩ ៥៣៦។​

ពាក្យ​ស្នើសុំ​ ត្រូវ​តែ​ភ្ជាប់​​មក​ជាមួយ​អត្ត​សញ្ញាប័ណ្ណ ​ឬ​លិខិត​ឆ្លង​ដែន ​ឬ​សំបុត្រ​កំណើត។ ​តែ​សម្រាប់​អ្នក​​នៅ​ខេត្ត​សៀម​ ត្រូវ​ទាក់ទង​ជាមួយ​នឹង​​ កញ្ញា សុជា នៅ​​មជ្ឈមណ្ឌល​​បេតិកភណ្ឌ​ (Heritage-​ Hub) តាម​លេខ​​ទូរស័ព្ទ​​ 077 ​480 ​483 និង​លោក Chan Nha តាមរយៈ​​លេខ​ទូរស័ព្ទ​ 060 220 665។ សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង​វិញ​ អាច​ទាក់ទង​ជាមួយ​នឹង​​កញ្ញា Thang Vuthyra នៅ​សាលា​ហ្វារ​ពន្លឺ​​​សិល្បៈ​ (​Phare Ponleu-​Selpak) ឬ​តាម​លេខ​​ទូរស័ព្ទ​​ 087 551 352៕​