ភ្នំពេញៈ មើល​ទៅ​ដំណឹង​ចូល​រោង​ជ័យ​មង្គល​ដែល​ល្បី​ថា បាន​កំណត់​ពេល​ក្រាប​ផ្ទឹម​រវាង​តារាចម្រៀង​ស្រី​កំពូល កញ្ញា ឱក សុគន្ធកញ្ញា និង​លោក អ៊ឹង សុខលី ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្សមាស​នា​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ទំនង​ជា​ពិតប្រាកដ​មែនទែន​ហើយ ដោយសារ​គូស្នេហ៍​ ១ ​គូ​នេះ​ចេះ​តែ​បាន​ព្រលយ​រូបថត Pre-Wedding តាម​បណ្តាញ​សង្គម​ជារឿយៗ​ដោយ​បើកចំហ​តែ​ហាក់​នៅ​មិន​ទាន់​ហ៊ាន​ប្រាប់​ថ្ងៃ​កំណត់​ពិត​នៅ​ឡើយ​។

ក្រោយពី​ដំអក់​វេលា​រំលង​អស់​ពេល ១ ឆ្នាំ ធ្វើឲ្យ​មហាជន​គាំទ្រ​ខកបំណង​មិន​ស្ទើរ​ទៅ​នឹង​ការ​ចាំ​អ៊ុត​មើល​កំពូល​តារាចម្រៀង​ស្រី​នៅ​លើ​ទ្រនំ​ហង្សមាស គ្រង​ឈុត​កូនក្រមុំ​ចូល​រោង​ជ័យ​​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​នោះ ស្រាប់តែ​ដើម​ឆ្នាំ​ថ្មី​នេះ​ក៏​ឮ​ដំណឹង​ថា កញ្ញា ឱក សុគន្ធកញ្ញា និង​លោក អ៊ឹង សុខលី កំណត់​ថ្ងៃ​ចូល​រោង​ជ័យ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ​នេះ​ហើយ​។

ដំណឹង​នេះ​លេចឮ​ម្តង​ហើយ​ម្តង​ទៀត​ក្រោយពី​តារាចម្រៀង​ស្រី​ជើង​ខ្លាំង​ចាស់វស្សា​ដែល​ឈរ​លើ​ទ្រនំ​ផលិតកម្ម​ហង្សមាស​បាន​យូរ និង​ថែមទាំង​ជិត​ក្លាយ​ជា​សាច់ឈាម​នៃ​ក្រុមគ្រួសារ​ថៅកែ​ខ្លួន​ដោយសារ​មាន​ចំណង​ស្នេហ៍​ជាមួយ​នឹង​លោក អ៊ឹង សុខលី ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃងួន ជា​ម្ចាស់​ផលិតកម្ម​នោះ​បាន​វិលត្រឡប់​ពី​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ចិន​ដែល​ក៏ល្បី​ដែរ​ថា នោះ​គឺជា​ការ​បណ្តើរ​គ្នា​យ៉ាង​ផ្អែមល្ហែម​ដើម្បី​ថត Pre-Wedding និង​នាពេល​ថ្មីៗ​នេះ​ធ្លាយ​រូបថត​នៅ​តំបន់​អង្គរ​នៃ​ខេត្ត​សៀមរាប​ថត​ជាមួយ​នឹង​ឈុត​ប្រពៃណី​ខ្មែរ​ជា​គូ​វិញ​ម្តង​។

យ៉ាងណា​ដំណឹង​ចូល​រោងជ័យ​ពិតប្រាកដ​ហាក់​ដូចជា​នៅ​ជា​រឿង​បែប​ស្រពេចស្រពិល​ដដែល ខណៈ​គេ​ក៏​នៅ​តែ​មិន​អាច​ទទួល​បាន​ការបញ្ជាក់​ឲ្យ​ច្បាស់​ពី​តារាចម្រៀង​ស្រី​កញ្ញា ឱក សុគន្ធកញ្ញា បាន​ឡើយ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​តេ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។

ជាក់ស្តែង​កាលពី​លើក​មុន​នោះ ពេល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​សួរ​នាំ​រឿង​នេះ​ក៏​ត្រូវ​កញ្ញា ឱក សុគន្ធកញ្ញា បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ឆ្លើយ​យ៉ាង​ខ្លី​ដោយ​សំអាង​ពាក្យ​លេស​ថា​៖ «​ចាស​!​ពេល​នេះ ខ្ញុំ​កំពុង​តែ​ជាប់​រវល់​ថត ហើយ​ចាំ​ខ្ញុំ​ទំនេរ ចាំ​នាង​ខ្ញុំ​នឹង​និយាយ​រឿង​នេះ​ប្រាប់​ទៅ​បង​» ហើយ​ក៏​បាន​បិទ​ទូរស័ព្ទ​ទៅវិញ​មួយ​រំពេច​ក្រោយ​ដឹងថា​ខាង​សារព័ត៌មាន​។

ប្រហែល​ជា​តារា​ស្រី​រូប​នេះ​នៅ​តែ​ឆ្លៀត​បន្ត​នូវ​ការទាមទារ​ចំណាប់​អារម្មណ៍​ពី​មហាជន​រហូត​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​មង្គល​ហើយ​មើល​ទៅ ដោយសារ​សូម្បីតែ​ការ​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​ខ្លួនឯង​សោះ​ក៏​នាង​មាន​លក្ខខណ្ឌ​លលេង​ជា​ថ្នូរ​នឹង​ប្រិយមិត្ត​ដែរ​។ នេះ​បើ​តាម​សារ​របស់​កញ្ញា ឱក សុគន្ធកញ្ញា សរសេរ​ថា​៖ «​សួស្ដី​មិត្តភក្តិ បងប្អូន​ទាំងអស់​គ្នា​! ថ្ងៃនេះ​មាន​រូប​បែកធ្លាយ​រូប Pre-Wedding អាពាហ៍ពិពាហ៍​នាង​ខ្ញុំ តើ​បងប្អូន​ជឿ​ដែរ​ឬ​ទេ​? បើ​ចង់​ដឹង​ការពិត​រូបថត Preweddings ជា​ផ្លូវការ​សូម Share Status នេះ​ឲ្យ​បាន​ចំនួន​ 168k Share ខ្ញុំ​នឹង​បង្ហាញ​រូប​ជា​ផ្លូវការ​របស់​នាង​ខ្ញុំ​ជូន​បងប្អូន​ទាំងអស់​គ្នា​»៕