ខេត្ត​សៀមរាប៖ ​ឧបករណ៍​នេសាទ​ត្រី​បែប​ប្រពៃណី​ខ្មែរ ​រួម​មាន​ដូចជា​អង្រុត ទ្រូ និង​ឈ្នាង ​សម័យ​​​បច្ចុប្បន្ន​​​​ត្រូវ​បាន​​ជំនួស​ទៅ​ដោយ​ឧបករណ៍​ទំនើបៗ ​និង​​ធ្វើ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​ស្ទើរ​តែ​ភ្លេច​​នូវ​​អត្តសញ្ញាណ​​​ជាតិ​មួយ​នេះ​បាត់​ទៅ​ហើយ​។

ដូច្នះ​ហើយ​បាន​ជា​ជំរុញ​ចិត្ត​ឱ្យ​​អ្នកស្រី រឿម ធារ៉ា​ នាំ​​យក​មក​នូវ​​គ្រឿង​សម្គាល់​​ផ្នែក​វប្បធម៌​ទាំង​នេះ​​វិញ ​​ដោយ​ប្រើ​គំនិត​​ច្នៃ​ប្រឌិត​​​​​សណ្ឋាន​ជា​​​សម្ភារ​​​តូចៗ​ រាង​ឃ្យូតៗ​ និង​គួរ​ឱ្យ​ស្រឡាញ់​​ ប្រើប្រាស់​​ជា​​កាដូ​នា​ថ្ងៃ​​រៀប​ពិធី​អាពាហ៍ពិពាហ៍ ​ឬ​​​​ជា​គ្រឿ​​វត្ថុ​អនុស្សាវរីយ៍​​ និង​វត្ថុ​ដាក់​តាំង​លម្អ​ កំពុង​តែ​ពេញ​និយម។

ការ​ប្រកប​មុខរបរ​នេះ​ គឺ​មាន​ក្នុង​ភូមិ​កំណើត​របស់​​អ្នកស្រី ធារ៉ា​ ផ្ទាល់​តែ​​ម្តង​ ដែល​​​ជា​​ការ​ចេះ​​ធ្វើ​តៗ​​គ្នា​​របស់​​អ្នក​ភូមិ​ប្រីយ៍ចាស់​ សង្កាត់​ទឹកវិល ខេត្ត​សៀមរាប។ ខណៈ​​​សម្ភារ​បែប​ប្រពៃណី​នេះ​ ត្រូវ​បាន​លក់​​​​​ដំបូង​​នៅ​តាម​​ផ្សារ តាម​ទី​ប្រាសាទ​បុរាណ​ និង​រមណីយដ្ឋាន​នានា​ លក្ខណៈជា​​គ្រឿង​បញ្ញើ​​​​ដ៏សាមញ្ញា​សម្រាប់​​​ទេសចរ​មក​កម្សាន្ត ដោយ​គេ​​​ទើប​ច្នៃ​​​​ជា​កាដូ​​កំដ​រដៃ​ ​​ក្នុង​​​ពិធី​​មង្គល​ការ​ នា​​ប៉ុន្មាន​​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ​។

អ្នកស្រី រឿម ធារ៉ា ​ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​គំនិត​ច្នៃ​ជា​សម្ភារ​​​​​គ្រឿង​ឧបករណ៍​នេសាទ​​ជា​កាដូ​នា​ថ្ងៃ​​​​អាពាហ៍ពិពាហ៍​​ថា​​​៖ «ម្ដាយ​ខ្ញុំ​ជា​អ្នក​នឹក​​ឃើញ​​គំនិត​នេះ។ ​គាត់​ថា​​វា​ជា​​ស្នាដៃ​​​ប្រពៃណី​ខ្មែរ ប្រសិន​​បើ​​សាក​​​ដាក់​​​ជូន​ភ្ញៀវ​ប្រហែល​​ជា​​មាន​ការ​ពេញ​ចិត្ត​ ព្រោះ​ពី​មុន​មក​ មិន​ដែល​មាន​អ្នក​ធ្វើ​ជា​​ការ​វេច​ខ្ចប់​អ៊ីចឹង​ទេ។ ​ខ្ញុំ​​ក៏​គិត​ថា ​វា​ជា​​គំនិត​​ល្អ​។ ប្រសិន​​បើ​​ អីវ៉ាន់​នេះ​ ដាក់​លក់​​ទៅ​​​មាន​អ្នក​ទិញ​ច្រើន ​អ្នក​ភូមិ​​ ក៏​មាន​ការងារ​​ច្រើន​ ព្រោះ​ជាក់​​ស្ដែង​​ កាល​ពី​មុន​ពួក​គាត់​ធ្វើ​​តែ​តិចតួច​ទេ​ តែ​​បន្ទាប់​ពី​​មាន​​ការ​កុម្ម៉ង់​ធ្វើ​​​ជា​កាដូ​​​ថ្ងៃ​​អាពាហ៍ពិពាហ៍​មក​ពួក​គាត់​​​ក៏​មាន​ការងារ​​ច្រើន ​​អាច​រក​​​ចំណូល​​​បន្ថែម​»។​

មក​​ទល់​ពេល​នេះ ​មាន​អ្នក​ធ្វើ​ច្រើន​ស្ទើរ​តែ ​១ ​ភូមិ​ទៅ​ហើយ​ ភាគ​ច្រើន​​គឺ​​ជា​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ ​៣០​​ ឆ្នាំ​ ដល់ ​៧០ ឆ្នាំ​ និង​ជា​​ស្ត្រី​មេផ្ទះ​ ដែល​មិន​អាច​បំពេញ​ការងារ​ខាង​ក្រៅ​​បាន​​ ហើយ​​​ពួក​គាត់​​ឆ្លៀត​​​​ធ្វើ​ដើម្បី​​រក​​ប្រាក់​ចំណូល​បន្ថែម​​​។ ​

ស្រ្តី​​វ័យ ៣៣​ ឆ្នាំ​រូប​នេះ​​​បន្ត​​​ថា៖ ​«​ខ្ញុំ​​​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​និង​មាន​​អតិថិជន​​​ក្នុង​ស្រុក ​និង​​​​ខ្មែរ​​អាណិកជន​ ​ក្រៅ​ស្រុក​ខ្លះ ​​រួម​​មាន​អ្នក​លក់​​កាដូ​​មង្គលការ​​ ​អ្នក​លក់​វត្ថុ​​សិប្បកម្ម​ខ្មែរ ​និង​​​ក្រុមហ៊ុន​​បាយ័នអូតូ ​ដែល​​​តែងតែ​​យក​​ផលិតផល​​​យើង​​​ជូន​ភ្ញៀវ​ ​នាពេល​​​​អញ្ជើញ​​មក​​ជួសជុល​​រថយន្ត​​»។​

អ្នកស្រី រឿម ធារ៉ា អ្នក​ប្រមូលទិញ និង​បង្កើត​គំនិត​ច្នៃ​ឧបករណ៍​នេសាទ​ប្រពៃណី ទៅជា​វត្ថុអនុស្សាវរីយ៍ថ្ងៃមង្គលការ​​​​។ រូប សហ​ការី

ក្រៅ​ពី​សម្ភារ​​កាដូ​សិរីមង្គល​ ក៏​មាន​​​អត្ថប្រយោជន៍​​​​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ ​និង​​គ្រឿង​លម្អ​ ជា​ឧបករណ៍​តូចៗ​​ អាច​​​យក​ធ្វើ​ជា​​បន្តោង​សោ​​ ធំ​អាច​ដាក់​តាំង​លម្អ ឬ​​ដាក់​អំពូល​ភ្លើង​ក៏​​បាន​។ សម្ភារ​ដែល​​អ្នកស្រី​មាន​​​រួម​មាន​​​កូន​ឈ្នាង​ កូន​ត្រក​ កូន​អង្រុត កូន​ស្មុគ​ និង​មាន​​ស្មុគ​​ស្លឹក​ត្នោត ​ដាក់​​ធ្វើ​​ជា​​ប្រអប់​ក្រមា​ និង​ស្មុគ​​​​ដាក់​​ផ្លែ​ឈើ​​ពេល​ហែ​ជំនូន​​ កម្រាល​ មួក ​ដែល​មាន​​​ការ​តុបតែង​​សម្ភារ ដូចជា​កាវ​ទៀន (gluegun) ខ្សែ​បូ ​ខ្សែ​​​​មាស ថង់ ​ឬ​ស្បៃ​ សម្រាប់​ខ្ចប់​​។

ចំពោះ​តម្លៃ​របស់​វា ​គឺ​​អាស្រ័យ​ទៅ​តាម​ទំហំ​ ដែល​អតិថិជន​ចង់​បាន ​ដោយ​​​​​តម្លៃ​​គឺ​​គិត​​ចាប់​ពី​ ១ ០០០ ​រៀល​ឡើង​ទៅ​។ តែ​ចង្វាក់​​សិប្បកម្ម​​ឈា្នង​មង្គល ​នៅ​​ខេត្ត​​​សៀមរាប​មួយ​​​នេះ​ នា​គ្រា​មាន​វិបត្តិ​កូវីដ ១៩ ហាក់​មាន​ការ​ធ្លាក់ចុះ​ ដោយ​ទទួល​​ធ្វើ​​តាម​ការ​កុម្ម៉ង់​​​​​​ពី​អតិថិជន​ប៉ុណ្ណោះ​ ដូចជា​ តាម​តម្រូវ​ការ​របស់​ប្រជាជន និង​អង្គការ​នានា ​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ថែម​​​​ ​​ឱ្យ​ជួយ​គាំទ្រ​​ផលិតផល​​​ក្នុង​សហគមន៍​។

អ្នកស្រី រឿម ធារ៉ា ​បាន​បញ្ជាក់​ថា៖ ​«​ពេល​មុន​កូវីដ ​អាជីវកម្ម​​ដំណើរការ​ល្អ​​ដែរ​ តែ​​បច្ចុប្បន្ន​​រាង​ស្ងាត់​ទៅ​វិញ ​​​​​មិន​​​​សូវ​​​មាន​​ការ​លក់​​ចេញ ​ខ្ញុំ​​ក៏​កាត់​បន្ថយ​​ការ​ប្រមូល​​ទិញ​​ពី​សិប្បករ​​ដែរ ព្រោះ​​សម្ភារ​​​អស់​​នេះ​ ​បើ​​ទិញ​​ទុក​​​​ គឺ​​​ងាយ​​នឹង​​​ខូច​​ដុះ​ផ្សិត​ផង​ដែរ​»។​

ដោយ​​​​សិប្បករ​​សុទ្ធ​សឹង​​តែ​ជា​អ្នក​ភូមិ​ទាំង​អស់ ហើយ​សម្ភារ​ទាំង​នេះ ​​គឺ​ធ្វើ​​ពី​​​ធនធាន​នៃ​រុក្ខជាតិ​​ធម្មជាតិ​​ផ្សេងៗ​​​គ្នា ​​មាន​​​​​ឫស្សី វល្លិ ផ្ដៅ ឈើ​ស្លែង​គង់ និង​សរ​សៃត្នោត​ ដូច​នេះ​​សិប្បករ​ ត្រូវ​រក​ទិញ​​នៅ​តាម​​​​ភូមិ​ផ្សេងៗ​​ដូចជា​តំបន់​អង្គរ ​និង​សម្រាប់​វល្លិ ត្រូវ​រក​​តំបន់​​ភ្នំ​គូលែន​។ ​

អ្នកស្រី រឿម ធារ៉ា ឱ្យ​ដឹង​​ថា៖ «សិប្បករ​ភាគ​ច្រើន​ មាន​វ័យ​ចំណាស់​ទៅ​ហើយ ​មិន​អាច​ចេញ​​ទៅ​រក​ធនធាន​​ខ្លួន​ឯង​​ទេ ​ព្រោះ​ពេល​​​ចូល​​ព្រៃ​​អង្គរ​​​វា​ងងឹត។​ ​ប្រភេទ​វល្លិ​​ដី​​ទាល់​តែ​ត្រូវ​វែក​មើល ហេតុ​នេះ​ធម្មតា​​​ គឺ​​គាត់​​មាន​កូន​ចៅ​​​ជួយ​​ទៅ​រក​​ឱ្យ ដូច​ជា​​ម្ដាយ​​របស់​ខ្ញុំ ​អ្នក​ធ្វើ​ផ្ទាល់​ ខ្ញុំ​ និង​បងប្រុស ​ជា​អ្នក​​ជួយ​​រក​ឱ្យ​​គាត់​យក​មក​ធ្វើ​តែ​ម្ដង​»។​

ចាស់ៗ និង​អ្នកភូមិ នា​ពេល​កាប់ឫស្សី​មក​ច្នៃធ្វើ​ជា​ឈ្នាង​មង្គល ឬវត្ថុអនុស្សាវរីយ៍​។ រូបថត សហ​ការី

ទោះបី​ជា​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​​ពី​​ឆ្នាំ​​ ២០១៨ មក​ក្តី​តែ​​អ្នកស្រី ធារ៉ា ​​មិន​ទាន់​​​មាន​​ហាង​ទេ​ ​ព្រោះ​​ខ្វះខាត​លទ្ធភាព​​ដោយ​​គ្រាន់តែ​​ប្រមូល​ទិញ​​ពី​​អ្នក​ភូមិ​​​មក​ស្តុក​​ នៅ​ផ្ទះ ​ដើម្បី​លក់​បន្ត​​ប៉ុណ្ណោះ ហើយ​អ្នកស្រី​ក៏​ចង់​​​​បើក​លើស​​​ពី​​​អាជីវកម្ម​​​ផង​ដែរ ដោយ​អាច​បង្កើត​​​ការងារ និង​មាន​​ស្ថិរភាព​រក​ប្រាក់​​ចំណូល​ដល់​ប្រជាជន​​ក្នុង​​​​ភូមិ ជា​ពិសេស​ចាស់ៗ​​​សម្រាប់​ការងារ​​ពួក​គាត់​មិន​ចាំបាច់​ពឹង​កូនៗ​ ១០០ ភាគរយ។

អ្នកស្រី​បង្ហើប​ថា​៖ «គោលដៅ​ ដ៏​ធំ​បំផុត​​ក្នុង​ការ​ជំរុញ​ឱ្យ​​ប្រកបរបរ​នេះ ​គឺ​ការ​ស្រឡាញ់​​ផលិតផល​ខ្មែរ​ និង​​ចង់​​អភិវឌ្ឍ​​ការ​ផលិត​វត្ថុ​នេះ ​ឱ្យ​​ដើរ​ទៅ​មុខ​ជា​រៀង​រហូត​ ទោះបី​កាលៈទេសៈ​ណា​ក៏​ដោយ​។​​ ដូច​នេះ​ថ្ងៃ​​អនាគត ​នាង​ខ្ញុំ​​ចង់​បង្កើត​​រោង​សិប្បកម្ម​មួយ​ដោយ​ខ្លួន​ឯង​ ​និង​​ហាង​​សម្រាប់​​តាំង​លក់​ផលិតផល​ស្នាដៃ​ខ្មែរ​។ ជា​ចុងក្រោយ​នាង​ខ្ញុំ ​ក៏​ដូចជា​អ្នក​ភូមិ​ទាំង​មូល ​សូម​ឱ្យ​បងប្អូន​ទាំង​ក្នុង​ស្រុក ​និង​​ក្រៅស្រុក​ពិសេស ​អ្នក​អាន​​​ជួយ​​គាំទ្រ​ផលិតផល​ខ្មែរ​ឱ្យ​​បាន​ច្រើន​ ​ដើម្បី​កុំ​ឱ្យ​​បាត់បង់​ និង​ឱ្យ​​ក្មេង​​ជំនាន់​ក្រោយ​បាន​​ស្គាល់​ឧបករណ៍​នេសាទ​ខ្មែរ ​ពិសេស​​រួម​ចំណែក​​ផ្តល់​កាងារ​ឱ្យ​​ប្រជាជន​ក្នុង​ភូមិ​បាន​​ប្រកប​របរ​នេះ​​បន្ត​​ទៀត»​។

សម្រាប់​រាល់​ការ​ជាវ​ឈ្នាង​មង្គល ​អាច​ទាក់ទង​បាន​​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ថា​ @Khmerhandicrafts៕​

វីដេអូ៖