ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​កើត​ចេញ​ជា​​មតិ​ជជែក​សួរ​នាំ ​ដេញ​ដោល​គ្នា​​យ៉ាង​ផុសផុល ពាក់ព័ន្ធ​​​​​នឹង​ព័ត៌មាន​ពី​​ប្រវត្តិសាវតារ​របស់​កីឡាករ​ប្រដាល់​សេរី​ជនជាតិ​បារាំង Antoine Pinto ក្រោយ​ពី​​ឃើញ​កីឡាករ​​​សង្ហា​រូប​នេះ​ ​ក៏​បាន​បង្ហោះ​​រូបភាព ​៣-៤ ​សន្លឹក អម​ដោយសារ​​បញ្ជាក់​ថា ជា​រូប​ជីតា​ខ្លួន​ ដែល​មាន​ជាប់​សាច់​​ឈាម​ជ័រ​​ជា​​ជាតិ​ខ្មែរ​ គឺ​ត្រូវ​ជា​ចៅ​លោក លន់ ណុន​។​

តាម​​​ពិត​​​​​មុន​នឹង​​ទម្លាយ​រូបថត​បញ្ជាក់​ពី​​សែស្រឡាយ​​ ដែល​​​​មាន​​រូប​​ជីតា​​ខ្លួន ​គឺ​លោក​ លន់ ណុន នោះ​ កីឡាករ​​​ប្រដាល់​​​​​ជាតិ​បារាំង លោក Antoine Pinto ធ្លាប់​​បង្ហោះសារ​​តប​ទៅ​នឹង​មហាជន​ដែល​បាន​​​លើក​​ឡើង​​ថា​ រូប​លោក​​មាន​ភិនភាគ និង​សែស្រឡាយ​ជាតិសាសន៍​អាស៊ី​។

ខណៈ​កីឡាករ​ប្រដាល់​ដែល​​​បច្ចុប្បន្ន​​មាន​វ័យ​ ៣០ ឆ្នាំ កម្ពស់​ ១,៨៣ ម៉ែត្រ​ និង​ធ្លាប់​បាន​ហ្វឹកហាត់​រៀន​​ និង​ប្រឡូក​អាជីព​ជា​​​កីឡាករ​ប្រដាល់​​សេរី ​​ក្នុង​ប្រទេស​ថៃ ​តាំង​​ពី​មាន​វ័យ​ ១៤ ឆ្នាំ​​ លោក Antoine Pinto បក​ស្រាយ​ជា​ភាសា​​អង់គ្លេស​ ប្រែ​សម្រួលជា​ភាសា​ខ្មែរ​ថា៖ «​ការ​ពិត​ មាន​មនុស្ស​ជា​​ច្រើន​នៅ​តែ​ងឿង​ឆ្ងល់ ​​នឹង​រឿង​​របស់​​​​​ខ្ញុំ​ ​ថា​តើ​ខ្ញុំ​ជា​កូន​កាត់​ថៃ​ ឬ​យ៉ាង​ណា? ហើយ​ក៏​​​មាន​អ្នក​​ខ្លះ​​ថា ខ្ញុំ​ក៏​​មាន​ភិន​​​ភាគ​ជាតិ​សាសន៍​អាស៊ី​​ដែរ។ ចាំ​ខ្ញុំ​ប្រាប់​ចម្លើយ​ ចំពោះ​​អ្នក​មិន​បាន​ដឹង​រឿង​នេះ។ ឪពុក​ខ្ញុំ​​ជា​ជនជាតិ​បារាំង​ កើត​នៅ​ប្រទេស​​​​បារាំង​​។ ម្តាយ​ខ្ញុំ​ក៏​ជនជាតិ​បារាំង​ និង​​កើត​នៅ​ប្រទេស​បារាំង​ដែរ​។ តែ​ម្តាយ​​ខ្ញុំ​គាត់​ជា​​កូន​កាត់​ខ្មែរ​-បារាំង​។ ដូច្នេះ​ មាន​ន័យ​ថា ខ្ញុំ​ក៏​មាន​ឈាមជ័រ​ ២៥ ភាគរយ​ ជា​ជនជាតិ​​ខ្មែរ​ផង​​ដែរ​»។​

ទោះបី​មាន​ការ​បកស្រាយ​​រួច​ទៅ​ហើយ​ក្តី ក៏​នៅ​​តែ​មាន​អ្នក​​សួរ​នាំ​ដេញដោល បែប​​ជជីក​​សួរ​​រក​ឫស​គល់​​បន្ថែម​ទៀត​​ចំពោះ​​​សាច់ឈា​ម​​របស់​​​​កីឡាករ​ Antoine Pinto ដដែល​ ជា​ហេតុ​នាំ​កីឡាករ​រូប​នេះ សម្រេច​ចិត្ត​បង្ហោះ​រូបភាព​ពី​សាច់​ញាតិ​លោក​បន្ត ​គឺ​មាន​រូប​លោក លន់ ណុន ដែល​ជា​ជីតា​របស់​លោក​នោះ​។

នេះ​បើ​តាម​សារ​បញ្ជាក់​​របស់​កីឡាករ​​ជាតិ​បារាំង ដែល​បាន​ហ្វឹកហាត់​កីឡា​ប្រដាល់​​សេរី​​នៅ​ប្រទេស​ថៃ ​តាំង​ពី​មាន​​​វ័យ ១៤ ឆ្នាំ នៅ​សង្វៀន​ប្រដាល់​ Lumpinee Stadium និង​នៅ​សង្វៀន​​ប្រដាល់​ Rajadamern Stadium កាល​ពី​ខ្លួន​នៅ​​វ័យ​ ១៥ ឆ្នាំ បាន​​រៀបរាប់​ប្រាប់​នៅ​​តាម​ហ្វេសប៊ុក​​បញ្ជាក់​ពី​សាវតារ​របស់​ខ្លួន​។ ​​កីឡាករ​ Antoine Pinto បាន​សរសេរ​ថា៖​ «​នេះ​ជា​រូបភាព​របស់​ជីតា​ខ្ញុំ​​។

កីឡា​ករ​​​ជាតិ​បារាំង​​ កាត់​ខ្មែរ​ ២៥ ភាគរយពី​ខ្សែ​ខាង​ម្តាយ​លោក Antoine Pinto ពេល​ឡើង​សង្វៀន​ប្រដាល់នៅថៃ​។ ហ្វេសប៊ុក​

ខ្ញុំ​មិន​ដែល​​ស្គាល់​គាត់​ទេ​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​​ឱកាស​​ទៅ​លេង​សមាជិក​គ្រួសារ​​នេះ ​ប៉ុន្មាន​ដង​ហើយ​​ពីមុន​​ ហើយ​ខ្ញុំ​ពិតជា​សង្ឃឹម​ថា នឹង​អាច​វិល​ត្រឡប់​ទៅ​វិញ​ទៀត​​​ឆាប់ៗ​នេះ។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ ដល់​អ្នក​ទាំង​អស់​គ្នា ចំពោះ​ការ​ស្រឡាញ់ និង​ការ​គាំទ្រ ដែល​​​ខ្ញុំ​​បាន​​ទទួល​​​ពី​មនុស្ស​គ្រប់​គ្នា។​ ហើយ​ចងចាំ​ថា​​​ ខ្ញុំ​មាន​​មោទនភាព​ជានិច្ច​ ចំពោះ​​​ខ្លួន​​ឯង​ជា​នរណា​។​ សូម​អរគុណ!»។

ឆ្លើយតប​នឹង ​ភ្នំពេញ ​ប៉ុស្តិ៍​ តាម​ Messenger ហ្វេសប៊ុក​កីឡាករ Antoine Pinto បាន​បកស្រាយ​បន្ថែម​ថា៖ «ព្រោះ​តែ​មាន​អ្នក​ងឿង​ឆ្ងល់​ និង​ឃើញ​ភិន​ភាគ​រូបរាង​ខ្ញុំ ដែល​មើល​​ទៅ​ដូច​ជាតិសាសន៍​អាស៊ី​នោះ ទើប​ខ្ញុំ​បង្ហោះ​សារ​បក​ស្រាយ​ដូច​ជា​ខាង​លើ។ ម្យ៉ាង​ទៀត ​ខ្ញុំ​ក៏​មាន​មោទនភាព​​ផង​ដែរ ពេល​មនុស្ស​​ច្រើន​បាន​ចាប់​អារម្មណ៍​សួរនាំ​រក​ពី​ប្រភព​កំណើត​​របស់​​ខ្ញុំ​នោះ។ ខ្ញុំ​ក៏​សង្ឃឹម​​ដែរ​ថា នឹង​អាច​ទៅ​លេង​ប្រទេស​​កម្ពុជា ​ម្តង​ទៀត នាពេល​ឆាប់ៗ​​ដែរ បើ​ទោះបី​ជា​ខ្ញុំ​ធ្លាប់​បាន​ទៅ​លេង​​កាល​ពី​ ២-៣ ឆ្នាំ​មុន ​រួច​ទៅ​ហើយ​ក្តី​»។

ដោយសារ​​ជីតា​ខាង​ម្តាយ​លោក​​ឈ្មោះ​ លន់ ណុន ​គឺ​​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​សេនាប្រមុខ​​ លន់ នល់ ដែល​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៃ​ប្រទេស​​កម្ពុជា​ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ (ចន្លោះ​ ឆ្នាំ​ ១៩៧០ ដល់​ឆ្នាំ ១៩៧៥) ហើយ​ជាប់​ឈ្មោះ​​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ គឺ​ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​​​អតីត​​ព្រះមហាក្សត្រ​​​ខ្មែរ​​ គឺ​​ព្រះ​បាទ​នរោត្តម​សីហនុ​។

Antoine Pinto (ស្តាំ) ជាមួយ​ម្តាយ និង​ប្អូន​ប្រុស Victor Leo Pinto។ ហ្វេសប៊ុក​

អ៊ីចឹង​​ហើយ​ទើប​បាន​ជា​​​កីឡាករ Antoine Pinto​ ដែល​​មាន​​ឈាម​ជ័រ​ជា​​សែ​លោហិត​ជំនាន់​​ក្រោយ​លោក លន់ នល់ នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «​ខ្ញុំ​ក៏​សូម​អភ័យ​ទោស​ផង​ដែរ ប្រសិន​បើ​ការ​បង្ហោះ​សារ​ និង​រូបភាព​បង្ហាញ​ជីតា​ខ្ញុំ​នោះ វា​បាន​ប៉ះពាល់​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ណា​​មួយ ឬ​ក៏​សង្គម​គ្រួសារ​​​បងប្អូន​​។ ខ្ញុំ​សរសេរ​នេះ គឺ​គ្រាន់​តែ​ចង់​តប​ទៅ​សំណួរ​ ដែល​បងប្អូន​មួយ​​ចំនួន​បាន​សួរ​ចង់​ដឹង​​ពី​ប្រភព​​កំណើត​ខ្ញុំ​តែ​ប៉ុណ្ណោះ»។​

លោក Antoine Pinto ​អតីតជា​​កីឡាករ​ឆ្នើម​​​ក្នុង​ពិភព​សង្វៀន​ប្រដាល់​ល្បី ​២ ​គឺ​ សង្វៀន Thai Fight របស់​ថៃ និង​សង្វៀន​ប្រដាល់ Glory ​របស់​សិង្ហបុរី​​​ និង​មាន​​​ប្អូន​​ប្រុស​​ឈ្មោះ​​ Victor Leo Pinto កើត​ឆ្នាំ ​១៩៩៣ ក៏​ជា​កីឡាករ​ហាត់​​​ប្រដាល់​សេរី​នៅ​ប្រទេស​ថៃ​ ដែល​ចូល​​ប្រឡូក​​តាំង​ពី​​មាន​វ័យ​ ១១ ឆ្នាំ​​៕​