អ្នកថតរូបមានទេពកោសល្យអាចបញ្ចេញស្នាដៃដើម្បីឈ្នះរង្វាន់អស្ចារ្យពីព្រឹត្តិការណ៍ប្រកួតរូបថតប្រចាំឆ្នាំដ៏ធំ Canon PhotoMarathon 2015
ព្រឹត្ដិការណ៍ប្រចាំឆ្នាំ Canon PhotoMarathon Cambodia ជាការប្រកួតប្រជែងថតរូបមិនអាជីពដ៏ធំបំផុតប្រចាំប្រទេស ជាការប្រមាញ់រូបថតនៅគ្រប់ច្រកល្ហក។ អ្នកថតរូបមិនអាជីពរាប់រយនាក់បានចំណាយពេលពេញមួយថ្ងៃត្រាច់ចរក្នុងក្រុងភ្នំពេញដើម្បីប្រមាញ់រូបភាពក្រោមប្រធានបទ ៣ ខុសៗគ្នាដែលត្រូវបានប្រកាសជាបន្ដបន្ទាប់។
ពួកគេបង្ហាញពីជំនឿចិត្ដក្នុងការទទួលជ័យជម្នះជាគ្រឿងអេឡិចត្រូនិកនានា វគ្គបណ្ដុះបណ្ដាល និងឱកាសរៀនជាមួយអ្នកជំនាញនៅជប៉ុន។
ប្រកាសឲ្យមានការចូលរួមដាក់ពាក្យប្រកួត អ្នកនាង តាន់ លីវេន (Tan Liwen) អ្នកគ្រប់គ្រងទីផ្សារប្រចាំតំបន់នៃទីភ្នាក់ងារ I-Qlick ដែលមានសិទ្ធិលក់ផលិតផល Canon បានថ្លែងថា គោលបំណងនៃព្រឹត្ដិការណ៍គឺជំរុញឲ្យមានអ្នកថតរូបវ័យក្មេងនៅកម្ពុជា។
អ្នកនាងបានបន្ដថា៖ «យើងមានគោលដៅបង្កើនការថតរូប និងបង្កើនជំនាញរបស់ពួកគេក្នុងការប្រកួតផងដែរ។ ខ្ញុំគិតថា ការថតរូបជាចំណូលចិត្ដល្អមួយដើម្បីចែករំលែកនូវរូបភាពរបស់ខ្លួន។ ក្នុងនាមក្រុមហ៊ុន យើងមិនគ្រាន់តែលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្ដែយើងចង់លក់បទពិសោធផងដែរ»។
ការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ៩ ព្រឹកលើរយៈពេល ៣ ម៉ោងដែលជាងថតរូបត្រាចរក្នុងទីក្រុងដើម្បីផ្ដិតយករូបភាពល្អបំផុត។ បេក្ខជននឹងត្រូវបានផ្ដល់ពិន្ទុលើទិចនិកទាក់ទងនឹងប្រធានបទដែលដាក់ឲ្យ។
ចំពោះលក្ខខណ្ឌ ក្រៅពីទូរស័ព្ទដៃ រាល់កាមេរ៉ាទាំងអស់ត្រូវបានអនុញ្ញាតទៅតាមចំណូលចិត្ដរបស់អ្នកថតរូបនីមួយៗ។ អ្នកស្រី តាន់ បានបន្ថែមថា ការថតរូបឌីជីថលនៅកម្ពុជាដែលភាគច្រើនជាយុវជន បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់ពីការរៀនថតស្វ័យប្រវត្ដិរហូតដល់ការសារ៉េសារ៉ង់តាមចិត្ដ។
អ្នកគ្រប់គ្រងទីផ្សារប្រចាំតំបន់រូបនេះ បានលើកឡើងថា៖ «នៅពេលអ្នកក្រឡេកមើលរូបភាពបង្ហោះអនឡាញ អ្នកអាចឃើញពីគុណភាពនៃរូបថតគឺមានលក្ខណៈប្រសើរច្រើន។ ពួកគេមិនចេះតែចុចក្រឹមៗនោះទេ។ វាមិនត្រឹមតែបង្ហាញពីសម្រស់នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនឹងបានឃើញនូវសារដ៏ល្អ និងរូបភាពបែបវិជ្ជាជីវៈសារព័ត៌មានថែមទៀតផង»។
អ្នកស្រី ឲ្យដឹងថា គោលដៅចម្បងនៃការប្រកួតគឺស្វែងរកអ្នកមានទេពកោសល្យធម្មជាតិដែលអាចបណ្ដុះបណ្ដាលទៅជាអ្នកអាជីព។
អ្នកស្រី តាន់ បានអះអាងថា៖ «ក្ដីសុបិនរបស់យើងចំពោះការប្រកួតប្រភេទនេះគឺស្វែងរកជាងថតរូបល្អៗដើម្បីបណ្ដុះបណ្ដាល និងជួយពួកគេឲ្យក្លាយជាអ្នកថតអាជីពនៅថ្ងៃណាមួយ»។
ម្ចាស់ជយលាភីឆ្នាំមុន លោក វង្ស សុភ័ក្ត បាននិយាយថា លោកមិនដែលស្រមៃថា លោកនឹងមានឱកាសបានទៅប្រទេសជប៉ុនរៀនជំនាញថតរូបអាជីពនេះទេ។
យុវជនវ័យ ២២ ឆ្នាំរូបនេះដែលទទួលបានបទពិសោធពីប្រទេសជប៉ុន បាននិយាយថា៖ «ជាទូទៅ ខ្ញុំគ្រាន់តែថតរូបរៀងរាល់ថ្ងៃសម្រាប់តែការកម្សាន្ដប៉ុណ្ណោះ ហើយមិនធ្លាប់ចូលរួមការប្រកួតអ្វីឡើយ»។
លោកបន្ដថា៖ «នៅជប៉ុន វាគឺជាលើកទីមួយសម្រាប់ខ្ញុំ ដូច្នេះអ្វីៗគ្រប់យ៉ាងគឺសុទ្ធតែថ្មីទាំងអស់។ មែនហើយ ខ្ញុំពិតជារំភើបចិត្ដខ្លាំងណាស់»។
លោក ប៊ីន សាក់វិសាល ដែលរូបថតឪពុក និងកូនប្រុសរបស់លោកជាប់លេខ ៣ ក្នុងប្រធានបទ «ក្ដីស្រឡាញ់» ក្នុងឆ្នាំ ២០១៣ បាននិយាយថា៖ «ខ្ញុំមិនរំពឹងថាបានទទួលជយជម្នះទេក្នុងចំណោមអ្នកថតរូបអាជីព និងមានទេពកោសល្យជាច្រើនបានចូលរួម។ ខ្ញុំគ្រាន់តែផ្ដោតលើទិចនិកថតផ្ទាល់ខ្លួនគួបផ្សំនឹងអត្ថន័យនៃរូបភាពឲ្យកាន់តែរស់រវើក និងមានន័យជ្រាលជ្រៅ»។
បុរសវ័យ ២៦ ឆ្នាំរូបនេះ បានបន្ថែមថា៖ «វាជាគ្រួសារដ៏អស្ចារ្យមួយដែលរស់ក្នុងភាពក្រីក្រនៅក្រុងភ្នំពេញ។ ឪពុកកំពុងបញ្ចុកបាយកូន ហើយពួកគេសើចយ៉ាងសប្បាយរីករាយ។ វាពិតជាទាក់ទាញចិត្ដខ្ញុំខ្លាំងណាស់»។
ជាលទ្ធផល លោកបានក្លាយជាអ្នកគ្រប់គ្រងស្ទូឌីយោ Smileshot ដែលផ្ដល់សេវាថតរូបអាពាហ៍ពិពាហ៍។
កញ្ញា នួន សូនីសា ដែលជាប់លេខ ២ ក្រោមប្រធានបទ «ជំនាន់» សម្រាប់ថតរូបស្ដីពីកេរមរតកគ្រួសារ កាលពីឆ្នាំមុននៅអាយុ ១៥ ឆ្នាំ បានថ្លែងថា៖ «មែនទែនទៅ លទ្ធភាពដណ្ដើមពាននេះ ខ្ញុំពិតជាមិនដែលនឹកគិតសោះ។ ខ្ញុំពិតជាក្មេងខ្ចីមែនទែន និងត្រូវប្រឈមនឹងបេក្ខជនពូកែៗជាច្រើន»។
ខណៈអ្នកនាង តាន់ ពេញចិត្ដនឹងការចូលរួមដ៏ច្រើនកកកុញកាលពីឆ្នាំមុន និងសង្ឃឹមច្រើនសម្រាប់ឆ្នាំនេះផងនោះ ដើម្បីជំរុញការបន្តចំណូលចិត្ដ និងជំនាញអ្នកថតរូបក្មេងៗដ៏គួរឲ្យចាប់អារម្មណ៍។
អ្នកនាងលើកឡើងទៀតថា៖ «ខ្ញុំចង់លើកទឹកចិត្ដឲ្យអ្នកថតរូបជើងថ្មីបង្កើតស្នាដៃប្លែកៗ និងថតរូបដើម្បីចែករំលែក។ ពីស្នាដៃនៃរូបភាពរបស់ពួកគេ កម្ពុជានឹងមានអ្នកមានទេពកោសល្យច្រើននាក់»។
ភ្នំពេញ ប៉ុស្ដិ៍ ជាដៃគូក្នុងព្រឹត្ដិការណ៍ Canon Photo Marathon Cambodia សហការជាមួយ Sabay។
អ្នកឧបត្ថម្ភកម្មវិធីធំមានដូចជា The Coffee Bean and Tea Leaf, Vespa and Central Mall។
Tous les Jours គឺជាអ្នកឧបត្ថម្ភធំបន្ទាប់ និងសហការឧបត្ថម្ភដោយ Platinum Cineplex, Olatte, Euro Tech, Acer and Angkor Photo Festival and Workshops៕
PhotoMarathon ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែតុលា។ សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលទៅកាន់ www.facebook.com/iqlickcambodia