ភ្នំពេញ: ផ្ដើម​ពី​ការបញ្ជា​ឲ្យ​តុក្កតា​ហ្គេម​អ្នក​មុជទឹក​ហែល​ចាប់​ផ្កាយ និង​ក្រចាប់​សមុទ្រ នៅឯ​ម្ខាង​ខាង​ស្ដាំ​នៃ​អេក្រង់​កុំព្យូទ័រ និង​សំណេរ​កូដ​ចម្រុះ​ពណ៌​នៅ​ផ្នែក​ខាង​ឆ្វេង ផល ផារី ជា​អ្នកគ្រូ​បង្រៀន​សរសេរ​កូដ​កំពុង​ចោទសួរ និង​ចែក​សកម្មភាព​បង្រៀន​មួយ​ដំណាក់​ម្ដងៗ​ដល់​សិស្ស​តូចៗ​របស់​ខ្លួន​។

ផល ផារី វ័យ ៣៥ ​ឆ្នាំ​ជា​ស្ថាបនិក Champion Coders ដែល​ក្រុម​កុមារ​តូចៗ​ត្រឹម​អាយុ​ចាប់ពី ៦ ​ឆ្នាំ​ក៏​អាច​ចេះ​រៀន​សរសេរ​កូដ​បាន​ជួយ​កុមារ​ឲ្យ​ចេះ​បង្កើត​គម្រោង​មុន​ពេល​បង្រៀន​កូដ​ជា​ផ្លូវការ​។ អ្នកគ្រូ​ ផារី គិត​ថា​ជា​ចំណុច​ចាប់ផ្ដើម​ដ៏សំខាន់​ពីព្រោះ​កិច្ចការ​ទាំងអស់​ត្រូវ​តែ​ផ្ដើម​ពី​ការរៀបចំ​ផែនការ​។

អតីត​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ​ក៏បាន​និយាយ​ថា​៖ «​យើង​រៀន​បំបែក​បញ្ហា​ធំៗ​ទៅ​ជា​តូចៗ រួច​ដោះស្រាយ​មួយ​ជំហាន​ម្ដងៗ​។ វា​ជា​វិធីសាស្ដ្រ​ដែល​គេ​ហៅថា computational thinking គឺជា​ការដោះស្រាយ​បញ្ហា​តាម​កុំព្យូទ័រ​ដោយ​ការបំបែក​បញ្ហា​ធំ​មក​តូច​រួច​ដោះស្រាយ​ទៅ​តាម​ដំណាក់កាល​»​។

ផារី បាន​ប្រើប្រាស់​វិធី​នេះ​ដើម្បី​បំបែក​នូវ​អ្វី​ដែល​មនុស្ស​ជាច្រើន​គិត​ថា ការសរសេរ​កូដ​គឺជា​មុខវិជ្ជា​រៀន​ដ៏លំបាក​បំផុត ហើយ​វា​សម្រាប់​តែ​អ្នកណា​ចង់​រៀន​ផ្នែក​កុំព្យូទ័រ (computer programmers) ប៉ុណ្ណោះ​។

អ្នកគ្រូ ផារី បន្ដ​ថា​៖ «​ឪពុកម្ដាយ​ភាគច្រើន​មាន​ការងឿង​ឆ្ងល់​ថា តើ​ហេតុអ្វី​បាន​ជា​កូនតូចៗ​ពួកគេ​ត្រូវ​រៀន​សរសេរ​កូដ​? វិជ្ជា​សរសេរ​កូដ មិនមែន​មាន​ន័យថា ទាល់តែ​ឲ្យ​កូន​ជា computer programmer ទើប​អាច​រៀន​បាន​ទេ​។ កម្មវិធី​នេះ​បាន​បង្កើត​ឡើង​សំខាន់​បំផុត​គឺ​បណ្ដុះ​គំនិត​ក្មេង​ឲ្យ​ចេះ​បង្កើត​ថ្មី ព្រោះ​សព្វ​ថ្ងៃ​នេះ យើង​ដឹង​ថា​យើង​ចូល​ទៅ​ដល់​សម័យ​បច្ចេកវិទ្យា​»​។

កុមារ​ប្រើ​កុំព្យូទ័រ​ពេល​រៀន​សរសេរ​កូដ នៅ Champion Coders​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជា​ប្រតិបត្ដិករ​អាជ្ញាប័ណ្ណ​ពី CodingKids Australia, Champion Coders ត្រូវ​បាន​បង្រៀន​កុមារ​អាយុ​ចាប់ពី ៦ ឆ្នាំ​នូវ​មុខវិជ្ជា Block-based-coding ដែល​ងាយ​រៀន​ជាង Text-based-coding និង​មិន​សូវ​ជួប​បញ្ហា​ច្រើន​។

ផារី ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក Certified Public Accountant (CPA) ពី​អូស្ដ្រាលី ថា​៖ «​ជាមួយ​ចំណេះដឹង​ផ្នែក Text-based-coding ពី​សាកលវិទ្យាល័យ គឺ​ខ្ញុំ​បាន​ចាប់ផ្ដើម​រៀន Block-based-coding ១ ​ឆ្នាំ​នៅ​អូស្ដ្រាលី​ជា​ភាសា​កុំព្យូទ័រ​មួយ​បែប​ទៀត និង​ត្រូវ​បាន​បង្កើត​សម្រាប់​សិស្ស​ក្មេងៗ​។ ពេល​ខ្ញុំ​រៀន ងាយស្រួល និង​អាច​ជួយ​ដល់​កុមារ​កម្ពុជា​បាន​»​។

ផារី ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ការសរសេរ​កូដ​ជា​ភាសា​មូលដ្ឋាន​នៃ​កុំព្យូទ័រ​ដែល​ត្រូវ​ប្រើ​សម្រាប់​អភិវឌ្ឍ កម្មវិធី​ទូរស័ព្ទ វេបសាយ សូហ្វវែរ ហ្គេម គំនូរជីវចល បញ្ជា​កម្មវិធី​រ៉ូបូត និង​កាមេរ៉ា​ដ្រូន​ផង​ដែរ​។ ពេល​រៀន​បាន​ខ្ពស់ ក្មេង​អាច​បង្កើត​រ៉ូបូត​ខ្លួនឯង​ដោយ​ការប្រើ Arduino និង Microchip ដោយ​គ្រាន់តែ​បន្ដ​រៀន​ភាសា​ថ្មី Arduino នៃ​ Text-based-coding​។

ពាក់មួក​ត្រចៀក​ទន្សាយ​ពណ៌​ផ្កាឈូក កុមារី សុជាតា ទេពី អាយុ ១០ ​ឆ្នាំ​ដែល​ជា​សិស្ស​ថ្នាក់​ទី​ ៤ សាលា​ឯកជន​មួយ​និយាយ​ថា​នាង​បាន​រៀន​ចប់​មេរៀន​សរសេរ​កូដ​ ១ ​វគ្គ​ដំបូង​ផ្នែក​បង្កើត​គំនូរជីវចល​។

អ្នកគ្រូ ផារី បង្រៀន​កុមារ​កម្មវិធី​សរសេរ​កូដ នៅ Champion Coders​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទេពី ប្រាប់​បន្ត​ថា​៖ «​ដំបូង​រាង​ពិបាក​បន្ដិច តែ​ពេល​នេះ​មិន​អី​ទេ​។ ខ្ញុំ​រៀន​សរសេរ​កូដ​នេះ​ព្រោះ​ចង់​ចេះ​ផលិត​ហ្គេម ដូចជា Candy Crush»​។

បើ​តាម​ស្ថាបនិក Champion Coders រូប​នេះ​ថា ការសិក្សា​ផ្នែក Block-based-coding មាន ៨ ​វគ្គ ខណៈ​វគ្គ​នីមួយៗ​មាន ១០ ​ម៉ោង​។ ប៉ុន្ដែ​បើ​កុមារ​ឆ្លាត អាច​ផ្លោះ​វគ្គ​ខ្លះ មិន​ចាំបាច់​ចំណាយពេល​រហូត​ដល់ ២ ​ឆ្នាំ​ឡើយ​។

យ៉ាងណា​មិញ​ក៏​ជួប​បញ្ហា ២ បាន​ពី​ឪពុកម្ដាយ​កុមារ​ដោយ​ពួកគេ​បារម្ភ​ពី​ផល​ប៉ះពាល់​កែវភ្នែក​កូន និង​ព្រួយ​រឿង​ខ្លាច​កូន​រៀន​មិន​ទាន់​។

ផារី ក៏​ពន្យល់​ថា​៖ «​ខ្ញុំ​ទទួលស្គាល់​ចំពោះ​ក្ដីកង្វល់​ខ្លាច​កូន​ខូច​ភ្នែក​។ តែ​យើង​មាន​តែ ១ ម៉ោង​ទេ​ក្នុង ១ ​អាទិត្យ យើង​អត់​បង្ខំ​ក្មេងៗ​ចំណាយពេល​ច្រើន​នៅ​មុខ​កុំព្យូទ័រ​ទេ​។ ពេល​ទៅ​ផ្ទះ គាត់​អនុវត្ដ​ត្រឹម​តែ ១-២ ​ម៉ោង​គ្រប់គ្រាន់​ហើយ ព្រោះ​កម្មវិធី​បំបែក​ជា​ជំហាន​តូចៗ និង​អត់​ដាក់​មេរៀន​ទាំងដុល​ដូច​នៅ​សាកលវិទ្យាល័យ​ឡើយ​។ ប្រសើរ​ជាង​ឲ្យ​ក្មេង​លេង​ហ្វេសប៊ុក Twitter និង​មើល​យូធូប​នោះ​ដែរ​។

ស្ត្រី​ជា​ស្ថាបនិក Champion Coders រូប​នេះ​បន្ដ​ថា​៖ «​អ្នក​ឆ្លាត និង​អ្នក​អត់​ឆ្លាត គឺ​សុទ្ធ​តែ​អាច​រៀន​បាន​ដូចគ្នា ដោយសារ​កម្មវិធី​នេះ​រៀបចំ​ឡើង​មិន​សម្រាប់តែ​សរសេរ​កូដ​ទេ​។ ពេល​បំបែក​ជា​ជំហាន​តូចៗ វា​នឹង​ធ្វើឲ្យ​ងាយស្រួល​រៀន និង​នៅក្នុង​ថ្នាក់រៀន​មាន​គ្រូ​ជំនួយ​យ៉ាង​ហោច​ណាស់ ២ ​នាក់​ដែរ ខណៈ​ចំនួន​សិស្ស​មាន​មិន​លើស​ពី ១៥ ​នាក់​។

ស្ថិត​នៅ​អគារ LSI ជាន់​ទី ២ ក្បែរ​ផ្សារ​ដីហុយ វិថី​ហាណូយ ខណ្ឌ​សែនសុខ Champion Coders ចាប់​ទទួល​កុមារ​ពី ៦ ទៅ ១៥ ​ឆ្នាំ​ឲ្យ​រៀន​សរសេរ​កូដ Block-based-coding លើ​តម្លៃ ១២០ ​ដុល្លារ​ក្នុង ​១ ​វគ្គ​រយៈពេល ១០ ​ម៉ោង​៕

វីដេអូ