ភ្នំពេញ៖ ជា​ឱកាស​ពិសេស​ល្អ​សម្រាប់​អ្នក​​​មាន​ចំណូល​ចិត្ត​​ខាង​សរសេរ​​អត្ថ​បែប​វិភាគ​ផ្នែក​​​សិល្បៈ​ ខណៈ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​​បើក​​វគ្គ​បណ្តុះបណ្តាល​ដំបូង​ ដែល​​ស្តី​អំពី​ «​ការ​​សរសេរ​វិភាគ​ពី​សិល្បៈ​» ​ដែល​​ជា​ការ​ផ្តល់​ការ​សិក្សា​​ឥត​គិត​​ថ្លៃ​ មាន​ចំនួន​ ២ ថ្ងៃ​​ពេញ​ ​គឺ​នៅ​ថ្ងៃទី ​​២៥-២៦ ខែ ​មិថុនា ឆ្នាំ ​២០២០ ខាង​មុខ​​ ខណៈ​ពាក្យ​សុំ​ចូល​រៀន​វិញ នឹង​​ឈប់​ទទួល​​នៅ​ត្រឹម​ថ្ងៃទី ​២៥ ខែ ​ឧសភា ឆ្នាំ ​២០២០​ ខាង​មុខ​នេះ​ហើយ​។

បើ​តាម​ការ​បង្ហើប​ពី​លោក គាត សុគីម ជា​​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​​ព័ត៌មាន ​​នៃ​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ​បាន​បង្ហើប​​ឲ្យ​​ដឹង​​​ពី​គោល​​បំណង​ និង​​​អត្ថប្រយោជន៍​នៃ​ការ​បើក​​​នូវ​វគ្គ​​​នេះ​ថា​៖​​ «នេះ​ជា​វគ្គ​​បណ្ដុះបណ្ដាល​ស្តីពី​​ ការ​​​សរសេរ​វិភាគ​ពី​សិល្បៈ ដំបូង​​គេ​ ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី​ ​២៥ ដល់​ថ្ងៃ​ទី ​២៦ ខែ ​មិថុនា​ ឆ្នាំ ២០២០​។ អ្នក​ចូល​រួម​​​នឹង​មាន​ឱកាស​ស្វែង​យល់ ​និង​​​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​អ្នក​សម្រប​​​​សម្រួល​ជា​ជនជាតិ​​ខ្មែរ​គឺ​លោក ​យាន រស្មី ដែល​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិល្បៈ ជា​គទានុរក្ស​សិល្បៈ ជា​អ្នក​ស្រាវជ្រាវ ​និង​​ជា​អ្នក​​សរសេរ។

គាត់​​មាន​បទពិសោធន៍​ច្រើន​នៅ​ក្នុង​​ការ​សរសេរ​អំពី​សិល្បៈ សម្រាប់​ទស្សនាវដ្ដី នៅ​បរទេស​ក្នុង​តំបន់ ហើយ​គាត់​ត្រៀម​​​ខ្លួន​ជា​​ស្រេច​​​​នៅ​ក្នុង​ការ​ចែក​រំលែក​ពី​ចំណេះ​​ដឹង​អំពី​ការ​សរសេរ​ប្រភេទ​​នេះ​ផង​ដែរ​ សម្រាប់​សិក្ខាកាម​ខ្មែរ​។

លោក យាន រស្មី ជាអ្នក​បណ្តុះបណ្តាលវគ្គសរសេរវិភាគសិល្បៈ​។ ហ្វេសប៊ុក​

លោក យាន រស្មី នឹង​ចែក​រំលែក​នូវ​​បទពិសោធ​របស់​លោក​ជាមួយ​នឹង​​​សិក្ខាកាម​ ពី​របៀប​សរសេរ​វិភាគ​ទៅ​លើ​ទម្រង់​សិល្បៈ​​គ្រប់​​ប្រភេទ​មិន​ថា បែប​សិល្បៈ​សម័យ​បុរាណ ឬ​សហសម័យ​នោះ​​ទេ​។​ សិក្ខាកាម​សិក្សា​វិញ​បើក​​ទូទាយ​ក្នុង​ការ​​ទទួល​ពាក្យ​ចូល​​រៀន តែ​ទទួល​​ត្រឹម​ ១២ នាក់​ប៉ុណ្ណោះ (រួម​ទាំង​​មាន​អាហារ​ថ្ងៃ​ត្រង់ អាហារ​​​​​សម្រន់ និង​​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា)។ ការ​ឈប់​ទទួល​ពាក្យ​នៅ​ត្រឹម​​ថ្ងៃទី ​២៥ ខែ ​ឧសភា ឆ្នាំ ​២០២០ ហើយ​​លក្ខខណ្ឌ​វិញ​នោះ​ សិក្ខាកាម​ត្រូវ​​ភ្ជាប់​​មក​ជាមួយ​នូវ​សំណៅ​ជា​ប្រវត្តិ​រូប​សង្ខេប​លិខិត​បញ្ជាក់​គោល​បំណង​នៃ​ការ​សិក្សា​ និង​គំរូ​​​សំណេរ ​(ប្រសិន​មាន​)»។​

បុគ្គលិក​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​លោក គាត សុគីម បាន​បន្ត​ឲ្យ​ដឹង​ថា៖ «​​​ក្រោយ​ពី​​បាន​បញ្ចប់​​វគ្គ​បណ្តុះបណ្តាល​វគ្គ​​​​​នេះ​ទៅ ​សិក្ខាកាម​ក៏​មាន​​​ឱកាស​បញ្ចេញ​ស្នាដៃ​សរសេរ​​​​វិភាគ​​សិល្បៈ​របស់​ខ្លួន ក្នុង​ពេល​ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រៀបចំ​នូវ​ព្រឹត្តិការណ៍​សិល្បៈ​ជា​ច្រើន​ នៅ​​ខែ តុលា ឆ្នាំ ​២០២០ ខាង​​​មុខ​​ផង​ដែរ»។

សម្រាប់​លោក​អ្នក​កំពុង​​ស្វែង​​រក​វគ្គ​បណ្ដុះបណ្ដាល​ពី «​ការ​​សរសេរ​វិភាគ​ពី​សិល្បៈ» នេះ​​ គ្រាន់​តែ​បំពេញ​នូវ​​​លក្ខខណ្ឌ​ងាយៗ​ប៉ុណោះ ដោយ​លោក​​​អ្នក​​​​អាច​​ផ្ញើ​នូវ​សំណៅ​​ឯកសារ​​​ ដែល​គោរព​ទៅ​តាម​លក្ខខណ្ឌ​​ទៅ​កាន់​សារ​អេឡិចត្រូនិក sokim@cambodianlivingarts.org​ ឬ​ទំនាក់ទំនង​​តាម​​​ទូរស័ព្ទ​​​លេខ​ 070 596 076 ដើម្បី​​សួរ​នាំ​ព័ត៌មាន​លម្អិត​​​បន្ថែម​ពី​ការ​ចុះ​ឈ្មោះ​ចូល​​រៀន​ជាមួយ​នឹង​អ្នក​ជំនាញ​​ខាង​​សរសេរ​សំណេរ​វិភាគ​ទៅ​លើ​សិល្បៈ​​​ជាតិ​ខ្មែរ និង​មាន​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ពី​បរទេស ​គឺ​​លោក យាន រស្មី​ មាន​បទពិសោធ​ច្រើន​៕​