The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Coding Cats បណ្ដុះ​សិស្ស​វិទ្យាល័យ​ឲ្យ​ឆ្លាត​លើស​ពី​ការបង្កើត​ហ្គេម

Coding Cats បណ្ដុះ​សិស្ស​វិទ្យាល័យ​ឲ្យ​ឆ្លាត​លើស​ពី​ការបង្កើត​ហ្គេម

Content image - Phnom Penh Post
សិស្ស Coding Cats ៨០ ភាគរយ​មកពី​សាលា​រដ្ឋ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

Coding Cats បណ្ដុះ​សិស្ស​វិទ្យាល័យ​ឲ្យ​ឆ្លាត​លើស​ពី​ការបង្កើត​ហ្គេម

ភ្នំពេញៈ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា​ពិសេស​សិស្ស​វិទ្យាល័យ​រដ្ឋ​ឲ្យ​មាន​សក្តានុពល ចេះ​ដោះស្រាយ​ចម្ងល់ ជំរុញ​ភាព​ច្នៃប្រឌិត និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​កម្មវិធី​សរសេរ​កូដ Coding Cats ជា​កម្មវិធីសិក្សា​មួយ​ដែល​បាន​បង្កើតឡើង​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ការិយាល័យ​ប្រកប​ដោយ​ភាពច្នៃប្រឌិត Raintree និង Saturday Kids ជា​កម្មវិធី​របស់​ប្រទេស​សិង្ហបុរី​គ្រប់គ្រង​ដោយ​លោក ចន តាន់ (Jonh Tan)​។

វគ្គ​បណ្ដុះបណ្ដាល​បំផុស​ចំណាប់​អារម្មណ៍​សិស្ស​ទៅ​លើ​បច្ចេកវិទ្យា​ដូចជា​ការបង្កើត​ប្រភេទ Game នេះ​ត្រូវ​បាន​កញ្ញា ចាន់ ពេញល័ក្ខ ជា​អ្នក​គ្រប់គ្រង​ផ្នែក​សហគមន៍​នៅ Raintree ប្រាប់​ឲ្យ​ដឹង​ថា​៖ «​វា​គឺជា​ការចាប់ផ្តើម​ដំបូង​ដែល​ខាង​យើង​បណ្តុះបណ្តាល​សិស្ស​ចំនួន ១០០ នាក់​សម្រាប់​ជំនាន់​ទី ១ នេះ​បែង​ចែក​ជា​ ២ ​វគ្គ​ក្នុង​ ១ ​វគ្គ​មាន​ចំនួន​ ៥០ ​នាក់ ប៉ុន្តែ​មាន​ការបែងចែក​សិស្ស​ក្នុង​ ១ ​ថ្នាក់ ២៥ ​នាក់​ដោយ​យើង​បាន​បញ្ចប់​ការបង្រៀន​ដល់​សិស្ស ២ ​ថ្នាក់​មក​ហើយ​»​។

Coding Cats ជា​កម្មវិធី​បង្រៀន​ផ្អែក​ទៅ​លើ​ការសរសេរ​កូដ​នៅ​លើ​កម្មវិធី Scratch ជា​កម្មវិធី​សម្រាប់​បង្កើត Game គ្រប់​ប្រភេទ​ដែល​អាច​ប្រើប្រាស់​បាន​នៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​សិស្ស​អាច​រៀបចំ​គំនូរ​ជីវចល​រឿង និង​ល្បែង​ដែល​អាច​មាន​ការចាប់អារម្មណ៍​ពី​អ្នកដទៃ​។ វគ្គសិក្សា​ដោយ​ឥតគិតថ្លៃ​នេះ​កំណត់​ត្រឹម​តែ ១៦ ម៉ោង​ដោយ​ក្នុង ១ សប្តាហ៍​សិក្សា​ត្រឹម​តែ ៤ ម៉ោង​ជា​​រៀងរាល់​ថ្ងៃ​សៅរ៍​តែ​ប៉ុណ្ណោះ​។

បេក្ខភាព​ចូល​រៀន​ជា​សិស្ស​វិទ្យាល័យ​មាន​អាយុ​ចាប់ពី ១៥ ទៅ ១៨ ដោយ​ជ្រើសរើស​សិស្សស្រី និង​សិស្ស​ប្រុស​ក្នុង​ចំនួន​ស្មើ​គ្នា​។

Content image - Phnom Penh Post
សិស្ស​ដែល​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល Coding Cats កាលពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា កន្លង​ទៅ​នេះ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យុវតី កាតំម វិមលីមរម្យទេពី វ័យ ១៦​ ​ឆ្នាំ​ជា​សិស្ស​ដែល​បាន​រៀន​នូវ​កម្មវិធី Coding Cats វគ្គ​ទី​ ២ បាន​ថ្លែង​មក​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ថ្ងៃ​បញ្ចប់​វគ្គ​សិក្សា​កាលពី​ថ្ងៃទី​ ២៨ ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា​៖ «​ខ្ញុំ​បាន​មក​រៀន​ជំនាញ​ Coding Cats ទី១ ដោយសារ​តែ​លោកគ្រូ​នៅ​សាលា គាត់​ចង់​ឲ្យ​សិស្ស​មាន​ចំណេះដឹង​ផ្នែក Technology ហើយ​ណាមួយ​ក៏​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​ដែរ ខ្ញុំ​គិតថា​បើសិន​ជា​ខ្ញុំ​បាន​មក​រៀន​កូដ​នៅ Raintree នេះ ខ្ញុំ​ប្រហែល​ជា​អាច​សរសេរ​កូដ Game ដូច​អ្វី​ដែល Concept ដែល​គេ​បាន​ដាក់​ឲ្យ​ធ្វើ​»​។

សិស្ស​ដែល​បាន​ជាប់​ឈ្មោះ​រៀន Coding Cats ៨០ ភាគរយ​មកពី​សាលា​រដ្ឋ ហើយ​សិស្ស​ស្ទើរតែ ៥០ ភាគរយ​មិន​ធ្លាប់​បាន​រៀន​កុំព្យូទ័រ​ពី​មុន​មក​ទេ​។ វគ្គ​សិក្សា​មាន​គ្រូ​ ១៥ នាក់​ដោយ​ក្នុង​ ១ ​ថ្នាក់ៗ​តម្រូវ​ឲ្យ​មាន​គ្រូ​ ៤ ​នាក់​ជា​ជនជាតិ​ខ្មែរ។

បន្ទាប់ពី​សិស្សានុសិស្ស​បាន​បញ្ចប់​វគ្គសិក្សា Coding Cats រយៈពេល ៥ សប្តាហ៍ សិស្ស​ទាំងអស់​អាច​រៀន​តាម​អ៊ីនធឺណិត​បន្ថែម​ដោយ​ខ្លួនឯង​បាន​តាមរយៈ​អាខោន​នៃ​កម្មវិធី Scratch ដែល​មាន​ស្រាប់ ឬ​ក៏​បន្ត​ការសិក្សា​ទាក់ទង​នឹង​បច្ចេកវិទ្យា ឬ​ព័ត៌មានវិទ្យា​នៅ​ថ្ងៃ​មុខ​។

កញ្ញា ចាន់ ពេញល័ក្ខ បាន​បង្ហាញ​ពី​គោលដៅ​បន្ទាប់​ទៀត​ថា​៖ «​យើង​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា នៅពេល​ដែល​បញ្ចប់​កម្មវិធី​សិក្សា Coding Cats ជំនាន់​នេះ​យើង​អាច​បន្ត​ទៀត​បាន​ឬទេ ព្រោះ​តែ​យើង​កំពុង​តែ​សិក្សា​បន្ថែម​ទៀត​ដែរ​ថា តើ​ពួកយើង​អាច​បន្ត​ក្នុង​មុខ​ជំនាញ​នេះ​ដដែល ឬ​មួយ​ជ្រើសរើស​ជំនាញ​ផ្សេង​មក​បង្រៀន​ដល់​យុវជន​កម្ពុជា​របស់​យើង ឲ្យ​ពួកគាត់​អាច​ចាប់​បាន​អ្វី​ដែល​ថ្មី​មុន​ពេល​អាយុ​គាត់​ត្រូវ​រៀន​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍