ក្រុងបានលុង៖ ស្ត្រីជនជាតិដើមភាគតិចទំពួនស្ថិតនៅក្នុងខេត្តរតនគិរីភាគច្រើនសុទ្ធតែពឹងផ្អែកលើតម្បាញ ដែលពួកគេប្រតិបត្តិជំនាញនេះតជំនាន់តាមបែបប្រពៃណី។
តម្បាញក្រមា និងក្រណាត់សម្លៀកបំពាក់ជាអ្វីដែលត្រូវបានចាត់ទុកជាសម្ភារប្រើប្រាស់ដដែលៗ និងមិនអាចចាប់ឱកាសទីផ្សារកាន់តែទូលំទូលាយ។
Daiku ឬ «ដៃគូ» ជាធុរកិច្ចទើបតែចាប់ផ្ដើមបង្កើតឡើងកាលពីចុងឆ្នាំ ២០១៩ ដែលមានអ្នកស្រី ហ្វេតទីម៉ា ហ្គៀល ផេនណា (Fatima Gil Pena) ជនជាតិអេស្ប៉ាញជាសហស្ថាបនិក។
Daiku ជាយីហោសម្ភារប្រើប្រាស់តុបតែងផលិតឡើងដោយដៃ រចនាប័ទ្មជនជាតិដើមភាគតិចនៅភាគឦសានប្រទេសកម្ពុជា។ រាល់ផលិតផលរបស់ Daiku សុទ្ធតែរំលេចពីដៃស្ដ្រីជនជាតិដើមភាគតិចទំពួន ដែលប្រើវត្ថុធាតុដើមចីរភាពប្រកបដោយគុណភាពខ្ពស់។
ទោះបីជាពិភពលោកកំពុងជួបវិបត្ដិកូវីដសកល ស្ថាបនិក Daiku នៅតែមានបំណងជួយដល់ស្ដ្រីទំពួនស្វែងរកដំណោះស្រាយទីផ្សារ ក៏ដូចជាផ្ដល់គំនិតថ្មីៗសម្រាប់មុខរបរពួកគេ ជាថ្នូរនឹងការផ្ដល់នូវផលិតផលគុណភាពខ្ពស់។
អ្វីដែលពិសេសក្នុងកិច្ចសហការជាមួយ Daiku នោះគឺឱកាសនៃការសិក្សារបស់យុវតីទំពួនទៅដល់កម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ។
អ្នកស្រី ហ្វេតទីម៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កន្លងមក ពួកគាត់ត្បាញសម្ភារប្រើប្រាស់តែបែបជាក្រមា និងក្រណាត់ជាដើម។ មិនមែនមានន័យថា អ្វីដែលពួកគាត់ធ្វើពេលនេះមិនស្អាតទេ ប៉ុន្តែវាមិនមែនជាអ្វីដែលអតិថិជនចង់ទិញ។ យើងគិតថា យើងចង់់ឱ្យពួកគាត់ត្បាញវត្ថុផ្សេងៗទាន់សម័យ និងមានប្រយោជន៍»។
អ្នកស្រីនិយាយថា៖ «ដូច្នេះពេលនេះគាត់មានការត្បាញចេញជាខ្សែកាតាប និងខ្សែកាមេរ៉ា ហើយវាមានការគាំទ្រច្រើន។ យើងសង្ឃឹមថា យើងអាចនាំតម្បាញរបស់ស្ត្រីជនជាតិដើមទំពួនទៅកាន់ទីផ្សារទាំងនៅភ្នំពេញ និងអន្តរជាតិ»។
ទិចនិកតម្បាញរបស់ស្ដ្រីជនជាតិដើមភាគតិចទំពួនមានលក្ខណៈស្រដៀងគ្នានឹងផលិតផលតម្បាញផលិតឡើងដោយស្ដ្រីកុលសម្ព័ន្ធនៅភាគពាយព្យប្រទេសវៀតណាម និងឡាវ។
សហស្ថាបនិករូបនេះបានបន្ថែមថា៖ «ចំពោះប្រាក់ចំណូល យើងនឹងផ្ញើជូនដល់ពួកគាត់វិញ ហើយចំណូល ១៥ ភាគរយ យើងបង្កើតជាមូលនិធិអប់រំដល់ក្មេងស្រីជនជាតិទំពួន»។
Daiku បានអះអាងពីការប្រើប្រាស់វត្ថុធាតុដើមតម្បាញមិនប៉ះពាល់ទៅដល់បរិស្ថាន ដូចជាខ្សែអំបោះ ដែលផលិតពីក្រុមគ្រួសារក្នុងសហគមន៍ និងការផលិតដោយប្រើវិធីសាស្ដ្រតម្បាញបែបប្រពៃណី ដែលត្រូវការតែម៉ាស៊ីនក្នុងដំណាក់កាលដេរភ្ជាប់ប៉ុណ្ណោះ។
យោងតាម Daiku បង្ហាញថា៖ «យើងក៏អត់ប្រើការវេចខ្ចប់ប្លាស្ទិក តែជំនួសដោយការខ្ចប់ជាក្រដាស ហើយចំពោះការដឹកជញ្ជូនទៅក្រៅប្រទេស យើងជ្រើសយកក្រដាសក្រាស់ដែលប្រើប្រាស់ឡើងវិញ»។
ក្រោមគំនិតផ្ដួចផ្ដើមមូលនិធិ ១៥ ភាគរយ នៃប្រាក់ចំណូល Daiku ជ្រើសរើសនិស្សិតស្រីទំពួនម្នាក់ក្នុងការទទួលអាហារូបករណ៍តម្លៃ ៣០០ ដុល្លារ ក្នុង ១ ឆ្នាំ និងសិស្សវិទ្យាល័យស្ដ្រីទំពួន ២ នាក់ ដោយក្នុងម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ៥០ ដុល្លារ។
អ្នកស្រី ហ្វេតទីម៉ា ថា៖ «ខ្ញុំដឹងថា ជំនួយនេះមិនច្រើនទេ តែវាកើតចេញពីចិត្តយើងចង់ជួយ ហើយនេះជាសមិទ្ធផលដែលយើងសន្សំបានពីប្រាក់ចំណូលពួកគាត់កាលពីឆ្នាំទៅមិញមកទល់ពេលនេះ»។
អ្នកស្រីបន្ដថា៖ «សំខាន់ជាងនេះ យើងចង់ផ្ដល់ឱកាសដល់ក្មេងស្រីទាំងនោះបានរៀនចប់ យ៉ាងហោចណាស់ផ្ដើមពីក្មេងស្រីម្នាក់ ដើម្បីឱ្យគាត់ជាគំរូដល់ក្មេងស្រីដទៃទៀត។ គាត់នឹងយល់ថា បើគាត់រៀន គាត់នឹងអាចមើលថែគ្រួសារ និងខ្លួនឯងបាន។ ខ្ញុំយល់ថា ពួកគាត់ខ្វះខាត និងលំបាក តែនេះជាការចាប់យកឱកាស»។
ថ្វីដ្បិតថា ក្រោយពីមានការអភិវឌ្ឍការតម្បាញទៅជាសម្ភារប្លែកថ្មី ហើយទទួលបានមតិសរសើរ និងការពេញចិត្តជាច្រើន តែអ្នកស្រីឱ្យដឹងថា ប្រាក់ចំណូលនៅតែទាប រឹតតែពិបាកពេលកូវីដមិនសូវមានភ្ញៀវទេសចរច្រើន។
អ្នកស្រីរៀបរាប់ថា អ្នកស្រីចង់ឱ្យកូនខ្មែរ និងជាតិសាសន៍ផ្សេងបានយល់ដឹងពីតម្លៃ និងអត្ថប្រយោជន៍សិប្បកម្មខ្មែរកាន់តែច្បាស់ និងជួយគាំទ្រស្នាដៃខ្មែរដ៏ល្អ។
អ្នកស្រី ហ្វេតទីម៉ា បន្ដថា៖ «នៅ Daiku អ្នកនឹងដឹងថា ទំនិញទាំងនោះមកពីណា ផលិតយ៉ាងដូចម្តេច ហើយនរណាជាអ្នកផលិត? យើងចែករំលែកជាមួយអ្នកនូវរឿងពិតនៅពីក្រោយតម្បាញនីមួយៗរួមទាំងប្រវត្តិរបស់សិប្បករផង»។
អ្នកស្រីលើកឡើងថា៖ «វាក៏ជាការចូលរួមពីអ្នកដូចគ្នាក្នុងការជួយដល់ក្មេងស្រីទាំងនោះតាមការគាំទ្ររបស់អ្នក»។
សម្រាប់ព័ត៌មានលម្អិតអំពី Daiku ឬអាហារូបករណ៍ស្ដ្រីទំពួន សុំចូលទៅកាន់វេបសាយ https://daiku.asia/ ឬហ្វេសប៊ុក @daikuasia៕